កីឡាអន្តរជាតិ
អន្តរជាតិ
ការផ្ទេរ Griezmann៖ Atletico Madrid ទារ Barcelona ឲ្យ​បង់​ផ្តាច់​២០០​លាន​អឺរ៉ូ មិនមែន​១២០​លាន​អឺរ៉ូ​ឡើយ​
13, Jul 2019 , 3:43 pm        
រូបភាព
ដោយ: រួបរួម
​ក្លិប Atletico Madrid បាន​តវ៉ា​លើ​តម្លៃ​ផ្តាច់​កិច្ចសន្យា (Buyout Clause) របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann ដែល Barcelona ប្រកាស​ជា​ឯកតោភាគី​។ Barcelona កាលពី​ថ្ងៃទី​១២ ខែកក្កដា បានប្រកាស​ពី​ការទិញ​បាន​ខ្សែប្រយុទ្ធ​ឆ្នើម Griezmann តាមរយៈ​ការចំណាយ​ប្រាក់​ចំនួន​១២០​លាន​អឺរ៉ូ (​ជាង​១៣៥​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន Atletico Madrid បាន​អះអាងថា ការចរចា​គ្នា​ធ្វើឡើង ខណៈដែល​កិច្ចសន្យា​របស់ Griezmann មានតម្លៃ​២០០​លាន​អឺរ៉ូ (​ជាង​២២៥​លាន​ដុល្លារ​អាមេរិក​)​។​

 
Antoine Griezmann នឹង​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ពោលគឺ​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ជាមួយ​ក្លិប Barcelona ក្នុងតម្លៃ​ផ្តាច់​កិច្ចសន្យា (Buyout Clause) ថ្មី ដែល​ឡើងដល់​៨០០​លាន​អឺរ៉ូ (​ជាង​៩០០​លាន​ដុល្លារ​អា​មេ​រិ​)​។  នេះ​បើតាម​ការអះអាង​របស់​ក្លិប Barcelona ដោយ​ពន្យល់ថា ក្លិប​ទើបបាន​ចំណាយ​១២០​លាន​អឺរ៉ូ ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា Griezmann ពី Atletico Madrid​។​
 
 
​អាយុ​២៨​ឆ្នាំ Griezmann ដែល​ទើប​ឈ្នះ​ពាន World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង បាន​ផ្តើម​អាជីព​ជាមួយ Real Sociedad ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៤ ហើយ​បន្តទៅ Atletico Madrid ដោយ​បង្ហាញខ្លួន​បាន​២៥៦​លើក និង​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​១៣៣​គ្រាប់ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៤ មុននឹង​ផ្ទេរ​ទៅកាន់ Barcelona នៅ​ឆ្នាំ​២០១៩​នេះ​។​
 
Griezmann ដែល​បានឈ្នះ​ពាន Europa League, UEFA Super Cup និង Supercopa de España ក៏ដូចជា​ជាប់​បេក្ខជន​៣​នាក់​ចុងក្រោយ​នៃ​ពានរង្វាន់ Ballon d’Or ពីរលើក​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Atletico Madrid នោះ បាន​ចុះកិច្ចសន្យា​បន្ថែម​៥​ឆ្នាំ​ជាមួយ​ក្លិប​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​នៅ​ខែឧសភា ឆ្នាំ​២០១៩​នេះ គេ​បានប្រកាស​ពី​ការចាកចេញ​។​
 
​តាមពិតទៅ​កិច្ចសន្យា​៥​ឆ្នាំ​របស់ Griezmann ដែល​ភាគី​ក្លិប និង​កីឡាករ បាន​ព្រមព្រៀង​នៅ​ខែមិថុនា ឆ្នាំ​២០១៨​នោះ គឺមាន​តម្លៃ​ទិញ​ផ្តាច់​ចំនួន​២០០​លាន​អឺរ៉ូ ប៉ុន្តែ​បាន​ធ្លាក់​មក​ត្រឹម​១២០​អឺរ៉ូ ដោយ​គិត​ចាប់ពី​ដើមខែ​កក្កដា នេះ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្លិប Atletico Madrid ថា ចំនួន​ដែល​ខ្លួន​ទទួលបាន គឺ​២០០​លាន​អឺរ៉ូ មិនមែន​១២០​លាន​អឺរ៉ូ​នោះឡើយ ពីព្រោះ​កិច្ច​ព្រម​រវាង Barcelona និង Griezmann កើតឡើង​តាំង​ពីមុន​ពេលដែល​តម្លៃ​ទិញ​ផ្តាច់​ធ្លាក់​ចុះទៅ​១២០​លាន​អឺរ៉ូ​។​
 
«​កិច្ចព្រមព្រៀង​នៃ​ការទិញ​ផ្តាច់​គឺ​បាន​កើតឡើង​តាំងពី​ពេលដែល​កីឡាករ​បានប្រកាស​ចាក​ចេញពី​ក្លិប​តាំងពី​ថ្ងៃទី​១៤ ខែឧសភា មកម្ល៉េះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ Atletico Madrid បន្ទាប់ពី​មេធាវី​របស់ Griezmann បង្ហាញ​វត្ត​មាននៅ​ការិយាល័យ Professional Football League ដើម្បី​តម្កល់​ប្រាក់​១២០​លាន​អឺរ៉ូ ក្នុងនាម​កីឡាករ​។​
 
​ទោះ​មានការ​ចម្រូងចម្រាស់​បែបនេះ ក៏ដោយ ក៏ Barcelona នឹង​រៀបចំ​ពិធី​បង្ហាញខ្លួន Griezmann នៅ Nou Camp នា​ថ្ងៃអាទិត្យ​៕

Tag:
 Antoine Griezmann
  Barcelona
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com