ជាតិ
នយោបាយជាតិ
ជំនាញការវៀតណាម ដែលចូលមកកម្ពុជាឆ្នាំ១៩៧៩ បានមេដាយថ្នាក់ខ្ពស់បំផុតពីប្រទេសខ្លួន លោក Trần Quốc Vượng សមាជិកម្នាក់នៃការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាលបក្សកុម្មុយនីស្តវៀតណាម (ពាក់វ៉ែនតា) ចាប់ដៃលោក Vũ Oanh តំណាងអតីតអ្នកជំនាញការវៀតណាម ក្នុងពិធីប្រគល់មេដាយមាសថ្នាក់ខ្ពស់បំផុតរបស់វៀតណាម ដល់អតីតអ្នកជំនាញការវៀតណាម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (រូបពីសារព័ត៌មាន Viet Nam News)
× អតីតអ្នកជំនាញការវៀតណាម ដែលបានចូលមកកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩ បានទទួលមេដាយមាស ដែលជាប្រភេទមេដាយកិត្តិយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសវៀតណាម។ ពិធីប្រគល់មេដាយមាសនេះ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
លោក Vũ Oanh តំណាងអតីតអ្នកជំនាញការវៀតណាមទាំងនោះ បានបង្ហាញមោទនភាពរបស់ខ្លួន ក្នុងការទទួលបានមេដាយនេះ។ សារព័ត៌មានវៀតណាមឈ្មោះ
Viet Nam News បានចុះផ្សាយពីសម្តីរបស់លោក Vũ Oanh ថា៖«ពួកគេ ប្តេជ្ញាបន្តលើកកម្ពស់ប្រពៃណីនៃការចូលរួមធ្វើកិច្ចការជាមួយបក្សកុម្មុនីស្តវៀតណាម ប្រទេសជាតិ និង ប្រជាជន ក្នុងការរក្សាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា»។
លោក Trần Quốc Vượng សមាជិកម្នាក់នៃការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាលបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា អតីតអ្នកជំនាញការវៀតណាមទាំងនោះ បានតស៊ូជាង៤០ឆ្នាំមកហើយ។ លោក អះអាងថា រវាងឆ្នាំ១៩៧៨ និង ឆ្នាំ១៩៨៩ វៀតណាម បានបញ្ជូនកម្មាភិបាលប្រមាណ៣ម៉ឺន៥ពាន់នាក់ មកជួយកម្ពុជាលើគ្រប់វិស័យ ហើយបន្ទាប់ពីបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួច ពួកគេបានត្រឡប់ទៅវៀតណាមវិញ។
សារព័ត៌មានវៀតណាម ពុំបានបញ្ជាក់ឡើយថា អតីតអ្នកជំនាញការវៀតណាមទាំងនោះ មានប៉ុន្មាននាក់ ដែលទទួលបានមេដាយថ្នាក់កំពូលនេះ។
ភាគីរដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច តែងអរគុណកងទ័ពវៀតណាម ជាពិសេសក្នុងថ្ងៃបុណ្យ៧មករា ថាបានចូលមកជួយរំដោះកម្ពុជា ចេញពីភ្លើងសង្គ្រាម។ យ៉ាងណា ក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែយល់ថា ក្នុងអំឡុងទសវត្ស៨០ កងទ័ពវៀតណាម ចូលមកបំពានកម្ពុជា មិនមែនជួយនោះទេ ចំណែកអ្នកជំនាញការវៀតណាម ត្រូវបានបញ្ជូនមកម្ពុជា ឲ្យកាន់កាប់ការងារតាមស្ថាប័នរដ្ឋរបស់កម្ពុជា។
ថ្មីៗនេះ លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងថា វត្តមានកងទ័ពវៀតណាមនៅកម្ពុជានាពេលនោះ គឺបំពានកម្ពុជា។ ការលើកឡើងរបស់លោក លី បានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជានិងវៀតណាម មិនសប្បាយចិត្ត។ តែក្រោយមក ជម្លោះពាក្យសម្តីនេះ ក៏ត្រូវបានដោះស្រាយ និងស្រាកស្រាន្តទៅវិញ ជាពិសេស ពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក លី បានជួបគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅប្រទេសថៃ កាលពីខែមិថុនា ឆ្នាំ២០១៩៕
Tag:
ប្រវត្តិសាស្ត្រ
អតីតអ្នកជំនាញការវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com