ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈាង វណ្ណារិទ្ធ៖ កម្ពុជា មានទាំងផលប្រយោជន៍ និងផលលំបាក ពីកិច្ចព្រមព្រៀងរវាងអឺរ៉ុប និងវៀតណាម
× ភ្នំពេញ៖ វៀតណាម និងសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ហើយត្រៀមដាក់ឲ្យចូលជាធរមាននាពេលណាមួយក្នុងឆ្នាំ២០១៩នេះ។ កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ាន ដែលប្រកួតប្រជែងទីផ្សារជាមួយវៀតណាម កំពុងមានការព្រួយបារម្ភ។ និយាយដោយឡែកពីកម្ពុជាវិញ លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បាននិយាយថា កិច្ចព្រមព្រៀងពិសេសរវាងសហភាពអឺរ៉ុប និងវៀតណាមនេះ នឹងជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានដល់កម្ពុជា។ ផលវិជ្ជមាននោះ គឺកម្ពុជាអាចទាញប្រយោជន៍ពីវៀតណាម តាមរយៈវិស័យកម្មន្តសាល ឬការផ្គត់ផ្គង់អ្វីមួយទៅឲ្យវៀតណាម។ ឯផលអវិជ្ជមាននោះ គឺកម្ពុជា នឹងជួបផលលំបាកក្នុងការប្រកួតប្រជែងលើទីផ្សារ ជាមួយវៀតណាម ទៅលើផលិតផលដែលមានភាពប្រហាក់ប្រហែលគ្នាច្រើន។
លោក ឈាង វណ្ណារិទ្ធ បាននិយាយថា កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងវៀតណាមនេះ វាមិនធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសេដ្ឋកិច្ចកម្ពុជានោះទេ បើសិនកម្ពុជា បង្កើតការតភ្ជាប់ខ្សែចង្វាក់ផលិតកម្ម ដែលវាជាតម្រូវការនៃផលិតកម្មរបស់វៀតណាម។ ជាពិសេសពង្រឹងសមត្ថភាពនៃការផលិត និងធនធានមនុស្ស ដែលពោរពេញទៅដោយចំណេះដឹង និងជំនាញ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដូចតទៅ៖
ដ្បិតវាមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាក្តី ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម កើតឡើងស្របពេលដែលកម្ពុជា កំពុងប្រឈមមុខដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (Everything but Arms) ។ តើវាអាចជាសម្ពាធដល់កម្ពុជាថែមទៀតទេ?
លោក ឈាង វណ្ណារិទ្ធ អះអាងថា បញ្ហាកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងវៀតណាមនេះ វាមិនមែនជាការដាក់សម្ពាធដល់កម្ពុជាទេ ពោលវាគឺជារឿងពីរដោយឡែកផ្សេងគ្នា ពីបញ្ហាអនុគ្រោះពន្ធដល់កម្ពុជា។ ប៉ុន្តែអ្វីដែលលោក មើលឃើញនោះ គឺសហភាពអឺរ៉ុបកំពុងអនុវត្តស្ដង់ដារពីរ មកលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់ឥទ្ធិពលមហាអំណាចចិន និងទាញយកផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយរបស់ពួកគេ។ ក្នុងន័យនេះលោក វណ្ណារិទ្ធ បានពន្យល់ថា ស្ដង់ដារពីរដែលសហភាពអឺរ៉ុប កំពុងអនុវត្តនោះ គឺគេផ្ដល់កិច្ចព្រមព្រៀងពាណិជ្ជសេរី ដល់វៀតណាម ដោយមិនគិតពីបញ្ហារំលោភសិទ្ធិមនុស្សនៅវៀតណាមឡើយ។ ចំណែកកម្ពុជា កំពុងប្រឈមមុខជាមួយបញ្ហាអនុគ្រោះពន្ធនេះ ត្រូវបានគេលើកឡើងពីបញ្ហាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងការគោរពសិទ្ធិការងារទៅវិញ។
តែយ៉ាងណាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ ជំរុញឲ្យកម្ពុជាពង្រីកទីផ្សារនាំចេញបន្ថែម, អនុវត្តគោលនយោបាយពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ ដើម្បីសម្រួលការរកស៊ីអ្នកវិនិយោគ ជាពិសេសពង្រឹងវិស័យកម្មន្តសាល និងផ្នែកសេដ្ឋកិច្ចឌីជីថល ដែលកម្ពុជា កំពុងអនុវត្តបច្ចុប្បន្ននេះ៕
Tag:
ឈាង វណ្ណារិទ្ធ
ពាណិជ្ជកម្ម
អឺរ៉ុប
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com