សហរដ្ឋអាមេរិក តាមរយៈស្ថានទូតខ្លួន បានបង្ហាញក្តីបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយយល់ថារដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ប្រជាពលរដ្ឋ ដោយគ្មានមូលដ្ឋាន ដូចជា ការចាប់មនុស្សមួយចំនួន ក្នុងថ្ងៃរម្លឹកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នាពេលថ្មីៗនេះ។
សហរដ្ឋអាមេរិក ចាត់ទុកការចោទប្រកាន់ទាំងនោះ ថាមានលក្ខណៈនយោបាយ ដើម្បីយាយីប្រជាពលរដ្ឋ។ សេចក្តីថ្លែងការណ៍ ដែលស្ថានទូតអាមេរិក ផ្ញើមកសារព័ត៌មានថ្មីៗ នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសរសេរដូច្នេះថា៖«ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គួរតែអាចអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការបញ្ចេញមតិ ដោយសេរី និងសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ចំណាត់ការរបស់សមត្ថកិច្ច ក៏ដូចជាតុលាការ គឺធ្វើឡើងដោយមានព័ត៌មាន និងមូលដ្ឋានច្បាស់លាស់ តែផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកទេ ដែលគ្មានមូលដ្ឋានច្បាស់លាស់។ តាមរយៈការផ្តល់បទសម្ភាសដល់ដសារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«ឃើញតែគាត់ ចោទប្រកាន់ មិនដែលឃើញពន្យល់ និងលើកទឡ្ហីការណ៍ច្បាស់នោះទេ»។
លោក ជិន ម៉ាលីន បន្តថា បើគ្រាន់តែប្រារព្ធខួបនិងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី គឺមិនខុសច្បាប់ឡើយ ប៉ុន្តែ វា មានរឿងផ្សេងនៅពីក្រោយ។ បន្ថែមថា ពិធីរម្លឹកខួបនោះ គឺមានចេតនាបង្កចលាចលដល់សង្គម ដែលរៀបចំដោយអង្គការចាត់តាំង និងមានបណ្តាញនៅពីខាងក្រោយ។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«បើមិនទប់ស្កាត់ទេ នឹងមានចលាចលដល់សង្គម»។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក សរសេរទៀតថា៖«យើងតែងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរឹតត្បិតនយោបាយហួសហេតុ ហើយដោះលែងអ្នកជាប់ពន្ធនាគារទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ឬទាំងខុសច្បាប់ ហើយប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
លោក គង់ រ៉ៃយ៉ា និង ភរិយា រួមទាំងគ្នីគ្នាពីរនាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គឺមុនមួយថ្ងៃនៃពិធីរម្លឹកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ពួកគេ ត្រូវចាប់ខ្លួន ដោយសារតែផលិតអាវយឺតលក់តាមបណ្តាញសង្គម ដោយអាវទាំងនោះមានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។
ប៉ុន្តែភរិយារបស់លោក និងមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងវិញ។ ចំពោះ លោក គង់ រ៉ៃយ៉ា ត្រូវបានតុលាការភ្នំពេញចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងយកទៅឃុំនៅពន្ធនាគារព្រៃសបណ្តោះអាសន្ន។
ចំណែក យុវជនបីនាក់ទៀត គឺ ជុំ ហួត និង ជុំ ហួរ (បងប្អូនភ្លោះ) និង យុវជន សួង នាគព័ន្ធ ត្រូវបានឃាត់ខ្លួនក្នុងថ្ងៃរម្លឹកខួបលោកបណ្ឌិត កែម ឡី (១០កក្កដា) នៅស្តារម៉ាតស្តុបបូកគោ ពេលពួកគេ និងប្រជាពលរដ្ឋ យកកម្រងផ្កាទៅកាន់ទីនោះ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ក្រៅពីការគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី យុវជន សួង នាគព័ន្ធ មានខិត្តប័ណ្ណប្រមាណ១០សន្លឹក យកទៅចែកចាយ ដោយខិត្តប័ណ្ណ សរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់»។
យុវជន ជុំ ហួត និង ជុំ ហួរ ត្រូវបានដោះលែងវិញ ក្រោយរកឃើញថា ពួកគេ មិនបានចូលរួមផ្សព្វផ្សាយខិត្តប័ណ្ណនោះទេ។ ដោយឡែក យុវជន សួង នាគព័ន្ធ ត្រូវបានចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដូចលោក គង់ រ៉ៃយ៉ា ដែរ និងត្រូវបានយកទៅឃុំនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
គេដឹងថាយុវជនទាំងពីរ ធ្លាប់ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងជាអ្នកកែមឡីនិយម៕