ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖ អ្នកជិះអត់មួកសុវត្ថិភាព ត្រូវឃាត់ម៉ូតូទុករហូតទាល់តែរកមួកសុវត្ថិភាពបាន
× ភ្នំពេញ៖ ថ្លែងនាពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមួយក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែកក្កដា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីវិធានការពង្រឹងច្បាប់ចរាចរណ៍ ជាពិសេសពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព។
«បើអ្នកជិះម៉ូតូ ហើយមិនពាក់មួក គឺប៉ូលិសមានភារកិច្ចឃាត់អ្នកមិនឲ្យធ្វើដំណើរតទៅទៀត សូមឲ្យអ្នកទាក់ទងរបៀបណា ឬ វិធីណាក៏ដោយ យកមួកមកពាក់សិន […] បានឲ្យទៅទៀត»។ នេះជាការព្រមានរបស់សម្តេច ស ខេង ទៅកាន់អ្នកបើកបរម៉ូតូដែលមិនចូលចិត្តពាក់មួកសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ សម្តេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាគ្រាន់តែជាការផ្អាកដំណើរបណ្តោះអាសន្នប៉ុណ្ណោះ ដោយប៉ូលិសចរាចរណ៍នឹងមិនយកម៉ូតូទុកនោះឡើយ។ ប៉ូលិសរង់ចាំម្ចាស់ម៉ូតូដោះស្រាយតាមមធ្យោបាយណាមួយដើម្បីរកឲ្យបានមួកសុវត្ថិភាព មុននឹងបន្តដំណើរទៅមុខ។
សម្តេចបានលើកឡើងថា វិធានការនេះ មិនធ្ងន់ធ្ងរនោះឡើយសម្រាប់អ្នកបើកបរទោចក្រយានយន្ត ព្រោះវាជាគោលដៅសំខាន់ក្នុងការការពារអាយុជីវិតរបស់ពួកគេ។ ក្នុងករណីពួកគេមានមួកសុវត្ថិភាពរួចទៅហើយនោះ សមត្ថកិច្ចក៏គ្មានរឿងអ្វីត្រូវចាប់ឃាត់ពួកគេនោះដែរ។
បើតាមសម្តេច ស ខេង អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងដ៏គួរឲ្យកត់សម្គាល់លើពួកបើកបរដោយមិនពាក់មួកសុវត្ថិភាពដែលមានរហូតដល់ទៅ៨០ភាគរយ៕
Tag:
មួកសុវត្ថិភាព
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com