អន្តរជាតិ
លោក ម៉ា​ក្រុង ប្រកាស​បង្កើត​កងកម្លាំង​អវកាស ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​
15, Jul 2019 , 12:55 pm        
រូបភាព
លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (AFP)
លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (AFP)
ដោយ:
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បានប្រកាស​នៅ​ថ្ងៃទី​១៣ ខែកក្កដា ថា លោក​បានអនុម័ត​ការបង្កើត​បញ្ជាការ​អវកាស ដោយ​ស្ថិតក្នុង​កងកម្លាំង​ជើង​អាកាស​បារាំង​។ ការបង្កើត​កងកម្លាំង​អវកាស​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​ប្រទេស​នេះ​។

 
​ថ្លែង​នៅមុខ​កង​យោធា​បារាំង ដែល​ប្រមូល​ផ្តុំគ្នា​នៅមុន​ទិវា​បុណ្យជាតិ​បារាំង ថ្ងៃទី​១៤ ខែកក្កដា លោក​ប្រធានាធិបតី ម៉ា​ក្រុង បាន​បញ្ជាក់ថា​៖ «​ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ និង​ការពង្រឹង​សមត្ថភាពរ​បស់​យើង​ក្នុង​ដែន​អវកាស បញ្ជាការ​កម្រិត​ខ្ពស់​សម្រាប់​អវកាស នឹងត្រូវ​បង្កើតឡើង នា​ខែកញ្ញា​ខាងមុខ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​បារាំង​វ័យ ៤១​ឆ្នាំ​រូបនេះ បាន​ហៅ​កងកម្លាំង​ទទួលបន្ទុក​កិច្ចការ​អវកាស​នេះ​ថា​ជា «​បញ្ហា​សន្តិសុខ​ជាតិ​ពិតប្រាកដ​»​។ ត្រង់ចំណុច​នេះ លោក បន្ថែមថា កាលពី​ឆ្នាំនេះ លោក ធ្លាប់បាន​លើកឡើង​ពី​តម្រូវការ​យ៉ាង​ចាំបាច់​សម្រាប់​យុទ្ធសាស្ត្រ​ដើម្បី​ការពារ​អវកាស ហើយ​ការបង្កើត​កម្លាំង​អវកាស​នេះ គឺជា​លទ្ធផល​។​
 
«​យើង នឹង​ពង្រឹង​ចំណេះដឹង​អំពី​ស្ថានការណ៍​ក្នុង​ដែន​អវកាស ហើយ​យើង នឹងមាន​សមត្ថភាព​កាន់តែ​ប្រសើរ​ជាង​មុន ដើម្បី​ការពារ​ផ្កាយរណប​របស់​យើង​យ៉ាងសកម្ម​បំផុត​»​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក​ប្រធានាធិបតី ម៉ា​ក្រុង ដោយ​បន្ថែមថា រដ្ឋមន្ត្រី​ការពារ​បារាំង លោកស្រី Florence Parly  នឹង​ស្រាយ​បំភ្លឺ​លម្អិត​អំពី​គម្រោង​នេះ នាពេល​ក្រោយ​ទៀត​។ 
 
​ចំណាប់អារម្មណ៍​របស់​បារាំង​ក្នុងការ​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ក្នុង​ដែនអាកាស ត្រូវបាន​ប្រកាសឡើង ក្រោយពី​គំនិត​ផ្តួចផ្តើម​ដូចគ្នា ត្រូវបាន​ដាក់ចេញ​ដោយ​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី​បន្តបន្ទាប់​គ្នា​។ 
 
​អ្នកតាមដាន​អន្តរជាតិ​ជាច្រើន សម្លឹង​ឃើញថា សកម្មភាព​យោធា​នានា រួមមាន ផ្កាយរណប​ចារកម្ម សម្ភារ​រំខាន និង​តាម​ចាប់​ទីតាំង ព្រមទាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កំពុង​ត្រូវបាន​ប្រទេស​មហាអំណាច​បង្កើតឡើង​យ៉ាងច្រើន​ក្នុង​គន្លង​ជុំវិញ​ផែនដី​។ 
 
​ខណៈ​ខ្លួន មាន​ភ្នាក់ងារ​អវកាស​ចំណាស់​បំផុត​លំដាប់​ទី​៣​លើ​ពិភពលោក បារាំង បានចាប់ផ្តើម​យកចិត្តទុកដាក់​លើ​កិច្ចការ​អវកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ តាម AFP ក្រុងប៉ារីស មាន​គម្រោង​ចាយលុយ ៤​ពាន់​លាន​ដុល្លារ​ចន្លោះ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០១៥ សម្រាប់​កិច្ចការពារ​ក្នុង​ដែន​អវកាស​។ ហើយ​ក្នុង​ខែធ្នូ ឆ្នាំ ២០១៨ ខ្លួន បានដាក់​ដំណើរការ​ផ្កាយរណប​តាមដាន​យោធា​ថ្មី​មួយ ឈ្មោះថា CSO-1 ​។ 
 
​តាមពិតទៅ ផែនការ​បង្កើត​បញ្ជាកា​រ​អវកាស​ថ្មី​របស់​បារាំង​នេះ មើលទៅ​ស្រដៀង​នឹង បញ្ជាការ​អវកាស​សហរដ្ឋអាមេរិក ដែលជា​ផ្នែក​មួយ​របស់​យោធា​អាមេរិក បង្កើតឡើង​ដំបូង ក្នុង​ឆ្នាំ​១៩៨៥ ដើម្បី​តាមដាន និង​សម្របសម្រួល​ប្រតិបត្តិការ​របស់​ផ្កាយរណប​។  យ៉ាងណាមិញ បញ្ជាការ​អវកាស​នេះ ត្រូវបាន​បិទ​ចោល និង​បញ្ចូល​ទៅក្នុង​បញ្ជាការ​យុទ្ធសាស្ត្រ​អាមេរិក ក្រោយពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១១​។ 
 
​ទោះជា​បែបនេះ​ក្តី កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឲ្យ​ក្រសួង​ការពារ​អាមេរិក បង្កើត​បញ្ជាការ​អវកាស​ថ្មី​មួយ​ដាច់ដោយឡែក ហើយ​ពេញលេញ ដែល​ស្គាល់​ថា «​កងកម្លាំង​អវកាស​»៕​

Tag:
 បារាំង​
  កងកម្លាំង​អវកាស​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com