កីឡាជាតិ
ជាតិ
បី​ពិន្ទុ​សម្រាប់​ណាហ្គា​វើ​លដ៍ និង​វិសាខា រីឯ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​តាម​ស្មើ​នគរបាលជាតិ​
13, Jul 2019 , 11:04 pm        
រូបភាព
ខ្សែការពារជើងចាស់ ទៀង ទីនី ជាអ្នក​ស៊ុតបញ្ចូលទីគ្រាប់ទី៤សម្រាប់វិសាខា។ រូបថត CNCC
ខ្សែការពារជើងចាស់ ទៀង ទីនី ជាអ្នក​ស៊ុតបញ្ចូលទីគ្រាប់ទី៤សម្រាប់វិសាខា។ រូបថត CNCC
ដោយ: ថ្មីៗ
​ណាហ្គា​វើ​លដ៍ និង​វិសាខា សុទ្ធតែ​បាន​៣​ពិន្ទុ​រៀងៗ​ពី​ក្រុម​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​១៥​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ នា​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ខណៈ​អាស៊ី​អឺរ៉ុប ចែក​ម្នាក់​១​ពិន្ទុ​ជាមួយ​ភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ខ្សែបម្រើ​ខ្មែរ​បារាំង គួច ដា​នី បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៨២ ដែល​នាំ​ឲ្យ​ណាហ្គា​វើ​លដ៍ ឈ្នះ​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ១-០​។ ណាហ្គា​វើ​លដ៍​រក្សា​ការ​ប្រដេញ​តាម​ពីក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ការពារជាតិ បន្ត​ស្ថិតនៅ​ពាក់កណ្តាល​តារាង​។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​គិរីវង់ ខេត្តតាកែវ ក្រុម​ភ្ញៀវ​វិសាខា បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​នៅ​តង់​ទីមួយ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ajayi Opeyemi Korede រកបាន​បើកឆាក​២​គ្រាប់ ខ្សែបម្រើ​កូរ៉េខាងជើង Pak Song-chol និង​ខ្សែការពារ ទៀង ទី​នី បន្ថែម​បាន​ម្នាក់​១​គ្រាប់​។ ខ្សែបម្រើ​ប្រេ​ស៊ី​ល Marcio Santos វាយបក​បាន​១​គ្រាប់​ឲ្យ​គិរីវង់​នៅ​តង់​ទី​ពីរ​។ ជាមួយនឹង​ជ័យជម្នះ ៤-១ វិសាខា​ឡើងទៅ​ឈរ​លេខ​៣ ជំនួស​អង្គ​រថា​យ​ហ្គឹ​រ​បណ្តោះអាសន្ន ខណៈ​គិរីវង់​សុខ​សែន​ជ័យ មិនទាន់​ឆ្ងាយ​ដាច់​ពី​បាត​តារាង​ឡើយ​។​

​ដោយឡែក​នៅ​កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Souza El Silva Matheus បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​១០​នាទី​ដំបូង ប៉ុន្តែ​៥​នាទី​ដំបូង​នៅ​តង់​ទី​ពីរ ខ្សែបម្រើ​កូត​ឌី​វ័រ Coulibali Abdel Kader រក​គ្រាប់​បាល់​តាម​ស្មើ ១-១ វិញ​សម្រាប់​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​។ បច្ចុប្បន្ន​ក្រុម​ទាំងពីរ​សុទ្ធតែ​សុទ្ធ​ក្រោម​ចំណាត់ថ្នាក់​លេខ​៨៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com