ជាតិ
សង្គមជាតិ
លោក សៅ សុខា៖ អ្នកធំ-អ្នកតូច ឲ្យតែប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវប្រឈមនឹងច្បាប់ដូចគ្នា
15, Jul 2019 , 9:46 am        
រូបភាព
លោក សៅ សុខា ថ្លែងក្នុងពិធីរម្លឹកខួបលើកទី២៦នៃទិវាកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ (រូបពីលោក​ អេង ហ៊ី)
លោក សៅ សុខា ថ្លែងក្នុងពិធីរម្លឹកខួបលើកទី២៦នៃទិវាកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ (រូបពីលោក​ អេង ហ៊ី)
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដាស់តឿនអ្នកលួចរកស៊ីកាប់ឈើថា មិនថាអ្នកធំឬអ្នកតូច អ្នកមានឬអ្នកក្រនោះទេ គឺមានភាពស្មើគ្នាចំពោះមុខច្បាប់។ លោក ព្រមានថា ឲ្យតែរកឃើញថាប្រព្រឹត្តបទល្មើព្រៃឈើ នឹងត្រូវបង្ក្រាបទាំងមនុស្សនិងមធ្យោបាយ។



លើសពីនេះ មេកងរាធអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានរម្លឹកទៅមន្ត្រីផងដែរថា នឹងត្រូវចាត់វិធានការដូចគ្នា បើរកឃើញថាផ្សំគំនិតឬពាក់ព័ន្ធនឹងបទល្មើសព្រៃ។ តាមរយៈបណ្តាញសង្គម លោក បានសរសេរដូច្នេះថា៖«បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបរកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបរមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់»។

ថ្មីៗនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ ដោយបានចាប់ឧកញ៉ា ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រួមទាំងរថយន្តដឹកឈើដល់ទៅជាង៤០គ្រឿង។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ថា ឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នាទាំង៣នាក់នោះ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។

លោក បន្តថា ទន្ទឹងនេះ កម្លាំងសមត្ថកិច្ច កំពុងតាមចាប់មនុស្ស៤នាក់ផ្សេងទៀត។ យ៉ាងណា លោក មិនទាន់អាចបញ្ចេញអត្តសញ្ញាណរបស់ពួកគេឡើយ ដោយលើកហេតុផលថា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត។ ចំណែករថយន្តដែលចាប់បានទាំងនោះ ត្រូវបានកម្ទេចចោលមួយចំនួនហើយ ហើយមួយចំនួនទៀត នឹងត្រូវកម្ទេចចោលតាមក្រោយ៕ 

អត្ថបទទាក់ទង

Tag:
 សៅ សុខា
  បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com