ជាតិ
សង្គមជាតិ
​អភិបាលខេត្ត​ព្រះសីហនុ ផ្តើម​ចលនា​ប្រមូល​សំរាម​តាម​ឆ្នេរ និង​ទីសាធារណៈ​
13, Jul 2019 , 11:18 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មនុស្ស​ប្រមាណ​៥០០០​នាក់​បាន​ចូលរួម​ក្នុង​ចលនា​ប្រមូល​សំរាម​នៅតាម​ឆ្នេរ និង​ទីសាធារណៈ ក្នុង​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា នេះ​។ យុទ្ធនាការ​ប្រមូល​សំរាម​នេះ មានការ​ដឹកនាំ​ដោយផ្ទាល់​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ឯម ភាព នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ​។


 
​យុទ្ធនា​ការសំអាត​បរិ​ស្ថាន​នេះ មានការ​ចូលរួម​ពី​យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​ផងដែរ​។ បើតាម​លោក ឯម ភាព ការរៀបចំ​ឲ្យ​មាន​យុទ្ធនា​ការសំអាត​បរិស្ថាន​នេះ គឺ​ដើម្បី​បំផុសស្មារតី​ប្រជាពលរដ្ឋ​ស្រឡាញ់​បរិស្ថាន ចូលរួម​ការពារ​បរិ​ស្ថាន និង​រៀបចំ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅតាម​លំនៅឋាន ទីសាធារណៈ និង​រមណីយដ្ឋាន​នានា​។ 
 
​នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា​៖«​មិន​ត្រឹម​បណ្តុះ​ស្មារតី​ឲ្យ​ពួកគាត់​សំអាត​បរិស្ថាន​នោះទេ កម្មវិធី​នេះ​ក៏​ជួយ​ឲ្យ​ភ្ញៀវទេសចរ​មាន​ទំនុកចិត្ត​លើ​អនាម័យ​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ​»​។ 
 
​ដើម្បី​សម្រេចបាន​នូវ​បរិស្ថាន​ល្អ​នោះ គឺ​ត្រូវមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ម្ចាស់​រមណីយដ្ឋាន​នានា ទើប​អាច​ឲ្យ​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឯម ភាព​៕






 

Tag:
 សំរាម​
 ​ឆ្នេរ​
© រក្សាសិទ្ធិដោយ thmeythmey.com