ជាតិ
ពី​ភាគ​ឦសាន លោក រ៉ា​ដូ ដាំ​ឪឡឹក​លឿង និង​បន្លែ​ផ្លែឈើ​ផ្សេងទៀត ផ្គត់ផ្គង់​ទីផ្សារ​នៅ​រាជធានី និង​បណ្តា​ខេត្ត​
14, Jul 2019 , 2:17 pm        
រូបភាព
​ភ្នំពេញ​៖ លើ​ផ្ទៃដី​ប្រមាណ​៤​ហិកតា នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី លោក មុយ រ៉ា​ដូ បាន​ដាំ​ដុះ​ប​ន្លៃ ផ្លែឈើ​ជាច្រើន​ប្រភេទ ជាពិសេស​ប្រភេទ​បន្លែ និង​ផ្លែឈើ​បរទេស​។ ម្ចាស់​កសិដ្ឋាន​រូបនេះ អះអាងថា ខ្លួន​អនុវត្ត​ការដាំដុះ​តាម​ស្តង់ដារ​ជប៉ុន​ដើម្បី​សុវត្ថិភាព​អ្នក​បរិភោគ ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​។​

 
«​ការដាំ​បន្លែ ផ្លែឈើ មិនអាច​គិតតែ​ពី​ប្រាក់ចំណូល​នោះឡើយ ប៉ុន្តែ​យើង​ត្រូវ​គិតដល់​សុខភាព​ពលរដ្ឋ​ទូទៅ​ដែលជា​អ្នកទិញ​បរិភោគ​។ ពួកគាត់​អាច​ទទួលទាន​ជាមួយនឹង​រសជាតិ​ឆ្ងាញ់ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​»​។ នេះ​ជាការ​អះអាង​របស់លោក មុយ រ៉ា​ដូ ម្ចាស់​ចំការ​ដែល​ស្ថិតនៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​
 
​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព ដែល​លោក​រ៉ា​ដូ​ដាំ​ដុះ​នៅលើ​ទំហំ​ដី​ផ្សេងៗ​គ្នា​មាន ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ទំពាំង​បារាំង ស្ពៃ​ក្តោ​ម ស្រកានាគ ប៊័រ ត្រសក់ផ្អែម (​បា​ឡុង​) ឪឡឹក​លឿង​ជាដើម ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ពិសេស​នៅ​រាជធានី​ភ្នំពេញ​។ 
 
 
 
​នា​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ លោក​រ៉ា​ដូ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ា​ទាំងនេះ​៤​ហិកតា​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​គ្រោង​ពង្រីក ១០​ហិកតា​បន្ថែមទៀត​ក្នុងស្រុក​ពេជ្រ​ច​ន្តា នា​ដើមឆ្នាំ​២០២០​។ លោក​បាន​បញ្ជាក់ថា​ផ្ទៃដី​១០​ហិកតា​នេះ គឺ​លោក​ជួល​គេ​ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី​បំផុត​៧​ឆ្នាំ ជាមួយ​តម្លៃ​ដី​ជួល​មួយ​ហិកតា​៣០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​លោក មុយ រ៉ា​ដូ បាន​ពន្យល់ថា​៖ «​ហេតុផល​សំខាន់​ដែល​ខ្ញុំ​សប្បាយចិត្ត​ក្នុងការ​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព​ទាំងនេះ  គឺ​ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បានទទួល​ទាន​បន្លែ ផ្លែឈើ​ដាំ​ក្នុងស្រុក ដែលមាន​រសជាតិ​ឆ្ងាញ់​និង​មាន​សុវត្ថិភាព​ខ្ពស់ និង​រួមចំណែក​នឹង​ការកាត់បន្ថយ​នាំចូល​បន្លែ ផ្លែឈើ​ពី​បរទេស​ផងដែរ​»​។ 
 
​បច្ចុប្បន្ន​ដំណាំ​ដែល​លោក​រ៉ា​ដូ​ផ្តោតលើ​ទីផ្សារ​ថ្មី​គឺ​ឪឡឹក​ពណ៌​លឿង ព្រោះ​មាន​អ្នកបញ្ជា​ទិញ​ច្រើន នៅ​រាជធានី​ភ្នំពេញ​។ ថ្វី​ដ្បិត​មាន​អ្នកបញ្ជា​ទិញ​ឪឡឹក​ច្រើន​ពី​លោក​រ៉ា​ដូ​តាមរយៈ​ប្អូនស្រី​ដែល​ឈរជើង​លក់​នៅ ភ្នំពេញ​ក៏ពិតមែន ប៉ុន្តែ​កសិករ​រូបនេះ មានលទ្ធភាព​ផ្គត់ផ្គង់​ឪឡឹក​នេះ​បានតែ​ចំនួន​៤​តោន​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។ 
 
