កីឡាអន្តរជាតិ
អន្តរជាតិ
Africa Cup៖ Mahrez ស៊ុត Free kick ដ៏​អស្ចារ្យ នាំ​អាល់​ហ្សេ​រី​ទៅ​ជួប​សេ​ណេ​ហ្គា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
15, Jul 2019 , 11:39 am        
រូបភាព
​ការទា​ត់បាល់​ពិន័យ Free-kick ដ៏​ល្អ​របស់ Riyad Mahrez នៅ​ចុង​ម៉ោង​បាន​ជួយ​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល់​ហ្សេ​រី​យកឈ្នះ​នី​ហ្សេ​រី​យ៉ា​ដោយ​លទ្ធផល ២-១ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​តំបន់​អាហ្វ្រិក Africa Cup of Nations ឆ្នាំ​២០១៩ ដែល​ត្រូវ​តទល់​ជាមួយ​សេ​ណេ​ហ្គា​ល់​។​


 
​នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​កីឡដ្ឋាន Cairo Int'l Stadium យប់​ថ្ងៃទី​១៤ ខែកក្កដា ខ្សែការពារ William Troost-Ekong បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៤០ បន្ទាប់ពី Mahrez ទាត់​បាល់​កាត់​ពី​ជ្រុង​ខាងស្តាំ​ចូលទៅ​មុខ​ទី​របស់​នី​ហ្សេ​រី​យ៉ា​ដែល​ធ្វើ​ឲ្យ​អាល់​ហ្សេ​រី​នាំមុខ ១-០​។​
 
​ឈានដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរ​ដល់​នាទី​៧២ នី​ហ្សេ​រី​យ៉ា​បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​តាមរយៈ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ពី​ខ្សែប្រយុទ្ធ Odion Ighalo ក្រោយ VAR ពិនិត្យឃើញថា​ខ្សែការពារ Aissa Mandi របស់​អាល់​ហ្សេ​រី​ធ្វើ​ឲ្យ​មាន​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់​។​
 
​យ៉ាងណាក៏ដោយ​ការប្រកួត​បាន​ឈានដល់​ម៉ោង​បន្ថែម​៩០+ ទៅហើយ ខ្សែបម្រើ​របស់​ក្រុម Manchester City ដែល​បង្កើត​ឲ្យ​កាស​ឲ្យ​មាន​គ្រាប់​បាល់​ដំបូង​សម្រាប់​អាល់​ហ្សេ​រី​នោះបាន​បន្ថែម​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ការទា​ត់បាល់ Free kick ដ៏​អស្ចារ្យ​ដើម្បី​ជួយ​ក្រុម​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-១ ហើយ​បាន​កៅអី​ទៅ​ដណ្តើមពាន​ប្រចាំ​តំបន់​អាហ្វ្រិក​ឆ្នាំ​២០១៩ ដែល​អេ​ហ្ស៊ី​ប​ធ្វើ​ម្ចាស់ផ្ទះ​នេះ​។​
 
​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ អាល់​ហ្សេ​រី​ត្រូវ​ជួប​សេ​ណេ​ហ្គា​ល់​ដែល​ទម្លាក់​ទុយ​នី​ស៊ី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល ១-០ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​។ នី​ហ្សេ​រី​យ៉ា​ត្រូវ​ប្រជែង​ជាមួយ​ទុយ​នី​ស៊ី​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​៣ ឬ​មេដាយ សំរឹទ្ធ នៃ​ព្រឹត្តិការណ៍​នេះ​នៅមុន​ពីថ្ងៃ​នៃ​ជំនួប​ផ្តាច់ព្រ័ត្រ​៕



Tag:
 បាល់ទាត់​
  Riyad Mahrez
  Africa Cup
  អាល់​ហ្សេ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com