ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍​ការងារ​២​ថ្ងៃ នៅ​សៀមរាប ប្រមូលផ្តុំ​ឱកាស​ការងារ​៥​ពាន់​កន្លែង​
13, Jul 2019 , 1:25 pm        
រូបភាព
សៀមរាប​៖​នៅ​ឆ្នាំនេះ ពិព័រណ៍​ការងារ និង​ផលិតភាព ត្រូវបាន​រៀបចំ​នៅ​ខេត្តសៀមរាប​។ ពិព័រណ៍​នេះ​មាន​រយៈ​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​១៣ កក្កដា ជាមួយនឹង​ឱកាស​ការងារ​៥​ពាន់​កន្លែង​។



​ពិព័រណ៍​ការងារ និង​ផលិតភាព ឆ្នាំ​២០១៩ បាន​នាំ​ឱកាស​ការងារ​ប្រមាណ​៥​ពាន់​កន្លែង សម្រាប់​អ្នក​ខេត្តសៀមរាប ដោយ​រំពឹង​មាន​អ្នកចូលរួម​ប្រមាណ​១​ម៉ឺន​នាក់​។ ពិព័រណ៍​នេះ មានការ​ចូលរួម​ពី​តាំង​បង្ហាញ​ពី​សហគ្រាស គ្រឹះស្ថាន​អប់រំ ធនាគារ ក្រសួង ស្ថាប័ន អង្គការ​ជាតិ និង​អន្ដរជាតិ និង​ក្រុមហ៊ុន​ឯកជន ប្រមាណ​៦០ ដែល​សរុប​មាន​ជាង ៦០​បញ្ជរ​។



​នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ លោក Graeme Buckley បាន​លើកឡើងថា ពិព័រណ៍​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​មាន​ភាពងាយស្រួល​ដល់​សិស្ស​និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ​ធ្វើ ជាមួយ​បណ្ដា​ក្រុមហ៊ុន និយោជក ដែលមាន​តម្រូវការ​កម្លាំង​ពលកម្ម​។ លោក​បន្ថែមថា យុវជន​អាចដាក់​ពាក្យ​ភ្លាមៗ នៅតាម​បញ្ជរ​ក្រុមហ៊ុន​ដែល​ខ្លួន​ពេញចិត្ត ក៏ដូចជា​ទទួល​បានកា​រងារ​នៅ​ទីតាំង​ផ្ទាល់​តែម្ដង​។ តាម​ការបញ្ជាក់​របស់ លោក Graeme Buckley ពិព័រណ៍​នេះ ក៏​ដើម្បី​ចូលរួម​អបអរ​ខួប​១០០​ឆ្នាំ របស់​អង្គការ ILO និង​ខួប​៥០​ឆ្នាំ នៃ​ការចូល​ជា​សមាជិកភាព​របស់​ក​ម្ពុ​ជា​ក្នុង​អង្គការ ILO ផងដែរ​។​

​យុវ​សិស្ស អ៊ុច ហ៊ីង កំពុង​ដើរ​មើល​តាម​បញ្ជរ​ពិរ​ព័រ​ណ៌​នៅពេលនោះ ចាត់ទុក​វេទិកា​នេះ ថា​មាន​សារសំខាន់ ព្រោះ​វា​បានផ្តល់​ឱកាស​ដល់​អ្នក​មិនទាន់មាន​ការងារ​ធ្វើ មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ឱកាស​ការងារ​ផ្ទាល់​នៅ​ទីតាំង​នេះ ក៏ដូចជា​បាន​ជួប​សម្ភាស​ផ្ទាល់ ជាមួយ​បណ្ដា​ក្រុមហ៊ុន​នានា​។​

​ចំណែក និស្សិត អាំ ខា វិញ ក៏​យល់ថា​ពិព័រណ៍​នេះ​មាន​ប្រយោជន៍​ដែរ​។ អាំ ខា ថា​ពិព័រណ៍​នេះ បានឱ្យ​យុវជន​ខ្មែរ ដែល​បោះបង់​ការសិក្សា និង​មាន​កម្រិតវប្បធម៌​ទាប បាន​ស្វែងយល់ ឬ​រក​ឱកាស​សិក្សា សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ណាមួយ ដែល​គេ​ចាប់អារម្មណ៍​។ ក្រៅពីនេះ និស្សិត​ដដែល ក៏​ចង់ឱ្យ​ពិព័រណ៍​នេះ មាន​ធ្វើតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន ឱ្យមាន​ការងារ​ធ្វើ ក៏ដូចជា​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ​។​



ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ នៅ​សួនច្បារ​ក្រោយ​ទី​សក្ការ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម នា​ព្រឹក​ថ្ងៃទី​១២ កក្កដា រដ្ឋលេខាធិការ​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ លោក ពេ​ជ សោភ័ណ បានចាត់ទុក​ពិព័រណ៍​នេះ ជា​វេទិកា​ការងារ តាមរយៈ​ការបង្កើត​ឱកាស​នូវ​ជួបជុំគ្នា ដោយ​ងាយស្រួល រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ទីផ្សារការងារ ការទទួលបាន​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម ដោយ​ទូលំទូលាយ ការជំរុញ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព សំដៅ​បញ្ជ្រាប​ការយល់ដឹង និង​កែប្រែ​ផ្នត់គំនិត ដើម្បី​ខិតខំ​បង្កើន​ផលិតភាព​ក្នុង​ការងារ​។

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ខេត្តសៀមរាប រៀបចំ​ពិព័រណ៍​ការងារ​នេះ​។ លើក​ទី​១​ធ្វើ​នៅ​២០១២ និង​លើក​ទី​២ ធ្វើ​ក្នុង​ឆ្នាំ​២០១៤៕
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com