​បើតាម​លោក មុយ រ៉ា​ដូ ឪឡឹក​លឿង​នេះ​មានតម្លៃ​៤៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​បោះ​ដុំ រកតែ​ឪឡឹក​លក់​មិនបាន​ផង​។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន កសិករ​វ័យ​៤២​ឆ្នាំ​រូបនេះ បាន​ដាំ​ឪឡឹក​ពណ៌​លឿង​ជិត​៥០០០​គុម្ព​លើ​ផ្ទៃដី​១​ហិកតា​កន្លះ ហើយ​ក្នុង​មួយ​គុម្ព​ឱ្យ​ទិន្នផល​ពី​២​ទៅ​៤​ផ្លែ ដោយ​មួយ​ផ្លែ​មាន​ទម្ងន់​ចន្លោះ​ពី​១,៥​គីឡូ​ទៅ​៤​គីឡូ​ក្រោម ដែល​នឹង​ត្រៀម​ប្រមូល​ផល​នៅ​ដើមខែ​សីហា​ខាងមុខនេះ​។  គ្រាប់ពូជ​ឪឡឹក​សាច់​ពណ៌​លឿង​នេះ​បាន​នាំចូល​ពី​ប្រទេស​ជប៉ុន ដែលមាន​រសជាតិ​ឆ្ងាញ់ ផ្អែម ស្រួយ​ជាង​ឪឡឹក​សាច់​ក្រហម​ទូទៅ​។ 
 
 
 
​លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន ThmeyThmey ថា លោក​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ដុះ​ពី​មិត្តភក្តិ​ជនជាតិ​ជប៉ុន និង​មានការ​គាំទ្រ​ពី​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ផ្ទាល់​។ «​ការអនុវត្ត​ដាំ​ដុះ​បន្លែ ផ្លែឈើ​មាន​ស្តង់ដារ និង​មាន​សុវត្ថិភាព ដែល​ទទួលបាន​ផលចំណេញ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​វា​ទាមទារ​ដើមទុន​ច្រើនណាស់ ទាំង​ថវិកា​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព ទាំង​ពេលវេលា​ក្នុងការ​ប្រមូល​ផល និង​ប្រើ​កម្លាំងកាយ​-​ចិត្ត​ក្នុង​ការថែទាំ​ជាប្រចាំ​ថ្ងៃ  ដើម្បី​ទទួល​ទិន្នផល​ល្អ​»​។  
 
«​ទោះបីជា​ហត់នឿយ និង​រវល់​ក៏ដោយ ប៉ុន្តែ ខ្ញុំ​នៅតែ​សប្បាយចិត្ត​ក្នុង​ការធ្វើ​កសិកម្ម​ទាំងនេះ ឱ្យតែ​ផលិតផល​របស់ខ្ញុំ​ត្រូវបាន​ប្រជា​ពល​ខ្មែរ​ស្គា​ល់ពី​គុណភាព និង​គុណ​តម្លៃ ជាមួយនឹង​លើកតម្កើង​ផលិតផល​ក្នុងស្រុក ដែលជា​ការឆ្លើយតប​នឹង​កម្លាំងចិត្ត​ខ្ញុំ​ហើយ​»​។  នេះ​ជា​បង្ហាញ​ទឹកចិត្ត និង​ឆន្ទៈ របស់លោក​មុយ រ៉ា​ដូ​។​
 
​កសិករ​វ័យ​៤២​ឆ្នាំ​រូប មាន​គម្រោង​នាំចេញ​បន្លែ និង​ផ្លែឈើ​ទាំងនេះ ទៅ​ប្រទេស​ជប៉ុន​ផងដែរ ព្រោះ​លោក​មាន​ដៃគូ​សហការ​ជាមួយ​ជប៉ុន​ស្រាប់​។ ប៉ុន្តែ​អ្វីដែល​លោក​រ៉ា​ដូ ត្រូវធ្វើ​ចំពោះមុខ គឺ​ត្រូវ​ពង្រីក​ការដាំ​ទាំងនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ឈានដល់​ការនាំ​ចេញទៅ​បរទេស​៕










លោក មុយ រ៉ាដូ ជាមួយប្អូនស្រី មុយ វល័ក្ខ នៅក្នុងចម្ការការ៉ុត ខេត្តមណ្ឌលគិរី


លោក មុយ រ៉ាដូ ជាមួយមិត្តភក្តិជប៉ុន
 

Tag:
 កសិកម្ម​
  បន្លែ​
  ផ្លែឈើ​
  សុវត្ថិភាព​
  សុខភាព​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com