អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតី និងជាមេយោធាផ្តាច់ការបង់ក្លាដែស ស្លាប់ក្នុងអាយុ៨៩ឆ្នាំ លោក Hussain Muhammad Ershad អតីតប្រធានាធិបតី និងជាមេបញ្ជាការយោធាផ្តាច់ការបង់ក្លាដែស បានទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ ។ រូបថត AFP
× លោក Hussain Muhammad Ershad អតីតប្រធានាធិបតី និងជាមេបញ្ជាការយោធាផ្តាច់ការបង់ក្លាដែស បានទទួលមរណភាពនៅថ្ងៃអាទិត្យនេះ ក្នុងអាយុ៨៩ឆ្នាំ ពោលគឺរយៈពេល១សប្តាហ៍ក្រោយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរមួយនៅក្រុងដាក្កា។
ឧត្តមសេនីយ៍ Ershad បានធ្វើជាមេបញ្ជាការយោធាបង់ក្លាដែស ចន្លោះពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨៦។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨២ លោកបានដឹកនាំរដ្ឋប្រហារទម្លាក់លោក Abdus Sattar ហើយនៅឆ្នាំ១៩៨៣ លោក Ershad ប្រកាសខ្លួនឯងជាប្រធានាធិបតី ដោយកាន់តំណែងរហូតដល់ចុងឆ្នាំ១៩៩០។
លោក Ershad ត្រូវបង្ខំឲ្យចុះចេញពីតំណែង និងត្រូវបានចាប់ដាក់ពន្ធនាគារពីបទអំពើពុករលួយ។ ទោះបីជាជាប់ពន្ធនគារគណបក្សលោកនៅតែប្រកួតប្រជែងការបោះឆ្នោត និងឈ្នះកៅអីសភាមួយចំនួនផងដែរនៅឆ្នាំ១៩៩១ និងឆ្នាំ១៩៩៦។
លោកត្រូវបានដោះលែងនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៧ ក្រោយជាប់ពន្ធនាគារ៦ឆ្នាំ។ បន្ទាប់មក គណបក្ស Jatiya Party របស់លោកបានប្រកួតប្រជែងការបោះឆ្នោតជាបន្តបន្ទាប់ ប៉ុន្តែមិនបានសំឡេងគ្រប់គ្រាន់ដឹកនាំរដ្ឋាភិបាលនោះឡើយ។ បច្ចុប្បន្ន គណបក្សដែលលោកបានបង្កើតផ្ទាល់កាលពីឆ្នាំ១៩៨៥នោះ ក្លាយជាគណបក្សប្រឆាំងដ៏ធំនៅបង់ក្លាដែស៕
© រក្សាសិទ្ធិដោយ thmeythmey.com