ភ្នំពេញ៖ យុវជន ស្រី វិសាល ដែលមានអាយុ២៣ឆ្នាំ ធ្លាប់បាក់ទឹកចិត្តធ្ងន់ធ្ងរព្រោះបញ្ហាគ្រួសារ និងជំងឺផ្ទាល់ខ្លួន បានគូរគំនូរសហសម័យចំនួន៨ផ្ទាំង បង្ហាញពីការបាត់បង់ក្នុងសម័យខ្មែរក្រហម។ តួអង្គក្នុងគំនូររបស់ខ្លួនភាគច្រើនបំផុតរៀបរាប់ពីសិល្បករដ៏មានទេពកោសល្យ ដែលបានស្លាប់ក្នុងសម័យប្រល័យពូជសាស្ត្រ។ គំនូរបង្ហាញពីសោកនាដកម្ម ដែលខ្មែរភាគច្រើនព្យាយាមបំភ្លេចនេះ បានធ្វើឱ្យម្ចាស់ស្នាដៃរកឃើញខ្លួនឯង និងកំពុងដើរចេញពីភាពអន្តកាលដែលបានដក់ជាប់ក្នុងចិត្តគំនិតអស់ជាច្រើនឆ្នាំ។
ដើម្បីស្វែងយល់ពីការរំដោះខ្លួនចេញពីភាពបាក់ទឹកចិត្តរបស់យុវជន ស្រី វិសាល តាមរយៈស្នាដៃគំនូររបស់ខ្លួន តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
គំនូរសហសម័យចំនួន៨ផ្ទាំង ដែលតាំងពិព័រណ៍នៅក្នុងវិចិត្រ សាលសិល្បៈសហសម័យនៃវិទ្យាស្ថានស្លឹករឹត ក្រោមចំណងជើងថា“ភក់” គឺជាស្នាដៃរបស់យុវជន ស្រី វិសាល។ គំនូរទាំង៨ផ្ទាំងនេះ អាចឱ្យអ្នកទស្សនាយល់បាន ពីភាពសោកសៅ តាមរយៈបច្ចេកទេសសិល្បៈ បើទោះបីជាគេ មិនបានស្ដាប់ការពន្យល់បន្ថែម ពីសិល្បករក៏ដោយ។ វិសាល បានព្យាយាមស្រាវជ្រាវឯកសារ ដែលនៅសេសសល់តិចតួចបំផុតនៅក្នុងស្រុក ពីឯកសារបារាំង និងឯកសារពីប្រទេសថៃផង ដើម្បីរកប្រវត្តិរបស់នាដក និងនាដការបាំ ព្រមទាំងព្រះសង្ឃ ដែលមានគុណបំណាច់ដល់ជាតិ សាសនា និងវប្បធម៌ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។
រូបពិតក្នុងគំនូរ បង្ហាញពីអ្នកដែលបានបាត់បង់ជីវិតដោយបង្ខំក៏ពិតមែន ប៉ុន្តែអត្ថន័យដែលបង្កប់នៅក្នុងនោះ ម្ចាស់ស្នាដៃឧបមា ដល់ជីវិតរបស់ខ្លួនគេទៅវិញទេ។ យករឿងពីអតីតដ៏អាប់អួ មកជាកម្លាំងជំរុញទឹកចិត្ត ដើម្បីរំដោះខ្លួនចេញពីការបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ។
យុវជន ស្រី វិសាល ដែលរៀននៅក្នុងសាលាចម្រុះចំប៉ី ផ្នែកគំនូរបុរាណរូបនេះ បានពន្យល់ពីមូលហេតុ ដែលលោកដាក់ចំណងជើងពិព័រណ៍របស់ខ្លួនថា”ភក់”ដូច្នេះ៖«មូលហេតុដែលខ្ញុំដាក់ឈ្មោះថា”ភក់” គឺខ្ញុំចង់បង្ហាញពីការជោគជាំ នៃភ្លើងសង្គ្រាមនៅសម័យមុន រហូតដល់សម័យប៉ុលពត។ ខ្មែរបានបាត់បង់សាច់ញាតិជាច្រើន ក្នុងសម័យប្រល័យពូជសាស្ត្រ ប៉ុន្តែក៏មានខ្មែរមួយចំនួន បានក្រោកឈរឡើង ហើយក៏រក្សាអ្វីដែលជាខ្មែរ។ ប្រធានបទ “ភក់” គឺនិយាយពីបញ្ហាបាក់ទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំព្យាយាមដើរលើផ្លូវមួយនេះ។ ខ្ញុំព្យាយាមងើបមកវិញ ដោយខ្ញុំគិតថា នេះជាខ្លួនខ្ញុំ»។
