អន្តរជាតិ
ជាង៥ឆ្នាំក្នុងអំណាច រដ្ឋាភិបាលយោធាថៃ ដល់ថ្ងៃអវសាន នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
× ថ្ងៃទី១៥ ខែកក្កដានេះ ជាថ្ងៃធ្វើការចុងក្រោយរបស់រដ្ឋាភិបាលដែលតែងតាំងដោយរបបយោធាថៃ។ នៅថ្ងៃទី១៦ ស្អែកនេះ រដ្ឋាភិបាលថ្មីមួយ នឹងស្បថចូលកាន់តំណែងក្រោមបរិបទនយោបាយបែបប្រជាធិបតេយ្យវិញម្ដង។ លោក ប្រាយុទ្ធ ចន្ទអូចា នឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រីដដែល ហើយនឹងដឹកនាំរដ្ឋាភិបាលស៊ីវិលចម្រុះ ដោយលែងមានអំណាចគ្មានដែនកំណត់ដូចមុនទៀតហើយ។ លោក ប្រាយុទ្ធ ក៏នឹងស្គាល់រសជាតិអ្នកនយោបាយពិតប្រាកដផងដែរ។
គិតចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាចំនួន៥ឆ្នាំ ២ខែ ២២ថ្ងៃ។ ថ្ងៃទី១៥ ខែកក្កដានេះ ជាពេលចុងក្រោយនៃរដ្ឋាភិបាលដែលបង្កើតដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ដែលមានលោក ប្រាយុទ្ធ ចន្ទអូចា ជាប្រមុខ និងជានាយករដ្ឋមន្ត្រី។ ជាង៥ឆ្នាំមកនេះ លោក ប្រាយុទ្ធ ដឹកនាំប្រទេសជាមួយនឹងអំណាចពេញដៃតែម្ដង។
ប៉ុន្តែចាប់ពីថ្ងៃទី១៦ ខែកក្កដាទៅ លោក ប្រាយុទ្ធ លែងមានអំណាចសន្ធឹកសន្ធាប់ទៀតហើយ ព្រោះក្លាយជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស៊ីវិលវិញម្ដង។ នៅថ្ងៃទី១៤ ខែកក្កដា លេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីថៃ ប្រកាសថា មហាក្សត្រ មហាវជិរាលង្ករណ៍ បានប្រោសប្រទានឲ្យលោក ប្រាយុទ្ធ និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីចូលគាល់ និងធ្វើពិធីសច្ចាដើម្បីចូលកាន់តំណែងរៀងៗខ្លួន។ ពិធីនេះ នឹងរៀបចំនៅរាជវាំងតុសិតក្នុងទីក្រុងបាងកកនៅល្ងាចថ្ងៃទី១៦ ខែកក្កដា។
សមាសភាពថ្មីទាំង៣៦រូបនៃរដ្ឋាភិបាលចម្រុះដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៤ ខែមីនា នឹងធ្វើដំណើរទៅកាន់រាជវាំងតាមរថយន្តរួមគ្នា មិនមែនរថយន្តផ្ទាល់ខ្លួនឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ The Nation ។ បន្ទាប់ពីការបញ្ចប់កម្មវិធីស្បថស្បែនៅរាជវាំងរួចរាល់ហើយ លោក ប្រាយុទ្ធ ដែលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិផងនោះ នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មីនៅវិមានរដ្ឋាភិបាលតែម្ដង។
អំណើះតទៅ លោក ប្រាយុទ្ធ អតីតមេបញ្ជាការកងទ័ពជើងគោក និងជាមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ នឹងក្លាយជាមេដឹកនាំនៃរបបដឹកនាំស៊ីវិល។ ការសួរដេញដោលនៅក្នុងសភា ដែលមិនសូវមានអំឡុងពេលយោធាកាន់អំណាច កំពុងរង់ចាំរដ្ឋាភិបាលថ្មី ហើយវាក៏នឹងក្លាយជាការសាកល្បងមួយសម្រាប់លោក ប្រាយុទ្ធ ផងដែរ។ សម្ព័ន្ធភាពបក្សប្រឆាំងដែលដឹកនាំដោយបក្សភឿថៃ បានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់សភាដើម្បីតាមដានគោលនយោបាយរដ្ឋាភិបាលលោក ប្រាយុទ្ធ ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ មានឧបនាយករដ្ឋមន្ត្រីដល់ទៅប្រាំរូប ដោយបីរូបជាអតីតសមាជិករដ្ឋាភិបាលយោធា និងពីររូបទៀតមកពីបក្សក្នុងសម្ព័ន្ធភាពកាន់តំណែងដែលដឹកនាំដោយបក្សកម្លាំងប្រជារាស្ត្រ។ ការបង្កើតគណៈរដ្ឋមន្ត្រីនេះ មិនមែនជារឿងងាយស្រួលឡើយ ដោយបក្សមានសំឡេងគ្រាក់ៗក្នុងសភា ប្រឹងតថ្លៃគ្នាដើម្បីទទួលបានតំណែងរដ្ឋមន្ត្រីដែលពួកគេចង់បាន។ ការណ៍នាំឲ្យមានការបារម្ភថា រដ្ឋាភិបាលោក ប្រាយុទ្ធ ទំនងមិនអាចចប់តាមអាណត្តិឡើយ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com