ជាតិ
សេដ្ឋកិច្ច
​ឆមាស​ទី​១ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទុន​ជាង ៣​ពាន់​លាន​ដុល្លារ កើន​​ពាក់កណ្ដាល​
15, Jul 2019 , 6:35 pm        
រូបភាព
រូបផ្តល់ដោយ លោក ហុង វ៉ាន់ឌី
រូបផ្តល់ដោយ លោក ហុង វ៉ាន់ឌី
​ភ្នំពេញ​៖ ឆមាស​ទីមួយ ឆ្នាំ​២០១៩ សំណង់​កម្ពុ​ជាមាន​ចំនួន​២០៤៧​គម្រោង ក្នុង​ទំហំ​ផ្ទៃក្រឡា ៧​លាន​ម៉ែត្រក្រឡា ដែលមាន​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន ៣៣៩២ លាន​ដុល្លារ​។ តម្លៃ​វិនិយោគ​នៃ​វិស័យ​សំណង់​នេះ បាន​កើនឡើង​ជិត​៥៧,៧៥​ភាគរយ បើ​ធៀប​ឆមាស​ទីមួយ ឆ្នាំ​២០១៨ ដែលមាន​ជាង ២១៥៣ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ 

 
​របាយការណ៍​នេះ​ដដែល​បាន​បង្ហាញថា ក្នុងចំណោម​ជាង​២​ពាន់​គម្រោង​ខាងលើ មាន​១៥៤​គម្រោង ដែលមាន​តម្លៃ​ជិត​៣,០៧​ពាន់​លាន​ដុល្លារ គឺ​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ដែនដី​ផ្ទាល់់ និង​១,៨៩៣​គម្រោង​ទៀត មាន​ផ្ទៃក្រឡា​ជាង​១​លាន​ម៉ែត្រការ៉េ  ដែលមាន​តម្លៃ​ជាង​៣១៨​លាន​ដុល្លារ ស្ថិតនៅក្រោម​សម​ម​ត្ថ​កិច្ច​រដ្ឋបាល​រាជធានី​-​ខេត្ត​។ 
 
​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មើលឃើញថា​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​នៅតែ​ទាក់ទាញ​អ្នកវិនិយោគ​។ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​កំណើន​នៃ​វិស័យ​សំណង់​នេះ គឺ​ជាស​ញ្ញណ​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពីស​ក្កា​នុព​ល​នៃ​សេដ្ឋកិច្ចកម្ពុជា ដែល​ក្រុមហ៊ុន​អន្តរជាតិ​នានា​ទុកចិត្ត និង​ហ៊ាន​បោះទុន​វិនិយោគ​លើ​វិស័យនេះ​»​។ 


រូបភាព ផ្តល់ដោយ លោក សៀង សុផល
 
​តែ​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម  បញ្ជាក់ថា​គម្រោង​ទាំងនេះ គឺជា​គម្រោង​ចុះបញ្ជី តែ​ការសាងសង់ ឬ​វិនិយោគ​ជាក់ស្ដែង អាចមាន​ការប្រែប្រួល​។ លោក សុខ​នី​ម លើកឡើង​ដូចនេះ​ថា​៖«​ចំនួន​វិស័យ​សំណង់​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​រៀបចំ​ដែនដី​នឹងមាន​ការ​កើន​ច្រើនឡើងៗ​។ ប៉ុន្តែ​ចំនួន​នៃ​ការចុះបញ្ជី​នេះ បើ​ធៀប​នឹង​ការសាងសង់​ជាក់ស្តែង មាន​គម្រោង​ខ្លះ កំពុង​សាងសង់ គម្រោង​ខ្លះ​មិនទាន់​សាងសង់ ដែល​យើង​ត្រូវ​ពិនិត្យ​និង​តាមដាន​ជាក់ស្តែង​។ ជាទូទៅ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ដែល​បាន​ចុះបញ្ជី មិន​ប្រាកដ​នឹង​សាងសង់​នោះទេ  គ្រាន់តែ​សុំច្បាប់​សាងសង់​សិន​ប៉ុណ្ណោះ​»​។ 
 
​ចាប់ពី​ឆ្នាំ​២០០០ ដល់​ត្រឹម​ឆមាស​ទីមួយ ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៤៥ ៦០៥​គម្រោង ដែលមាន​ផ្ទៃ​សាងសង់​ជាង​១២០​​លាន​ម៉ែត្រក្រឡា ជាមួយនឹង​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន ជាង​៤៥​ពាន់​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៨ កម្ពុជា​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ២ ៨៦៧ គម្រោង មានតម្លៃ​ប្រមាណ ៥ ២២៨ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លាន​ដុល្លារ​៕
 

Tag:
 សំណង់​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com