គំនូរទាំង៨ផ្ទាំងដែល វិសាល ដាក់តាំងបង្ហាញ សុទ្ធសឹងតែមិនបង្ហាញឱ្យឃើញច្បាស់ពីសម្រស់នៅលើផ្ទៃមុខ ដូចជាគំនូរទូទៅឡើយ។ បុរសសស្ដើងរូបនេះ បញ្ជាក់ដូច្នេះ៖«ខ្ញុំបាក់ទឹកចិត្តតាំងពីឆ្នាំ២០០៣ បន្ទាប់មកខ្ញុំបាក់ទឹកចិត្តជាលើកទី២ នៅពេលដែលខ្ញុំខូចត្រចៀក។ ខ្ញុំនៅតែក្នុងបន្ទប់រយៈពេល៣ខែ។ ខ្ញុំគូររូបបែបបុរាណ តែមិនមានមុខទេ។ វាទាក់ទងនឹងផ្លូវចិត្តរបស់ខ្ញុំ។ អ្វីដែលខ្ញុំពិបាកខ្ញុំបាក់ទឹកចិត្ត គឺនៅលើរូបនោះទាំងអស់។ ពេលខ្លះបញ្ជាក់លើទម្រង់ក្បាច់ ពេលខ្លះបញ្ជាក់លើទម្រង់មុខ ហើយពេលខ្លះបញ្ជាក់លើផ្ទាំងក្រោយ»។
និស្សិតដែលបានព្យួរការសិក្សា ថ្នាក់មហាវិទ្យាល័យ នៅឆ្នាំទី៣ ដោយសារបញ្ហាជីវភាពរូបនេះ រៀបរាប់ពីប្រវត្តិរបស់នាដការបាំបុរាណ ដែលខ្លួនបានគួរដូច្នេះ៖«រូបនេះ និយាយពីព្រះនាង សុខុម។ ព្រះនាង ជានាដការបាំបុរាណ នៅឆ្នាំ១៩២៣ ឬ១៩២៤។ ទ្រង់ជាអ្នកបង្ហាត់រាំ បង្ហាត់ចម្រៀង,ជាអ្នកនិពន្ធបទភ្លេង,ជាអ្នកដំឡើងរបាំធំៗ ដួចជារបាំសុវណ្ណមច្ឆា,របាំព្រះជិនវង្ស និងរបាំសុវណ្ណហង្ស ហើយគាត់ជាអ្នកបង្កើតក្បាច់រាំ។ នៅសម័យប៉ុលពត គេធ្វើទារុណកម្មគាត់ ដោយការឆក់ និងយកទៅដាក់ក្នុងគុកងងឹត។ គំនូរនេះ ខ្ញុំចង់រំឭកគាត់មកវិញ ដើម្បីបញ្ជាក់ថា គាត់ជាគ្រូក្បាច់របាំ»។
ពន្យល់ព្រមដោយកាយវិការ លើកដៃបង្ហាញផ្ទាំងគំនូរដល់ខ្ញុំផង វិសាល ប្រាប់ថា៖«នេះជាព្រះនាងតូចមិត្ត ជាបុត្រីរបស់សម្ដេចទុយ។ ព្រះនាងជាអ្នករាំរបាំ សម្រាប់ក្មេង ដូចជារបាំបុប្ផាលោកីយ៍ របាំបួងសួង របាំសុវណ្ណមច្ឆា និងរបាំមុនីមេខាលា ហើយគាត់ក៏បានស្លាប់ក្នុងសម័យប៉ុលពត ដោយការធ្វើទារុណកម្មដែរ»។
