ជាតិ
​សួន​ច្នៃ​សំរាម និង​ហាង​កាហ្វេ ដែល​មហាជន​ឧបត្ថម្ភ នឹង​បើក​ដំណើរការ​នាពេលខាងមុខ​
16, Jul 2019 , 8:29 am        
រូបភាព
​សួន​ច្នៃ​សំរាម ​និង​កាហ្វេ​បរិស្ថាន ដែល​ផ្តួច​ផ្ដើមកសាងពីយុវជន​ជិត​១​ខែមកហើយ ជាមួយនឹងការចូលរួម​ឧបត្ថម្ភពីប្រជាពលរដ្ឋ នឹង​បើកដំណើរការ​នៅ​ដើមខែ​ក្រោយ។ នេះបើតាមលោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម ដែល​បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។ បើតាមលោក ដារ៉ាវីត សួន​ច្នៃ​សំរាម សម្រាប់​ពលរដ្ឋ​ អាច​ចូល​ច្នៃ​សំរាម​ ទៅជា​របស់​ប្រើប្រាស់​ផ្សេៗ​។ រីឯ​កាហ្វេ​បរិស្ថាន សម្រាប់​ការជួបជុំទទួល​ទានកាហ្វេឥតគិតថ្លៃ ដើម្បីបង្កើន​មិត្តភាពរវាង​យុវជន និងអ្នកចូលរួម។

 
​ការកសាង​ហាង​កាហ្វេ​សំរាម​ និង​សួន​ច្នៃ​សំរាម មានការ​ចូលរួម​ឧបត្ថម​ពី​ពលរដ្ឋ​ជាច្រើន ក្រោយការអំពាវនាវពី ​លោក សាន ដា​រ៉ា​វីត ប្រធាន​ក្រុមយុវជន​សំរាម​ ដែលខ្វះខាតថវិកា។ យ៉ាងណាក៏ដោយ ថវិកា​ទទួលបាន​ពី​ការឧបត្ថម្ភ​របស់​ប្រជាពលរដ្ឋ លោក ដា​រ៉ា​វីត សុំ​មិន​បង្ហាញ​តួលេខ​ឡើយ។ 


រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត
 
​យុវជន​រូបនេះ​ បានលើកឡើង​ពី​គម្រោង​សួន​ច្នៃ​សំរាម និង​ហាង​កាហ្វេ​សំរាម​ថា​៖«​សួន​សំរាម​ គឺ​សម្រាប់​កែច្នៃ​សំរាម​ទៅជា​របស់​ប្រើប្រាស់​ ដែលមាន​ប្រយោជន៍​ផ្សេង ដែល​យក​សំរាម​ពី​គ្រប់កន្លែង ជាពិសេស​ម្ដុំ​ប្រឡាយ​បឹងត្របែក​។ ហាង​កាហ្វេ អាច​នឹង​ផឹក​ដោយ​មិន​គិតលុយ​។ ខ្ញុំ​កំពុង​រៀបចំ​រក​វិធី​ដោះដូរ​យ៉ាង​ណា ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ផឹក​កាហ្វេ​ដោយ​មិន​គិតលុយ ហើយ​ហាង​កាហ្វេ​ អាច​នឹង​បើក​បាន​នៅ​ថ្ងៃទី​១ ខែក្រោយ​។ ទីតាំង​កន្លែង​ហាង​កាហ្វេ​នេះ ស្ថិតនៅ​ប្រឡាយ​បឹងត្របែក សង្កាត់​បឹងត្របែក ខណ្ឌចំការមន ក្បែរ​ទីតាំង​ក្រុមយុវជន​សំរាម​ បាន​រើស​សំរាម​កាលពីមុន ហើយ​ទីតាំង​នេះ ត្រូវ​ជួល​ក្នុង​មួយខែ​៥០០​ដុល្លារ​»។​
 
​ប្រធាន​ក្រុមយុវជន​សំរាម ​បញ្ជាក់​ឲ្យ​ដឹងថា ក្រុមយុវជន​សំរាម​ មិនបាន​ឈប់រើស​សំរាម​ទេ ដោយសារ​រវល់​រៀបចំ​សួន​ច្នៃ​សំរាម ​និង​ហាង​កាហ្វេ ហើយ​ឥឡូវ​អាជ្ញាធរ ​បាន​កំពុង​​ប្រមូល​ដោយ​ប្រើ​អេ​ស្កាវ៉ា​ទ័​រ កា​យ​នៅ​ប្រឡាយ​បឹងត្របែក​។ បន្ទាប់ពី​រៀបចំ​ទាំងពី​ខាងលើ​រួច ក្រុម​លោក ដា​រ៉ា​វីត នឹង​ប្រមូល​សំរាម​មក​សម្រាប់​កែច្នៃ​នៅ​សួន​ច្នៃ​សំរាម​៕ 


រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត


រូបភាពពីទំព័រហ្វេសប៊ុក លោក សាន ដារ៉ាវីត
 

Tag:
 យុវជន​សំរាម​
  សួន​ច្នៃ​សំរាម​
  ហាង​កាហ្វេ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com