អន្តរជាតិ
កំណើនសេដ្ឋកិច្ចចិន ធ្លាក់ចុះដល់អត្រាទាបបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ នាវាដឹកទំនិញចិន នៅកំពង់ផែ Qingdao (AFP)
× ចិន បានចុះផ្សាយ តួលេខប្រចាំត្រីមាសទីពីរ នៅថ្ងៃចន្ទទី ១៥ កក្កដា ដែលបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួន បានធ្លាក់ថយចុះមកមកត្រឹម ៦,២ភាគរយ។ អត្រានៃកំណើនសេដ្ឋកិច្ចនេះ បានធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នេះជាមួយសហរដ្ឋអាមេរិក បានចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមាន។
ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០១៩ សេដ្ឋកិច្ចចិន បានកើនឡើង ៦,២ភាគរយ បើធៀបទៅនឹងកំណើនឆ្នាំមុន ។ នេះបើតាមរបាយការណ៍របស់ការិយាល័យស្ថិតិចិន។ តួលេខថ្មី បានធ្លាក់ថយចុះពីកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០១៩ ដែលស្មើនឹង ៦,៤ភាគរយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី ២ របស់ «មហាយក្សចិន» គឺជាជំហានយឺតបំផុតរបស់ប្រទេសនេះ គិតចាប់ពី១៩៩២មក ដែលកាលនោះ ស្មើនឹង ៦,៣ភាគរយ ។
ទាក់ទិននឹងតួលេខថ្មីនេះ ការិយាល័យស្ថិតិរបស់ចិន បានលើកឡើងថា សេដ្ឋកិច្ចចិន កំពុងប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញ ជាមួយកំណើននៃភាពមិនច្បាស់លាស់ពីខាងក្រៅ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចរបស់មហាអំណាចលំដាប់ទី២របស់ពិភពលោកនេះ ក៏កំពុងប្រឈមមុខនឹងសម្ពាធឆ្ពោះទៅចំណុចទាបបំផុតថ្មី ហើយខ្លួន នឹងព្យាយាមធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំផងដែរ។
ជម្លោះពាណិជ្ជកម្មដែលអូសបន្លាយជាមួយសហរដ្ឋអាមេរិក បានជះទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចចិន។ ត្រង់ចំណុចនេះ អ្នកជំនាញសេដ្ឋកិច្ចម្នាក់ប្រចាំវេបសាយ The Economist Intelligence Unit លោក Tom Rafferty បានប្រាប់ទូរទស្សន៍អាមេរិក CNBC ដូច្នេះថា ភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន គឺជាកត្តាចម្បងមួយ ដែលបណ្តាលឲ្យសេដ្ឋកិច្ចថមថយសន្ទុះ។ លោក បានពន្យល់ថា ដោយសារតែប្រទេសទាំងពីរ ពុំទាន់បានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មធំទូលាយណាមួយជាមួយគ្នាទេនោះ វាបានបង្កភាពអាប់អួរដល់បរិយាកាសនៃការធ្វើជំនួញនានា។
ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានចុះផ្សាយកាលពីថ្ងៃសុក្រទី ទី១២ កក្កដា ថា ការនាំចេញរបស់ចិន អំឡុងខែមិថុនា ឆ្នាំ២០១៩ បានធ្លាក់ចុះ ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយការនាំចូលទៅកាន់ប្រទេសចិន ក៏មានការធ្លាក់ចុះផងដែរ ព្រោះថា តម្រូវការក្នុងស្រុកចាប់ផ្តើមថយចុះ៕
Tag:
ចិន
កំណើនសេដ្ឋកិច្ច
ជម្លោះពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com