ភ្នំពេញ៖ លើផ្ទៃដីប្រមាណ៤ហិកតា នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក មុយ រ៉ាដូ បានដាំដុះបន្លៃ ផ្លែឈើជាច្រើនប្រភេទ ជាពិសេសប្រភេទបន្លែ និងផ្លែឈើបរទេស។ ម្ចាស់កសិដ្ឋានរូបនេះ អះអាងថា ខ្លួនអនុវត្តការដាំដុះតាមស្តង់ដារជប៉ុនដើម្បីសុវត្ថិភាពអ្នកបរិភោគ ព្រមទាំងមានរសជាតិឆ្ងាញ់។
«ការដាំបន្លែ ផ្លែឈើ មិនអាចគិតតែពីប្រាក់ចំណូលនោះឡើយ ប៉ុន្តែយើងត្រូវគិតដល់សុខភាពពលរដ្ឋទូទៅដែលជាអ្នកទិញបរិភោគ។ ពួកគាត់អាចទទួលទានជាមួយនឹងរសជាតិឆ្ងាញ់ ហើយមិនប៉ះពាល់ដល់សុខភាព»។ នេះជាការអះអាងរបស់លោក មុយ រ៉ាដូ ម្ចាស់ចំការដែលស្ថិតនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។
បន្លែ-ផ្លែឈើសុវត្ថិភាព ដែលលោករ៉ាដូដាំដុះនៅលើទំហំដីផ្សេងៗគ្នាមាន ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ទំពាំងបារាំង ស្ពៃក្តោម ស្រកានាគ ប៊័រ ត្រសក់ផ្អែម (បាឡុង) ឪឡឹកលឿងជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ពិសេសនៅរាជធានីភ្នំពេញ។
នារយៈពេល៣ឆ្នាំកន្លងមកនេះ លោករ៉ាដូ មានផ្ទៃដីដាំដុះដំណាំាទាំងនេះ៤ហិកតានៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយគ្រោងពង្រីក ១០ហិកតាបន្ថែមទៀតក្នុងស្រុកពេជ្រចន្តា នាដើមឆ្នាំ២០២០។ លោកបានបញ្ជាក់ថាផ្ទៃដី១០ហិកតានេះ គឺលោកជួលគេក្នុងកិច្ចសន្យារយៈពេលខ្លីបំផុត៧ឆ្នាំ ជាមួយតម្លៃដីជួលមួយហិកតា៣០០ដុល្លារក្នុងមួយឆ្នាំ។
លោក មុយ រ៉ាដូ បានពន្យល់ថា៖ «ហេតុផលសំខាន់ដែលខ្ញុំសប្បាយចិត្តក្នុងការបន្លែ-ផ្លែឈើសុវត្ថិភាពទាំងនេះ គឺដើម្បីផ្តល់ជូនប្រជាពលរដ្ឋទូទៅឲ្យបានទទួលទានបន្លែ ផ្លែឈើដាំក្នុងស្រុក ដែលមានរសជាតិឆ្ងាញ់និងមានសុវត្ថិភាពខ្ពស់ និងរួមចំណែកនឹងការកាត់បន្ថយនាំចូលបន្លែ ផ្លែឈើពីបរទេសផងដែរ»។
បច្ចុប្បន្នដំណាំដែលលោករ៉ាដូផ្តោតលើទីផ្សារថ្មីគឺឪឡឹកពណ៌លឿង ព្រោះមានអ្នកបញ្ជាទិញច្រើន នៅរាជធានីភ្នំពេញ។ ថ្វីដ្បិតមានអ្នកបញ្ជាទិញឪឡឹកច្រើនពីលោករ៉ាដូតាមរយៈប្អូនស្រីដែលឈរជើងលក់នៅ ភ្នំពេញក៏ពិតមែន ប៉ុន្តែកសិកររូបនេះ មានលទ្ធភាពផ្គត់ផ្គង់ឪឡឹកនេះបានតែចំនួន៤តោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
បើតាមលោក មុយ រ៉ាដូ ឪឡឹកលឿងនេះមានតម្លៃ៤៣០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃបោះដុំ រកតែឪឡឹកលក់មិនបានផង។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន កសិករវ័យ៤២ឆ្នាំរូបនេះ បានដាំឪឡឹកពណ៌លឿងជិត៥០០០គុម្ពលើផ្ទៃដី១ហិកតាកន្លះ ហើយក្នុងមួយគុម្ពឱ្យទិន្នផលពី២ទៅ៤ផ្លែ ដោយមួយផ្លែមានទម្ងន់ចន្លោះពី១,៥គីឡូទៅ៤គីឡូក្រោម ដែលនឹងត្រៀមប្រមូលផលនៅដើមខែសីហាខាងមុខនេះ។ គ្រាប់ពូជឪឡឹកសាច់ពណ៌លឿងនេះបាននាំចូលពីប្រទេសជប៉ុន ដែលមានរសជាតិឆ្ងាញ់ ផ្អែម ស្រួយជាងឪឡឹកសាច់ក្រហមទូទៅ។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey ថា លោកទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះពីមិត្តភក្តិជនជាតិជប៉ុន និងមានការគាំទ្រពីមន្ទីរកសិកម្មខេត្តមណ្ឌលគិរីផ្ទាល់។ «ការអនុវត្តដាំដុះបន្លែ ផ្លែឈើមានស្តង់ដារ និងមានសុវត្ថិភាព ដែលទទួលបានផលចំណេញច្រើនក៏ពិតមែន ប៉ុន្តែវាទាមទារដើមទុនច្រើនណាស់ ទាំងថវិការៀបចំប្រព័ន្ធស្រោចស្រព ទាំងពេលវេលាក្នុងការប្រមូលផល និងប្រើកម្លាំងកាយ-ចិត្តក្នុងការថែទាំជាប្រចាំថ្ងៃ ដើម្បីទទួលទិន្នផលល្អ»។
«ទោះបីជាហត់នឿយ និងរវល់ក៏ដោយ ប៉ុន្តែ ខ្ញុំនៅតែសប្បាយចិត្តក្នុងការធ្វើកសិកម្មទាំងនេះ ឱ្យតែផលិតផលរបស់ខ្ញុំត្រូវបានប្រជាពលខ្មែរស្គាល់ពីគុណភាព និងគុណតម្លៃ ជាមួយនឹងលើកតម្កើងផលិតផលក្នុងស្រុក ដែលជាការឆ្លើយតបនឹងកម្លាំងចិត្តខ្ញុំហើយ»។ នេះជាបង្ហាញទឹកចិត្ត និងឆន្ទៈ របស់លោកមុយ រ៉ាដូ។
កសិករវ័យ៤២ឆ្នាំរូប មានគម្រោងនាំចេញបន្លែ និងផ្លែឈើទាំងនេះ ទៅប្រទេសជប៉ុនផងដែរ ព្រោះលោកមានដៃគូសហការជាមួយជប៉ុនស្រាប់។ ប៉ុន្តែអ្វីដែលលោករ៉ាដូ ត្រូវធ្វើចំពោះមុខ គឺត្រូវពង្រីកការដាំទាំងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញទៅបរទេស៕
លោក មុយ រ៉ាដូ ជាមួយប្អូនស្រី មុយ វល័ក្ខ នៅក្នុងចម្ការការ៉ុត ខេត្តមណ្ឌលគិរី
លោក មុយ រ៉ាដូ ជាមួយមិត្តភក្តិជប៉ុន