ជាតិ
កម្ពុជា​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​បុរី​ក្សត្រ​ម៉ូ​ណា​កូ​
16, Jul 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ពី​ទីក្រុង​ប៉ារីស កម្ពុជា និង​ម៉ូ​ណា​កូ កាលពី​ថ្ងៃទី​១១ ខែកក្កដា បានចេញ​សេចក្តី​ថ្លែង​ការរួម​ស្តីពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ​ទាំងពីរ ក្នុង​គោលបំណង​ជំរុញ​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​ទាំងពីរ​។​



សម្រាប់អត្ថបទជាភាសាអង់គ្លេស៖ Cambodia Forges Diplomatic Relations with Monaco
 
​សេចក្តី​ថ្លែង​ការណ៍រួម​ជា​ភាសា​ខ្មែរ និង​បារាំង ដែល​ចុះហត្ថលេខា​ដោយ លោក ចែម វី​ឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​បារាំង និង​លោក Christophe Steiner ឯកអគ្គរាជទូត​ម៉ូ​ណា​កូ​ប្រចាំ​ប្រទេស​បារាំង ឈរលើ​គោលបំណង និង​គោលការណ៍​នៃ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ដទៃ​។​


 
​បុរី​ក្សត្រ​ម៉ូ​ណា​កូ ជា​ប្រទេស​តូច​ជាងគេ​បំផុត​លំដាប់​ទី​ពី​រលើ​ពិភពលោក បន្ទាប់ពី​បុរី​វ៉ា​ទី​កង់ ដោយ​លាតសន្ធឹង នៅ​ភាគ​និរតី​ទ្វីបអឺរ៉ុប និង ស្ថិតនៅ ភាគ​ខាងជើង​កណ្តាល​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ក្រោម​ផ្ទៃដី​ត្រឹមតែ ១.៩៥​គីឡូម៉ែត្រ​ការ៉េ​។​
 
​កាលពី​ឆ្នាំ​២០១៤ ព្រះអង្គម្ចាស់ អាល់​ប៊ឺ​តទី​២ (Albert II)  ដែលជា​ប្រមុខរដ្ឋ​នៃ​បុរី​ក្សត្រ​ម៉ូ​ណា​កូ ធ្លាប់​យាង​មក​កម្ពុជា ជាពិសេស​កោះរ៉ុង ខេត្ត​ព្រះសីហនុ ក្នុង​ព្រះនាម​ជា​ព្រះប្រធាន​មូលនិធិ Prince Albert II de Monaco​។ ក្រោម​គម្រោង​រយៈពេល​៣​ឆ្នាំ (២០១៣-២០១៦) មូលនិធិ​ព្រះអង្គម្ចាស់ អាល់​ប៊ឺ​តទី​ពីរ ជួយ​ដល់​សហគមន៍​នៅ​កោះរ៉ុង លើ​ការអភិរក្ស​ជីវចម្រុះ និង​ការគ្រប់គ្រង​ធនធាន​ផ្សេងៗ​។​
 
​បច្ចុប្បន្ន​កម្ពុជា មាន​ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​ជាង​១៧០ និង​មាន​ស្ថាន​តំណាង​កម្ពុជា ប្រចាំ​នៅ​បរទេស​សរុប​ចំនួន​៦០ ៕


ព្រះអង្គម្ចាស់ Albert II ពេលយាងទៅកាន់កោះរ៉ុង​កាលពី​ឆ្នាំ​២០១៤។ រូបថត UPPA VISUAL Press Agency


Tag:
 ទំនាក់ទំនង​ការទូត​
  ម៉ូ​ណា​កូ​
© រក្សាសិទ្ធិដោយ thmeythmey.com