អត្ថបទពាណិជ្ជកម្ម
និស្សិត​ឆ្នើម ១០​នាក់ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ចិន តាមរយៈ​កម្មវិធី​«​គ្រាប់ពូជ​ដើម្បី​អនាគត​»​របស់​ក្រុមហ៊ុន Huawei
16, Jul 2019 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា ក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំ​បើក​កម្មវិធី​«​គ្រាប់ពូជ​ដើម្បី​អនាគត ឆ្នាំ​២០១៩» ក្រោម​ប្រធានបទ​«Digital Aspiration»​។ កម្មវិធី​បាន​ប្រព្រឹត្តទៅ នៅ​មជ្ឈមណ្ឌល​ផ្តល់​បទពិសោធន៍ និង​ដំណោះស្រាយ​ដល់​អតិថិជន​(CSIC) នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក Li An ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​នៃ​ចិន​នៅ​កម្ពុជា និង លោក Mark Wong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei កម្ពុជា​។ 
 
​កម្មវិធី​«​គ្រាប់ពូជ​ដើម្បី​អនាគត​» ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន Huawei ក្នុង​ឆ្នាំ​២០០៨ គឺជា​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម (CSR) ដ៏​ពិ​សេសមួយ និង​ជា​គម្រោង​វិនិយោគ​រយៈពេល​វែង និង​ធំ​បំផុត​ជា​លក្ខណៈ​សកល របស់​ក្រុមហ៊ុន​។ កម្មវិធី មានបំណង​ចូលរួមចំណែក​អភិវឌ្ឍន៍ វជន​ដែលមាន​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​ស្រុក លើកកម្ពស់​ការផ្ទេរ​ចំណេះដឹង និង​ការយល់ដឹង ក៏ដូចជា​បណ្តុះ​ចំណាប់អារម្មណ៍​របស់​យុវជន​វ័យក្មេង ចំពោះ​បច្ចេកវិទ្យា ICT ។​


 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ គម្រោង​នេះ ត្រូវ​បានដាក់​អនុវត្ត​នៅលើ​ប្រទេស និង​តំបន់ ១២៥ នៅ​ជុំវិញ​ពិភពលោក ហើយ​និស្សិត​ចំនួន ៤.៧២៥ នាក់ បាន​ចូលក្នុង​កម្មវិធី​នេះ​។ ដោយឡែក​កម្មវិធី «​គ្រាប់ពូជ​ដើម្បី​អនាគត​» ត្រូវបាន​បង្កើត​ឡើងជា​លើកដំបូង​នៅ​កម្ពុជា នា​ឆ្នាំ​២០១៦ ហើយ​រហូត​មកទល់ពេលនេះ និស្សិត​ឆ្នើម​កម្ពុជា​ចំនួន ៣០​នាក់​ហើយ បានសម្រេច​ក្តី​សុបិន ដោយ​ធ្វើដំណើរ​ទៅកាន់​សារ​ណ​រដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​កម្មវិធី​នេះ​។ សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រោម​ការ​ជ្រោមជ្រែង ពី​ក្រសួង​អប់រំ យុវជន និង​កីឡា កម្មវិធី​ក៏បាន​ប្រកាស​ជ្រើសរើស​និស្សិត ពី​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ​ជាច្រើន ហើយ​តាមរយៈ​នីតិវិធី និង​ការ​ជម្រុះ​ជាច្រើន​ជុំ និស្សិត​ឆ្នើម ១០​រូប ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ សាកលវិទ្យាល័យ​កម្ពុជា វិទ្យាស្ថាន​ជាតិ NIPTICT និង​សាកលវិទ្យាល័យ​អន្តរជាតិ PARAGON ត្រូវបាន​ជ្រើសរើស ហើយនឹង​ត្រូវ​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ ខាងមុខ​។​


 
​លោក Mark Wong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei កម្ពុជា បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​អ្នក​នាំមុខ ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ក្រុមហ៊ុន Huawei បាន​ប្តេជ្ញាចិត្ត ជួយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា ICT ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​និរន្តរភាព នៅក្នុង​ប្រទេស​។ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei កម្ពុជា បន្ថែមថា​៖«​ការអប់រំ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​បង្កើត​ឲ្យ​មានឱកាស និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​តម្លាភាព​នៃ​បណ្តា​ប្រទេស​នានា​។ ដូច្នេះ​សកម្មភាព​CSR របស់ Huawei នេះ គឺជា​សកម្មភាព​ដ៏​សំខាន់បំផុត ក្នុង​ការជួយជ្រោមជ្រែង​វិស័យ​អប់រំ​បណ្តុះបណ្តាល និង​ការផ្ទេរ​ចំណេះដឹង​ដល់​ធនធាន​ក្នុងស្រុក នៃ​បណ្តា​ប្រទេស​នានា ដែល​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​កម្ពុជា ដែល​បាន​ជួយ​ជ្រោមជ្រែង ស្វែងរក​គ្រាប់ពូជ​នៃ​បច្ចេកវិទ្យា សម្រាប់​ក្រុមហ៊ុន Huawei ក៏ដូចជា​ប្រទេស​កម្ពុជា​»​។​


 
​លោក Li An ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្តី​រីករាយ ដោយ​ឃើញថា ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​បង្កើន​ការវិនិយោគ​របស់ខ្លួន ក្នុង​វិស័យ​អប់រំ ហើយ​ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​។ ខ្ញុំ​ជឿជាក់ថា អនាគត​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​នឹង​កាន់តែ​ប្រសើរឡើង​»​។​
 