មិនមែនត្រឹមតែសិល្បករនោះឡើយ ដែលវិចិត្រកររូបនេះស្រាវជ្រាវ យកមកបង្ហាញក្នុងពិព័រណ៍របស់ខ្លួន ប៉ុន្តែក៏មានសម្តេចសង្ឃ ដែលមានស្នាដៃច្រើនក្នុងព្រះពុទ្ធសាសនាផងដែរ។ «រូបនេះជាលោកតា ញ៉ឹក ទុយ ព្រះអង្គជាសម្ដេចសង្ឃ ដែលបកប្រែភាសាបាលី និងសំស្ក្រឹត មកភាសាខ្មែរ។ ព្រះអង្គ ជាអ្នកចារលើស្លឹករឹត។ ព្រះអង្គចេះកំណាព្យ ក៏ជាអ្នកបកប្រែគម្ពីរត្រៃវេទដែរ។ ប៉ុន្តែឯកសារដែលទាក់ទងនឹងព្រះអង្គ ប៉ុលពត បានប្រមូលដុតចោលអស់។ រូបរបស់ព្រះអង្គ នៅប្រទេសថៃគេគោរព»។
យុវជនដែលស្ថិតក្នុងគ្រួសារកសិកររូបនេះ ចង់បង្ហាញពីការវិនាសអន្តរាយគ្រប់វិស័យ នៅពេញផ្ទៃប្រទេស ហើយអ្នកចេះដឹង មានសំណាងបានរួចរស់ជីវិតតិចតួចបំផុត។ «មានសង្គ្រាមប្រទេសនីមួយៗ ត្រូវវិនាសទាំងអស់ ទាំងសិល្បករ ទាំងអ្នកប្រាជ្ញ គឺបានបាត់បង់ ក្នុងសម័យនោះទាំងអស់។ បកមកនិយាយពីលោកយាយ ធាយ គាត់ជាអ្នករក្សាក្បាច់របាំ ចង្វាក់ភ្លេង សៀវភៅភ្លេង ដូចជាបទសកវាទ៍ ដែលច្រៀងពេលអុំទូក និងពេលចូលឆ្នាំថ្មី»។
ការស្រាវជ្រាវរកឯកសារ ដែលទាក់ទងនឹងគំនូរ៨ផ្ទាំង ដែលបានដាក់តាំងបង្ហាញនេះ វិសាល បានព្យាយាមស្វែងរកគ្រប់មធ្យោបាយ ហើយឯកសារពាក់ព័ន្ធដែលនៅសេសសល់ភាគច្រើន វិសាល រកបានពីប្រទេសថៃមកវិញ។ «ឯកសារ គឺខ្ញុំសួរតាមគ្រូរបាំ ហើយខ្ញុំស្ដាប់ច្រើនគ្រូ។ បន្ទាប់មកខ្ញុំស្រាវជ្រាវតាម google តាមបណ្ណាល័យជាតិ បណ្ណាល័យបារាំង នៅសាលារចនា និងបណ្ណាល័យផ្សេងទៀត។ ឯកសារខ្លះស្រួលរក ហើយខ្លះទៀតពិបាករក។ ពេលខ្លះភាសាបារាំង និងភាសាថៃច្រើន។ ខ្ញុំពិបាកដែរ ខ្ញុំត្រូវពឹងមិត្តដែលចេះភាសាទាំងនោះ ជួយបកឱ្យខ្ញុំ»។
គំនូរអរូបី ដែលជាស្នាដៃរបស់វិចិត្រករវ័យក្មេង ប្រឹងប្រែងសម្រិតសម្រាំងអស់ពីចិត្តពីថ្លើមនេះ ធ្វើឱ្យវិសាល កាន់តែបាក់ទឹកចិត្ត ក្រោយពីវិចិត្រសាលជាច្រើន បដិសេធការតាំងបង្ហាញ។ ដំណោះស្រាយរបស់យុវជនដែលមិនមានខ្លួនជាទីពឹងរូបនេះ បានត្រឹមតែឈរយំតែប៉ុណ្ណោះ។ វិសាល បញ្ជាក់ទាំងរលីងរលោងទឹកភ្នែក៖«មុនបានមកដាក់ក្នុងវិចិត្រសាលនេះ ខ្ញុំបានទៅវិចិត្រសាលផ្សេងៗ គេមិនយកទេ គេថាខ្ញុំកាន់ប្រធានបទខុសគេ។ គេថាឱ្យខ្ញុំអាក្រក់ខ្លាំងណាស់។ ខ្ញុំបាក់ទឹកចិត្តហើយ ខ្ញុំត្រូវរងសម្ពាធទៀត។ ខ្ញុំឈរយំនៅនឹងមុខគេ ហើយជម្រាបលាគេ ដើរចេញមកផ្ទះវិញ ទាំងភាពបាក់ទឹកចិត្ត»។
