អន្តរជាតិ
សិង្ហបុរី សន្យាជ្រោមជ្រែងការអភិវឌ្ឍទីម័រខាងកើត តែមិនទាន់បញ្ជាក់រឿងគាំទ្រជាសមាជិកអាស៊ានទី១១ ប្រមុខការទូតទីម័រខាងកើត និងសមភាគីសិង្ហបុរី។ រូបភាពពីកវេបសាយក្រសួងការបរទេសសិង្ហបុរី
× ប្រមុខការទូតទីម័រខាងកើត ថ្មីៗបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់សិង្ហបុរីជាមួយកិច្ចសហប្រតិបត្តិគួរកត់សម្គាល់ តែមិនទាន់ផ្លែផ្កា។ ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃសកម្មភាពការទូតរបស់រដ្ឋក្មេងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះដើម្បីពង្រឹងចំណងការទូត និងស្វែងយល់ជំហររបស់ប្រទេសអាស៊ានលើទីម័រខាងកើតក្នុងដំណើរការចូលជាសមាជិកអាស៊ាន។
តាមរយៈជំនួបជាមួយនឹងសមភាគីសិង្ហបុរី លោករដ្ឋមន្ត្រីការបរទេសទីម័រខាងកើត Dionísio da Costa Babo Soares និងលោករដ្ឋមន្ត្រី Vivian Balakrishnan បានអះអាងជាថ្មីពីទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Soares ក៏បានទទួលថា សិង្ហបុរី ក៏ជាអ្នកវិនិយោគធំមួយនៅទីម័រខាងកើតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Strait Times។
នាជំនួបដដែលនោះ ប្រមុខការទូតប្រទេសទាំងពីរ បានពិភាក្សាពីលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកទេសផ្សេងទៀត។ ភាគីទាំងពីរ ក៏បានជជែកបន្តិចពីសំណើរបស់ទីម័រខាងកើតសុំចូលជាសមាជិកអាស៊ាន ដែលបច្ចុប្បន្នអាស៊ានកំពុងតែបន្តអនុវត្តនីតិវិធីសិក្សា តាមដាន និងវាយតម្លៃ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខុសពីបណ្តារដ្ឋអាស៊ានផ្សេងទៀត សិង្ហបុរី ក្នុងដំណាក់កាលនេះបានត្រឹមតែអះអាងពីការប្តេជ្ញាចិត្តជួយជ្រោមជ្រែងទីម័រខាងកើតដើម្បីកសាងសមត្ថភាពចាំបាច់ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរីប៉ុណ្ណោះ។ ពោលគឺសិង្ហបុរី នៅតែមិនទាន់អះអាងគាំទ្រ និងជួយពន្លឿននីតិវិធីធ្វើការសម្រេចចិត្តបញ្ចូលទីម័រខាងកើតជាសមាជិកទី១១ផ្លូវការរបស់អាស៊ានបាននោះទេ។
បើតាមការអះអាងរបស់ប្រមុខការទូតទីម័រខាងកើតលោក Soares មុនពេលបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សិង្ហបុរី លោក បានទៅដល់ប្រទេសអាស៊ានចំនួនប្រាំបីរួចទៅហើយ។ ជាលទ្ធផល លោក ហ៊ានអះអាងថា ទីម័រខាងកើតទទួលបានសញ្ញាវិជ្ជមានច្រើន ដោយពួកគេ សុទ្ធសឹងគាំទ្រមិនផ្លាស់ប្តូរក្នុងការបញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន។
តាមលោក Soares ប្រទេសទាំងប្រាំបីនោះ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ បើអាស៊ាន ដែលមានសមាជិកសរុប១០ប្រទេស មិនទាន់មានឯកច្ឆន្ទជាមួយនឹងគ្នានោះទេ ទីម័រខាងកើត ក៏មិនអាចក្លាយជាសមាជិកផ្លូវការរបស់អាស៊ានបានឡើយ បើទោះបីជាសំណើសុំជាសមាជិកអាស៊ាន និងនីតិវធីវាយតម្លៃ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១១ក៏ដោយ៕
Tag:
សិង្ហបុរី
ទីម័រខាងកើត
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com