អន្តរជាតិ
អុីស្រាអែល រិះគន់​អឺរ៉ុប​ដែល​ប្រឹង​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អុីរ៉ង់
16, Jul 2019 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃទី​១៥ ខែកក្កដា រិះគន់​ការប្រឹងប្រែង​របស់​សហ​ភាព​អឺរ៉ុប​ក្នុងការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។ ពាក្យរិះគន់​នេះ កើតឡើង​ស្រប​ពេលដែល​ប្រទេស​អឺរ៉ុប​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ជជែក​ពី​ការបំពាន​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដោយ​អ៊ីរ៉ង់​។ អ៊ីស្រាអែល មិនដែល​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​នេះឡើយ ដោយ​អះអាងថា ត្រូវបាន​អ៊ីរ៉ង់​ប្រើ​ដើម្បី​លាក់បាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​ប៉ុណ្ណោះ​។​

 
​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បានបង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ជុំវិញ​ការចរចា​របស់​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​លើ​សំណុំរឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​។ រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ដែល​ពាក់ព័ន្ធ​សំណុំ​រឿងនេះ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​១៥ ខែកក្កដា​ក្រោយ​អ៊ីរ៉ង់​ប្រកាសថា ខ្លួន​បាន​ចម្រាញ់​សារធាតុ​គីមី​លើស​ការហាម​ប្រាម​ក្នុងការ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។​
 
​អឺរ៉ុប ដែល​តួនាទី​ជា​អ្នកសម្របសម្រួល​ការគោរព​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​រក្សា​ដង្ហើម​ឲ្យ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ដោយ​លំបាក​នេះ​។ កិច្ចព្រមព្រៀង​នេះ កំពុងស្ថិត​ក្នុង​ដំណើរ​ទៅរក​អវសាន​របស់ខ្លួន ខណៈ​អ៊ីរ៉ង់​ប្រកាន់​ជំហរ​លែង​គោរព ហើយ​អាមេរិក​ដែល​ដើរចេញ​នោះ ប្រឹង​ដាក់​សម្ពាធ​មិន​ដក​ដៃ​លើ​អ៊ីរ៉ង់​ទៅទៀត​។ ទាំង​អាមេរិក ទាំង​អ៊ីរ៉ង់ ក៏​សុទ្ធតែ​គ្មាន​ជំហរ​ត្រូវ​គ្នា​ក្នុង​ការចរចា សំដៅ​ការពារ​កិច្ចព្រមព្រៀង​នេះ​ផងដែរ​។​
 
​អ៊ីស្រាអែល​វិញ រីករាយ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ពិសេស​សម្ពាធ​របស់រ​ដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លើ​អ៊ីរ៉ង់ ប៉ុន្តែ​ការព្យាយាម​របស់​អឺរ៉ុប​ពិតជា​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រង្កៀស​ចិត្តខ្លាំង​។ លោក ណេ​តាន់​យ៉ា​ហ៊ូ និយាយ​បែប​ដាស់តឿន​ពី​គ្រោះថ្នាក់​បង្កដោយ​អ៊ីរ៉ង់​ថា​៖ «​វា​ហាក់ដូចជា​អឺរ៉ុប​នឹងមិន​ភ្ញាក់ខ្លួន​សោះ បើ​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ មិនទាន់​ធ្លាក់​លើដី​អឺរ៉ុប​ទេនោះ​។ បើ​ដល់​ពេលនោះ អ្វីៗ​ហួសពេល​អស់ហើយ​។​»
 
​តាមពិតទៅ អ៊ីស្រាអែល​ពិតជា​បារម្ភ​ខ្លាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​គិតថា ខ្លួន​នឹង​ជា​គោលដៅ​នៃ​អាវុធ​នេះ​មិន​ខាន ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា អ៊ីស្រាអែល និង​អ៊ីរ៉ង់​ជាស​ត្រូវ​សួ​ពូជ​ទៅហើយ​។ ជារឿយៗ បន្ថែម​ពី​គោលនយោបាយ​ការបរទេស​បញ្ច្រាស​គ្នា ប្រទេស​ទាំងពីរ​នេះ​តែង​គំរាម​កម្ទេច​គ្នា​ឲ្យ​ក្លាយជា​ផេះផង់​ផងដែរ​។ ដោយសារ​ហេតុនេះ លោក ណេ​តាន់​យ៉ា​ហ៊ូ តែង​ទទូច​ឲ្យ​រដ្ឋ​បា​លោក ត្រាំ ដាក់​សម្ពាធ​ធ្ងន់ៗ​លើ​ទីក្រុង​តេ​ហេ​រ៉ង់​។​
 
​កាលពី​សប្ដាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​ព្រមាន​ដោយ​ចំហ​ទៅកាន់​អ៊ីរ៉ង់​ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល អាច​ហោះ​ដល់​គ្រប់​ទីកន្លែង​នៅ​មជ្ឈិមបូព៌ា រាប់ទាំង​អ៊ីរ៉ង់​ផង​។ សម្ដី​ព្រមាន​របស់​មេដឹកនាំ​អ៊ីស្រាអែល ធ្វើឡើង​ក្រោយ​អ៊ីរ៉ង់​គំរាមថា អ៊ីស្រាអែល​មិន​រួចខ្លួន​ឡើយ បើ​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផ្ទុះឡើង​នៅ​ទីបំផុត​៕   

Tag:
 អ៊ីស្រាអែល​
  អឺរ៉ុប​
  អ៊ីរ៉ង់​
  បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com