វិសាល ពន្យល់បន្ថែមពីបញ្ហាគ្រួសារ៖«គ្រួសាររបស់ខ្ញុំឡើងមកភ្នំពេញ គឺមិនមានផ្ទះស្នាក់នៅទេ។ ម្ដាយឪពុករបស់ខ្ញុំ គឺជាអ្នកស្រែក្រីក្រ សូម្បីផ្ទះនៅស្រុក ក៏មិនមានដែរ។ ដូច្នេះតាំងពីខ្ញុំធំដល់ប៉ុណ្ណេះ ខ្ញុំមិនដែលឃើញឪពុកម្ដាយខ្ញុំ សប្បាយចិត្តទេ។ រហូតមកដល់ឆ្នាំ២០១៤ ខ្ញុំចាប់ផ្ដើមខូចត្រចៀក ដូច្នេះការបាក់ទឹកចិត្តរបស់ខ្ញុំ មានជាលើទី២។ ពេលដែលបាក់ទឹកចិត្តនោះ ចំពេលដែលខ្ញុំប្រឡងធ្លាក់ទី១២ទៀត តែខ្ញុំខំព្យាយាម»។
ទោះជាយ៉ាងណាក៏ដោយ បុរសកូនពៅរូបនេះ នៅតែបន្តក្ដីសង្ឃឹមក្នុងជីវិតដោយត្រដាបត្រដួស៖«ភាសាក៏ខ្ញុំមិនចេះ។ ខ្ញុំរៀន ក៏មិនពូកែ។ ខ្ញុំធ្លាក់ទី១២ ដល់ទៅ៤ឆ្នាំ។ ការបាក់ទឹកចិត្តរបស់ខ្ញុំ មិនមែនតែមួយរឿងទេ គឺច្រើនរឿង ប៉ុន្តែខ្ញុំនៅតែងើបរហូត។ ខ្ញុំគិតថា ផ្លូវងងឹតមួយនេះ គង់មានថ្ងៃណាមានពន្លឺទេ។ ពន្ទឺគង់តែភ្លឺ មកលើខ្ញុំ។ ទោះឧបសគ្គធំយ៉ាងណា ខ្ញុំត្រូវតែដើរ។ ទោះឈឺចាប់ប៉ុណ្ណា ក៏ខ្ញុំត្រូវតែទ្រាំ ដើម្បីម្ដាយឪពុកខ្ញុំ ព្រោះពួកគាត់ចាស់ៗហើយ។ ខ្ញុំមិនចង់ឱ្យគាត់ពិបាក ដោយសារខ្ញុំទៀតទេ»។
ឧបមាជីវិតរបស់ខ្លួន ទៅនឹងគំនូរដែលបង្ហាញពីការបាត់បង់ និងភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាម ប៉ុន្តែកម្ពុជា បានបន្តជីវិតមកដល់សម័យសន្តិភាព ព្រមដោយការរីកចម្រើននេះ វិសាល មានក្ដីសង្ឃឹម ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន៖«ដ្បិតគំនូរទាំងនេះ និយាយពីការបាក់ទឹកចិត្តមែន ប៉ុន្តែក៏ជាគំនូរមួយ ដែលអប់រំខ្មែរ ឱ្យស្គាល់អ្វីដែលជាខ្មែរដែរ។ ខ្ញុំចង់ឱ្យប្រជាជនខ្មែរទាំងអស់វិលមករកអ្វី ដែលជាខ្មែរ។ អ្វីដែលសំខាន់ គឺក្មេងជំនាន់ក្រោយ ដែលមានជំងឺបាក់ទឹកចិត្ត យើងត្រូវតែរកអ្វីមូយ ដែលជាក្ដីស្រមៃរបស់យើង ហើយធ្វើវាពីចំណុចសូន្យ ដល់១០០»។
វិចិត្រករវ័យក្មេង ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអារម្មណ៍របស់ខ្លួនឯងរូបនេះ ពន្យល់បន្ថែម ៖«សារដែលខ្ញុំចង់ឱ្យអ្នកមើលឃើញនោះ ខ្ញុំចង់ឱ្យខ្មែរទាំងអស់ យល់ពីប្រវត្តិសាស្ត្រខ្មែរ។ គោលបំណងរបស់ខ្ញុំ គឺចង់សើរើប្រវត្តិសាស្ត្រខ្មែរត្រឡប់មកវិញ ដាក់ក្នុងគំនូរសហសម័យរបស់ខ្ញុំ។ សារមួយទៀត ខ្ញុំចង់ឱ្យអ្នកដែលមានជំងឺបាក់ទឹកចិត្ត កុំចុះចាញ់នឹងអ្វីដែលខ្លួនបាក់ទឹកចិត្ត។ ថ្ងៃណាមួយ យើងនឹងឃើញក្ដីស្រមៃរបស់យើង ហើយយើងនឹងដើរដល់គោលដៅ ដែលយើងចង់បាន»៕