Djokovic ផ្តួល Federer ដើម្បី​លើក​ពាន Wimbledon ជាមួយ​ប្រាក់រង្វាន់​៤៨​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ផ្តួល Federer ដើម្បី​លើក​ពាន Wimbledon ជាមួយ​ប្រាក់រង្វាន់​៤៨​លាន​ដុល្លារ​
15, Jul 2019 , 10:39 pm        
រូបភាព
Novak Djokovic បាន​រក្សា​តំណែង​ជើងឯក​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់ Wimbledon ពីរ​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​យកឈ្នះ​ម្ចាស់​ជើងឯក​ច្រើនជាងគេ Roger Federer ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន​ក្នុងប្រទេស​អង់គ្លេស​។​


 
​នា​ជំនួប​ផ្តាច់ព្រ័ត្រ​ក្នុង​ទីលាន Centre Court ស្ថិតនៅ​ក្រុង​ឡុង​ដ៏ នៅ​ថ្ងៃទី​១៤ ខែកក្កដា កំពូល​អ្នក​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក Djokovic បាន​យកឈ្នះ​កីឡាករ​លំដាប់​ទី​៣ Federer ទាំង​ប្រផុតប្រផើយ​ក្នុង​លទ្ធផល ៧-៦ (៧-៥), ១-៦, ៧-៦ (៧-៤), ៤-៦ និង ១៣-១២ (៧-៣) ដោយ​ប្រើ​រយៈពេល ៤ ម៉ោង និង ៥៧​នាទី​។​


 
​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ Djokovic ក្លាយជា​ម្ចាស់​ពាន Wimbledon លើក​ទី​៥ និង​ជា Grand Slams ទី​១៦​របស់គេ ជាមួយ​ការបង្ហាញ​ខ្លួន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​៥​លើក ដោយ​ក្នុងនោះ​ឈ្នះ​ចំនួន​៤​លើក​។ ជើងឯក Wimbledon ឆ្នាំ​២០១៩​នេះ ទទួលបាន​ប្រាក់រង្វាន់​រហូតដល់ ៤៨​លាន​ដុល្លារ ដែល​កើន​លើស​ឆ្នាំមុន​ចំនួន ៥​សែន​ដុល្លារ​អាមេរិក​។​
 
«​វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​សោះ​ដែល​ខ្ញុំ​អាច​ឈ្នះ Wimbledon ជា​លើក​ទី​៥»​។ អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី​វ័យ​៣២​ឆ្នាំ​លើកឡើង​ដូច្នេះ​។ សូម្បីតែ Federer វ័យ​៣៧​ឆ្នាំ​ដែល​ធ្លាប់​លើក​ពាន Wimbledon ច្រើនជាងគេ​រហូត​៨​លើក​ក៏​សរសើរ Djokovic មិន​ដាច់​ពី​មាត់​ដែរ​។ «​វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ ហើយ​ប្រើ​រយៈពេល​យូរ​ណស់​។ Novak គេ​មាន​អ្វី​គ្រប់យ៉ាង សូម​អបអរសាទរ​ចំពោះ​ជ័យជម្នះ​នេះ​»​។​
 
​បើ​ទោះ​ទទួលបាន​ត្រឹម​រងជើង​ឯក​មែន ប៉ុន្តែ​បុរស​សញ្ជាតិ​ស្វ៊ី​ស Federer នៅតែ​ជា​កីឡា​វាយ​កូន​បាល់​ដែល​ឈ្នះ Grand Slams ច្រើន​ជើង​គេ​ចំនួន​២០​លើក​ក្នុង​អាជីព តាម​ពីក្រោយ​ដោយ Rafael Nadal ចំនួន​១៨​លើក និង Djokovic ១៦​លើក​៕

Tag:
 វាយ​កូន​បាល់​
  Novak Djokovic
  Roger Federer
  Wimbledon
© រក្សាសិទ្ធិដោយ thmeythmey.com