​គួរ​ធ្វើ​បែបណា​នៅពេល​កីឡាករ​ជើងចាស់​ឆ្នើមៗ លាចាក​សង្វៀន​ទៅ​ប្រកប​របរ​ផ្សេង​?
ONE Championship
កីឡាជាតិ
ជាតិ
​គួរ​ធ្វើ​បែបណា​នៅពេល​កីឡាករ​ជើងចាស់​ឆ្នើមៗ លាចាក​សង្វៀន​ទៅ​ប្រកប​របរ​ផ្សេង​?
14, Jul 2019 , 10:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី 
 
​បច្ចុប្បន្ននេះ​គេ​ឃើញ​មាន​កីឡាករ​គុន​ជម្រុះ​ជើងចាស់​ជាច្រើន​បាន​លាចាក​ចេញពី​សង្វៀន​ដើម្បី​ទៅ​ប្រកបមុខរបរ​ផ្សេង​ចិញ្ចឹមជីវិត​និង​គ្រួសារ ដូចជា មាស ម៉ើ​, ស សី​, ស៊ឹម ប៊ុន​ស្រន់ ឬ ថៃ រិទ្ធី ជាដើម ដោយ​ផ្អែកលើ​ហេតុផល​ផ្សេងៗ​គ្នា​។ តើ​សហព័ន្ធ និង ក្លិប​ពាក់ព័ន្ធ​គិតគូរ​យ៉ាងណា​ចំពោះ​កីឡាករ​ជើងចាស់​ទាំងនេះ​?

 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​ថ្លែង បែបនេះ ការពិត​ណាស់​កីឡាករ​ជើងចាស់​ទាំងនោះ​ក៏​ស្ថិតនៅ​ក្លិប Cambodian Top Team ហើយ មាន​កីឡាករ ស សី​, មាស ម៉ើ និង ស៊ឹម ប៊ុន​ស្រន់ បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជា​សមាជិក​របស់​សហព័ន្ធ​ដែរ​។ ការដែល​នៅ​ប្រកួត​កើត ឬ អត់​របស់ មាស ម៉ើ ស៊ឹម ប៊ុន​ស្រន់ ឬ ស សី អាស្រ័យ​លើ​ក្លិប​របស់​ពួកគេ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ សហព័ន្ធ​និង​ក្លិប​ត្រូវ​រួមដៃគ្នា​ដើម្បី​ស្វែងរក​ផលចំណេញ​ពីបទ​ពិសោធ​ជោគជាំ​របស់​ពួកគេ ពីព្រោះ​កីឡាករ​ជើងចាស់​ទាំងនេះ​ជា​កីឡាករ​គុន​ចម្រុះ​ជំនា​ន់ទី​១​របស់​កម្ពុជា ដែល​ទទួលបាន​បទពិសោធ​ន៍​ច្រើន ក្រោយ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដូចជា​នៅ​ប្រទេស ថៃ និង សង្វៀន ONE ជាដើម​។ 
 
​ឆ្លើយតប​នឹង​ប្រធានបទ​នេះដែរ ប្រធាន​ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទ​រាជ្យ បង្ហើប​ដូច្នេះ ៖«​ខ្ញុំ​ឧស្សាហ៍​ហៅ​ពួកគាត់​មកវិញ​ដើម្បី​ហ្វឹកហាត់​ដែរ ប៉ុន្តែ​ពួកគាត់​មិន​អាចមក​បាន​ព្រោះ​បញ្ហា​គ្រួសារ និង​រកស៊ី​រៀងៗ​ខ្លួន ខ្ញុំ​មិនអាច​បង្ខំ​បានដែរ​។ យ៉ាងណាក្ដី ខ្ញុំ​នៅតែ​ជួយ​ជ្រោមជ្រែង អត់​ភ្លេច​ពួកគាត់​ទេ និង អាចជួយ​ជា​ឧបករណ៍​ហ្វឹកហាត់​នៅ​ក្លិប​មូលដ្ឋាន​របស់​ពួកគាត់ បើសិន​ពួកគាត់​ចង់​ជួយ​បណ្ដុះ​ក្មេងៗ​ជំនាន់​ក្រោយ​។ ហើយ​ខ្ញុំ​ក៏​គិត​ដែរ​ថា កន្លែង​ណា​ដែល​ឲ្យ​គាត់​អាចជួយ​ការងារ​របស់​ក្លិន និង សហព័ន្ធ MMA យើង​បាន​»​។ ប្រធាន​ក្លិប និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​រូបនេះ​បញ្ជាក់ទៀតថា បើ​លោក​ផ្ទាល់​មានលទ្ធភាព​កាន់តែច្រើន លោក​នឹង​ជួយ​កាន់តែច្រើន​ទៅ​តាមតែ​អាចធ្វើ​ទៅបាន​។ ជាក់ស្ដែង កីឡាករ​ជើងចាស់ ស សី បាន​បើក​បង្ហាត់​ក្មេងៗ​ជាង ១០ នាក់​នៅ​ស្រុកកំណើត​ស្ថិតនៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ ស សី ក៏​ទទួលបាន​ការឧបត្ថម្ភ​ជា​សម្ភារ​មួយចំនួន​ពី​គ្រូបង្វឹក​ហ៊ុន ច័ន្ទ​រាជ្យ​ដែរ​។  


