ជាតិ
លោក ហ៊ុន ម៉ានី សរសើរទឹកចិត្តអ្នកជួយសង្រ្គោះក្នុងហេតុការណ៍រលំអគារ
13, Jul 2019 , 7:50 pm        
រូបភាព
លោក សាយ សំអាល់, លោក ហ៊ុន ម៉ានី និង​លោក គួច ចំរើន នាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង សប្បុរសជន នៅខេត្តព្រះសីហនុ
លោក សាយ សំអាល់, លោក ហ៊ុន ម៉ានី និង​លោក គួច ចំរើន នាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង សប្បុរសជន នៅខេត្តព្រះសីហនុ
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានថ្លែងសរសើរទឹកចិត្តក្រុមអ្នកជួយសង្រ្គោះក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុនាពេលកន្លងទៅ នាពិធីសំណេះសំណាល និងបានអរគុណមន្ត្រីរាជការ កងកម្លាំង សប្បុរសជន ដែលបានចូលរួមប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ។ ប្រតិបត្តិការជួយសង្រ្គោះក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ មានការចូលរួមពីកងកម្លាំង និងក្រុមអ្នកជួយសង្រ្គោះចំនួន ១៤៧២នាក់មកពី១១ស្ថាប័ន។

 
អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានចំណាយពេលនៅថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ដើម្បីជួបថ្លែងអំណរគុណដល់ក្រុមអ្នកជួយសង្គ្រោះជិត១៥០០នាក់ ដែលបានបើកប្រតិបត្តិការរើអគារដែលបានបាក់រលំហើយសម្លាប់កម្មករ និងកម្មការិនី២៨នាក់ និងបានធ្វើឲ្យរបួស២៦នាក់ផ្សេងទៀត។ អគារកម្ពស់៧ជាន់បានបាក់រលំនាពេលទៀបភ្លឺនៅថ្ងៃទី២២ខែមិថុនាកន្លងទៅ។ សម្តេចនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចុះបញ្ជានៅក្នុងបេសកកម្មជួយសង្គ្រោះនោះ នាថ្ងៃចុងក្រោយ បន្ទាប់ពីសម្តេចវិលប្រឡប់ពីកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសថៃ។
  


បេសកកម្មរបស់ក្រុមជួយសង្គ្រោះដែលមកពីអង្គភាពផ្សេង បានធ្វើឲ្យលោក ហ៊ុន ម៉ានី យល់ឃើញអំពីការស្មារតីរួមនៃការព្រួយបារម្ភ និងការចូលរួមរបស់ប្រជាជនខ្មែរនៅក្នុងការជួយសង្គ្រោះជីវិតនៃជាតិសាសន៍ឯង។ នៅចំពោះមុខក្រុមអ្នកជួយសង្គ្រោះ អ្នកតំណាងរាស្ត្រវ័យក្មេងនៅក្នុងមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងមានមោទកភាពចំពោះការលះបង់របស់ក្រុមអ្នកជួយសង្គ្រោះ និងថា នេះគឺជាសកម្មភាពគំរូមួយនៅក្នុងសង្គមកម្ពុជា។ 
  


លោក ហ៊ុន ម៉ានី ដែលអមដោយលោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិនៃគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា៖«នេះជាគំរូវីរៈភាពសម្រាប់មនុស្សជំនាន់ក្រោយ និងបានបញ្ជាក់រឹតតែច្បាស់ថា កម្ពុជាមិនមែនជាសង្គមសក់អ្នកណាក្បាលអ្នកនោះទេ។ បេសកកម្មនេះ គឺមិនមែនជាការចាត់តាំង តែជាសកម្មភាពដែលកើតចេញពីចិត្តយ៉ាងពិតប្រាកដ»។
អត្ថបទទាក់ទង



សូមរំឭកផងដែរថា ក្រុមអ្នកជួយសង្គ្រោះទាំងជិត១៥០០នាក់ បានទទួលថវិកាលើកទឹកចិត្តពីរដ្ឋាភិបាល ហើយក៏នឹងទទួលបានមេដាយពីរដ្ឋាភិបាលផងដែរ៕
 


Tag:
 ហ៊ុន ម៉ានី
  រលំអគារ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com