​សម្រាប់​លោក Li An កម្មវិធី​«​គ្រាប់ពូជ​ដើម្បី​អនាគត​» របស់​ក្រុមហ៊ុន Huawei គឺជា​កម្មវិធី​សុខុមាលភាព​សាធារណៈ​មួយ ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ ICT វ័យក្មេង ហើយ​សក្តានុពល នៃ​កម្ម​វី​ធី​កំពុងតែ​រីកដុះដាល​ជា​រៀងរាល់ឆ្នាំ​។ លោក Li An បន្តថា​៖« ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៤ ហើយ​និស្សិត​ឆ្នើម​១០​នាក់ ដែល​បានជ្រើសរើស នឹង​ក្លាយជា​គ្រាប់ពូជ តំណាង​ប្រទេស ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ឱកាស​នៃ​ការធ្វើដំណើរ​រាប់ពាន់​គីឡូម៉ែត្រ ដើម្បី​មើលឃើញ​ពិភពលោក និង​កសាង​មិត្តភាព​ថ្មី គឺជា​គុណ​តម្លៃ​ដ៏​ពិ​សេសមួយ នៃ​កម្មវិធី ដូច​ពាក្យបុរាណ​ចិន​មួយ​បាន​ពោលថា​«​ការអាន​សៀវភៅ​១​ម៉ឺន​ក្បាល គឺ​ដូចជា​ការធ្វើដំណើរ​រាប់ម៉ឺន​ម៉ា​យ និង​ការបង្កើត​មិត្តភក្តិ មកពី​គ្រប់ទិសទី​ជុំ​ពិភពលោក​»​។ លោក Li សង្ឃឹមថា តាមរយៈ​កម្មវិធី​នេះ និស្សិត​កម្ពុជា នឹង​ទទួលបាន​សមិទ្ធផល​ជា​ផ្លែផ្កា សម្រាប់​អនាគត ហើយ​វា​ក៏​នឹង​ក្លាយជា​សារ​មិត្តភាព​ដ៏​សំខាន់ នៃ​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា​ផងដែរ​។​


 
​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស កិច្ចខិតខំ​ប្រឹងប្រែង កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ការគាំទ្រ​ទាំង​ធនធាន​ថវិកា ទាំង​សម្ភារ​បច្ចេកទេស ពី​ក្រុមហ៊ុន Huawei ។ លោកស្រី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្តថា ក្រុមហ៊ុន Huawei មិនដែល​បាន​បំភ្លេចចោល នូវ​ការងារ​ទំនួល​ខុសត្រូវ​សង្គម (CSR) របស់ខ្លួន​ឡើយ ដោយ​ក្រុមហ៊ុន តែងតែបាន​យកចិត្តទុកដាក់ និង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការជួយ​បណ្តុះបណ្តាល​ទេពកោសល្យ​ផ្នែក​បច្ចេកវិទ្យា ICT នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​កម្មវិធី​«​គ្រាប់ពូជ​ដើម្បី​អនាគត​» នេះ​ជាដើម​។ 
 
​លោកស្រី គឹម សេដ្ឋា​នី បញ្ជាក់​បន្ត​៖«​ដើម្បី​ដើរ​ឲ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម 4.0 របស់​សកលលោក ជាពិសេស​ការរីកចម្រើន​ឥតឈប់ឈរ និង​ឆាប់រហ័ស​នៃ ICT និង​ការសម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ នា​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​យកចិត្ត​ទុកជា​ខ្លាំង ចំពោះ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស ឲ្យ​មានចំណេះដឹង​ផ្នែក ICT ( E-people )​ដោយ​ប្រែក្លាយ​កម្ពុជា ទៅជា​រាជរដ្ឋាភិបាល​អេឡិចត្រូនិក (E-government) តាមរយៈ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដែល​បាន និង​កំពុងធ្វើការ​ងារ​ក្នុង​វិស័យនេះ​។ តែ​អ្វីដែល​សំខាន់​នោះ មុននឹង​យើង​សម្រេចបាន​នូវ E-Government ទាល់តែ​យើង​មាន E-people​។ យើង​ជឿជាក់ថា ខ្មែរ​អាចធ្វើ​បាន​»​។​


 
​លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ចូលរួម​អបអរសាទរ​និស្សិត​ជ័យលាភី​ទាំងអស់ និង​ផ្តាំផ្ញើ​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា ព្រមទាំង​យក​បទពិសោធន៍​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ មក​ចូលរួម​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ 
 
​គួ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន Huawei គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ ICT និង​ឧបករណ៍​ឆ្លាត​វៃ​ឈានមុខ​គេ​លើ​ពិភពលោក​។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គលិក​១៨៨,០០០​នាក់ នៅ​ទូទាំង​ពិភពលោក ហើយ​កំពុង​ប្រតិ​ប​ត្ដិ​ការ​ធុរកិច្ច​នៅក្នុង​ប្រទេស និង​តំបន់​ជាង ១៧០ បម្រើប្រជាជន​ទូទាំង​ពិភពលោក​ជាង ៣០​លាន​នាក់​។ ក្រុមហ៊ុន Huawei បានមក​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​ធុរកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៩  ហើយ​ឆ្នាំនេះ ជា​ខួប​លើក​ទី​២០ នៃ​ក្រុមហ៊ុន Huawei ប្រទេស​កម្ពុជា​ផងដែរ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com