កីឡាជាតិ
ជាតិ
ទ័ព ស្វាគមន៍​ណាហ្គា ក្រោយ​វិសាខា​ទៅ​ជួប​គីរីវង់ ខណៈ​អាស៊ី​អឺរ៉ុប​ប៉ះ​ប៉ូលិស​
13, Jul 2019 , 7:59 am        
រូបភាព
កីឡាករ សឿយ វិសាល (អាវក្រហម)ប្រជែងដណ្តើមបាល់ជាមួយកីឡាករ រ៉ឹង ប៊ុនហៀង ពេលប៉ះគ្នានៅឆ្នាំ២០១៨
កីឡាករ សឿយ វិសាល (អាវក្រហម)ប្រជែងដណ្តើមបាល់ជាមួយកីឡាករ រ៉ឹង ប៊ុនហៀង ពេលប៉ះគ្នានៅឆ្នាំ២០១៨
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៥​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ កក្កដា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ត្រូវការពារ​ជ័យជម្នះ​ជាមួយ​ណាហ្គា​វើ​ល ក្រោយ​វិសាខា​ទៅ​ជួប​គីរីវង់​សុខ​សែន​ជ័យ​នៅ​ខេត្តតាកែវ ខណៈ​អាស៊ី​អឺរ៉ុប​ស្វាគមន៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​។​

 
​ក្រសួងការពារជាតិ ប៉ះ ណាហ្គា​វើ​ល វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ 
 
​នេះ​ជា​ជំនួប​ដ៏​ជកចិត្ត​និង​ទាក់ទាញ​បំផុត​ប្រចាំថ្ងៃ​សៅរ៍​នេះ ព្រោះ​ក្រុម​ទាំងពីរ​មាន​សមត្ថភាព​ខ្លាំង​និង​សម្បូរ​ធនធាន​កីឡាករ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ ការ​ប៉ះគ្នា​នៅ​ជើង​ទី​២ វា​ជា​ឱកាស​សងសឹក​សម្រាប់​ណាហ្គា​វើ​ល ដែល​ពួកគេ​បាន​ចាញ់​ក្រសួងការពារជាតិ ៤-២ នៅ​ជើង​ទី​១ ហើយ​ណាហ្គា​ក៏ត្រូវ​ការ​ឈ្នះ ដើម្បី​ពង្រឹង​ទីតាំង​លេខ​២ ដែល​ខ្លួន​កំពុង​ឈរ​ជាមួយ​៣១​ពិន្ទុ និង​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​ផងដែរ​។ ចំណែក​ក្រសួងការពារជាតិ ដែ​ស​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​២៣​ពិន្ទុ ក៏ត្រូវ​ការ​ឈ្នះ​ផងដែរ ដើម្បី​ស្តារ​មុខមាត់ ដែល​ពួកគេ​បាន​ចាញ់​អង្គ​រថា​យ​ហ្គឹ​រ ៣-១ នៅ​សប្តាហ៍​មុន​។ 
 
​អាស៊ី​អឺរ៉ុប ប៉ះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន AEU Sport Park
 
​ក្រោយ​យកឈ្នះ​វិសាខា ៣-១ នៅ​សប្តាហ៍​ទី​១១ ក្រុម​អាស៊ី​អឺរ៉ុប​មិនទាន់​អាច​ស្វែងរក​ជ័យជម្នះ​បានឡើយ​ពី​ការប្រកួត​បី​លើកចុងក្រោយ​របស់គេ​។ ផ្ទុយទៅវិញ ពួកគេ​បាន​រង​បរាជ័យ​ទាំង​៣​ប្រកួត ដោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ២-០ ក្រសួងការពារជាតិ ៤-១ និង​ណាហ្គា​វើ​ល ៦-១​។ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​១៦​ពិន្ទុ​មួយ​នេះ រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ​នៅថ្ងៃនេះ យកឈ្នះ​ប៉ូលិស ដើម្បី​ប្រជាប្រិយភាព​ឡើងវិញ ក៏ដូចជា​សងសឹក​ក្រុម​នេះ ដែល​បាន​យកឈ្នះ​ពួកគេ ៣-២ នៅ​ជើង​ទី​១​។  ចំណែក​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១១​មាន​១៣​ពិន្ទុ​ប៉ូលិស ក៏​ទាមទារ​ឈ្នះ​ផងដែរ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា ក្រោម​ថ្វី​ជើង​វិសាខា ៣-១ និង​ព្រះខ័ន​រាជ​ស្វាយរៀង ២-០​។ 
 
​គីរីវង់​សុខ​សែន​ជ័យ ប៉ះ វិសាខា វេលា​ម៉ោង​៣:៣០​នាទី​នៅ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​
 
​ក្រោយ​ឈ្នះ​កំពង់ចាម ១២-០ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​១៥​ពិន្ទុ​គីរីវង់​សុខ​សែន​ជ័យ បាន​ចាញ់​បឹងកេត ២-១ និង​ឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ១-០​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ រំពឹង​អាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ ដើម្បី​សងសឹក​វិសាខា ដែល​ពួកគេ​បាន​ចាញ់ ២-០ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​វិសាខា​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​ក្រុម​ទើប​នាំចូល​កីឡាករ​បរទេស​ថ្មី​ពីររូប​នេះឡើយ ព្រោះ​វិសាខា ជា​ក្រុម​ខ្លាំង​សម្បូរ​ធនធាន​មាន​សមត្ថភាព​។​
 
​ក្រោយ​ចាញ់​អាស៊ី​អឺរ៉ុប ៣-១ ក្រុម​សិ្ថ​ត​នៅ​លេខ​រៀង​ទី​៤​មាន​២៨​ពិន្ទុ​មួយ​នេះ​បាន​យកឈ្នះ​គូប្រកួត​៣​លើក​ជាប់​គ្នា​ជា​បន្តបន្ទាប់​ក្នុងនោះ​យកឈ្នះ​ណាហ្គា​វើ​ល ៣-២ ប៉ូលិស ៣-១ និង​សូល​ទី​ឡូ​អង្គរ ៣-២​។ បច្ចុប្បន្ន​វិសាខា​មាន​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​៕ 
 

Tag:
 Cambodian League 2019
  ទ័ព​
  វិសាខា​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com