ជាតិ
សង្គមជាតិ
ប៉េស្ត​ជ្រូក​៖ ខេត្ត​ត្បូងឃ្មុំ​នៅ​បន្ត​ទប់ស្កាត់ ខណៈ​ខេត្ត​៤​ទៀត​មាន​ភាពស្ងប់ស្ងាត់​វិញ ប៉ុន្តែ​ហាម​ចរាចរ​ជ្រូក​
15, Jul 2019 , 9:39 pm        
រូបភាព
រូបភាពពី​ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
រូបភាពពី​ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
ដោយ:
​ភ្នំពេញ​៖ ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅតែ​បន្ត​រាល​ត្បា​ត​នៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​ខេត្ត​៤​ផ្សេងទៀត ត្រូវបាន​មន្ត្រី​ជំនាញ​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ​។ នេះ​ជាការ​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​។​

 
​លោក តាន់ ផាន់​ណា​រ៉ា បាន​និយាយថា មន្ត្រី​ជំនាញ​របស់​ក្រសួង បាន​ហាម​ប្រជាពលរដ្ឋ​ចំនួន​៤០​គ្រួសារ មិន​ឲ្យ​ជួញដូរ​លក់​ជ្រូក ក្នុង​រង្វង់​កាំ​៣​គីឡូ​ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឡើយ​។ ដោយឡែក​ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​នៅ​ខេត្តស្វាយរៀង រតនគិរី តាកែវ និង​កណ្ដាល មាន​សភាព​ស្ងប់ស្ងាត់​ហើយ ក្រោយពី​មន្ត្រី​ជំនាញ បាន​ចុះ​ទប់ស្កាត់​ប៉ុន្មាន​ថ្ងៃនេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផាន់​ណា​រ៉ា​។​
 
​ដ្បិត​តំបន់​ទាំង​៤​ខាងលើ មាន​សភាព​ធូរស្រាល​នៃ​ជំងឺប៉េស្ត​ជ្រូក​ក្តី ប៉ុន្តែ​ក្រសួង​មិនទាន់​បើកចំហរ​ឲ្យ​ជ្រូក​នៅ​តំបន់​នោះ មានការ​ចរាចរ​ទូលំទូលាយ​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ប្រកាស​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​កន្លែង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ ដើម្បី​ពិនិត្យ​លើ​សុខភាព​ជ្រូក​សិន មុននឹង​សម្រេច​ឲ្យ​ម្ចាស់​កសិកម្ម​លក់​ចេញ​។ តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​១២ កក្កដា លោក វេ​ង សាខុន បានកំណត់​យក​ខេត្ត ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក ជា​កន្លែង​ផ្អាក​ការចិញ្ចឹម លក់ ទិញ និង​ដឹកជញ្ជូន​សត្វ​ជ្រូក ជា​បណ្តោះអាសន្ន​សិន រង់ចាំ​រហូតដល់​ក្រសួង​ប្រកាស​សាជាថ្មី​នៃ​ការអនុញ្ញាត ចិញ្ចឹម លក់​ជ្រូក និង​នាំចូល​ជ្រូក​វិញ​។  
 
​គួសបញ្ជាក់​ថា ខេត្ត​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មុនគេ​គឺ ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល ដែល​បណ្តាល​ឲ្យ​ជ្រូក​ប្រមាណ​២៧០០​ក្បាល​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​៕ 

Tag:
 ​វេ​ង សាខុន​
  ប៉េស្ត​ជ្រូក​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com