 
​ចំណែក មាស ម៉ើ រវល់​រត់​តាក់ស៊ី​ដើម្បី​ចិញ្ចឹម​គ្រួសារ ក្រោយ​ចេញពី​សង្វៀន​តាំង​ចុងឆ្នាំ ២០១៨​។ គ្រូបង្វឹក​រូបនេះ​បាន​ទទូច​ឲ្យ មាស ម៉ើ ត្រលប់​មកវិញ​ដែរ​ដើម្បី​ចាប់​គូ​ឲ្យ​ប្រកួត ប៉ុន្តែ​រូបគេ​មិនមាន​ពេល​គ្រប់គ្រាន់ ខណៈដែល ស៊ឹម ប៊ុន​ស្រន់ ក៏​រវល់​ការងារ​រកស៊ី មិនសូវ​បាន​ហាត់​ដិតដល់​ដូច​មុន​។ 
 
​រីឯ ថៃ រិ​ទ្ធ វិញ​បាន​លាចាក​ពីស​ង្វៀន ប៉ុន្តែ​រូបគេ​បាន​ទៅ​បង្ហាត់​គុន​ខ្មែរ​នៅ​ទឹកដី​ខេត្តសៀមរាប​។ យ៉ាងណាក្ដី លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​អំពាវនាវ​ដល់​កីឡាករ MMA ដែល​ឡើង​ប្រកួត​លែងកើត ឬ ជាប់រវល់​ឲ្យ​ចូលរួម​បណ្ដុះបណ្ដាល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ថ្ងៃ​ណាមួយ​។ 
 
​លោក​បន្តថា បើសិន​កីឡាករ​ជើងចាស់​មានលទ្ធភាព​បើក​ក្លិប​នៅ​មូលដ្ឋាន​ពិតជា​ល្អ​ណាស់ ហើយ លោក​នឹងចូលរួម​ជួយ​តាម​លទ្ធភាព ដូចជា សម្ភារ​ហ្វឹកហាត់ មាន​តា​ពី ហ្គ​ង់ បាវ​សាក់ ស៊ី​ប ឬ អាចជួយ​អង្ក​រហូត​ប្រចាំខែ​ទៀតផង​។ 
 
​បន្ថែម​ពីលើ​នេះ លោក កែ ប៊ិន​សូរ​ស្មី បាន​ថ្លែង​ដែរ​ថា ៖«​នេះ​ជា​ហេតុផល​មួយ​ដែល​យើង​ត្រូវការ​សហព័ន្ធ​ដ៏​ខ្លាំងក្លា​មួយ​។ យើង​មិន​ចង់ឃើញ​កីឡាករ​របស់​យើង​ទើប​ឡើង​វ៉ៃ​បាន ពីរ​ឬ​បី​ប្រកួត​ហើយ​ចាកចេញ​នោះទេ​។ យើង​ចង់​ធ្វើ​ឲ្យ​ច្បាស់លាស់​ថា កីឡាករ​ទទួលបាន​ប្រាក់ចំណូល​ត្រឹមត្រូវ​មួយ​ពី​ការឡើង​សង្វៀន​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​មិនទាន់​ដល់​ចំណុច​នេះឡើយ​»​។ 
 
​លោក​សង្កត់ធ្ងន់ថា ៖«​សូម​បង្កើត​ភាព​ជឿជាក់ថា​យើង​ធ្វើបាន​។ ពេល​យើង​មាន​សហព័ន្ធ​ខ្លាំង យើង​អាច​ការពារ​ស្ថានភាព និង ផលប្រយោជន៍ កីឡាករ​របស់​យើង ហើយ ជំរុញ​ឲ្យ​ពួកគេ​អាច​ឈានដល់​កម្រិតស្ដង់ដា​រ​មិន​ខាន​។ យើង​ចង់​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​អាច​ក្លាយជា​អាជីព​ពិតប្រាកដ​ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ជាមួយនឹង​ក្ដី​ស្រលាញ់​កីឡា​គុន​ចម្រុះ​របស់​យើង​»​។ 
 
​គួរ​ដឹង​ដែរ​ថា សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ទើបត្រូវ​បង្កើតឡើង​កាល​ខែ តុលា​ឆ្នាំ ២០១៨ ប៉ុន្តែ​សហព័ន្ធ​សម្រេចបាន​លទ្ធផល​ការងារ​ជាច្រើន​ដូចជា​ទំនាក់ទំនង​អន្តរជាតិ ទទួល​ការចុះឈ្មោះ​ក្លិប​ជា​ផ្លូវការ​រហូតដល់ ២២ ក្លិប ក្នុងនោះ​មាន​ក្លិប​ក្រៅប្រទេស​ចំនួន ៤ មកពី កាណាដា អូស្ត្រាលី អាមេរិក និង បារាំង​។ សហព័ន្ធ​មាន​វិ​ប​សាយ​ផ្ទាល់ខ្លួន និង បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្លិប​នៅក្រោម​ឱវាទ​៕ 



Tag:
 ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម