ជាតិ
សង្គមជាតិ
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ពិភពលោកជិត៥០០នាក់ មកចែករំលែកពិសោធន៍ទប់ស្កាត់អំពើប្រល័យពូជសាសន៍
× ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ ដែលមកពីទូទាំងពិភពលោក បានមកជួបជុំគ្នានៅទីក្រុងភ្នំពេញ នៅក្នុងសន្និសីទមួយស្តីពី«ការពិចារណាឡើងវិញ អំពីការបង្ការអំពើប្រល័យពូជសាសន៍»ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា នៅសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ សន្និសីទមានគោលដៅចែករំលែកការស្រាវជ្រាវ និងបទពិសោធន៍ការងាររបស់ពួកគេ ជុំវិញអំពើប្រល័យពូជសាសន៍។
អំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទជាច្រើន នៃអំពើប្រល័យពូជសាសន៍ ដែលត្រូវលើកមកពិភាក្សា ដូចជា នៅសេរ៉ាឡេអន រ៉ូវ៉ាន់ដា ជាដើម។ ឆ្នាំនេះប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាទីកន្លែង សម្រាប់រៀបចំសន្និសីទអន្តរជាតិស្តីពីការ «បង្ការអំពើប្រល័យពូជសាសន៍» វាក៏ជាខួបលើកទី៤០ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ពលរដ្ឋកម្ពុជា អស់ជាង ៣លាននាក់ ក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ពួកគេ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្រុមអ្នកស្រាវជ្រាវដែលមកពីទូទាំងប្រទេស កំពុងមានវត្តមាននៅក្នុងសន្និសីទស្តីពី«ការពិចារណាឡើងវិញ អំពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍»
លោក Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលធ្វើជាម្ចាស់ផ្ទះ ជាមួយសាកលវិទ្យាល័យ Rutgers មកពីអាមេរិក បាននិយាយថា ប្រទេសកម្ពុជាបានក្លាយជាមេរៀនដ៏សំខាន់ ដើម្បីចែករំលែកជាមួយពិភពលោក ពីការស្តារឡើងវិញក្រោយរបបប្រល័យពូជសាសន៍។
ប្រធានសាកលវិទ្យាល័យមេរិកាំងភ្នំពេញរូបនេះបញ្ជាក់ថា៖«យើងចង់ចូលរួមក្នុងការសន្ទនាជាសកល ស្តីអំពីការទប់ស្កាត់វិបត្តិដ៏គួរឱ្យភ័យខ្លាចនេះ។ កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ថ្ងៃនេះ យើងសូមស្វាគមន៍អ្នក ក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់កាលពីអតីតកាលដ៏សោកសៅ ដើម្បីអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម»។
ការផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម ដោយសាលាក្តីខ្មែរក្រហមនាពេលថ្មីៗនេះ ជាការរួមចំណែកដ៏សំខាន់ ដល់ការប្តេជ្ញាចិត្តជាសាកល ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅជាច្រើនទៀត។ នេះជាការបញ្ជាក់របស់លោក Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
សមាគមអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ស្តីពីអំពើប្រល័យពូជសាសន៍ បង្កើតឡើងក្នុងឆ្នាំ១៩៩៤ គឺជាអង្គការអន្តរជាតិ ដែលមិនប្រកាន់និន្នាការនយោបាយ ដែលមានគោលបំណងស្វែងរកការស្រាវជ្រាវបន្ថែម និងការបង្រៀនអំពីធម្មជាតិបុព្វហេតុ និងផលវិបាកនៃអំពើប្រល័យពូជសាសន៍ ព្រមទាំងដើម្បីជំរុញការសិក្សាគោលនយោបាយ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com