ជាតិ
សេដ្ឋកិច្ច
ក្រសួងការងារ៖ មិនទាន់អាចកំណត់ប្រាក់ឈ្នួលគោលសម្រាប់អ្នកធ្វើការផ្នែកសេវាកម្ម ក្នុងឆ្នាំនេះបានទេ
× ភ្នំពេញ៖ តំណាងសហព័ន្ធសហជីព និងកម្មករនិយោជិតដែលធ្វើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្មនៅកម្ពុជា បានដាក់សំណើទៅ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីសុំកំណត់ប្រាក់ឈ្មួលទាបបំផុត(អប្បបរមា)៣០០ដុល្លារក្នុងមួយខែ។ បើតាមការអះអាងរបស់សហជីព ការដាក់សំណើកំណត់ប្រាក់ឈ្មួលរបស់និយោជិតក្នុងវិស័យនេះ គឺព្រោះកម្មករដែលបម្រើការងារក្នុងវិស័យទេសចរណ៍-សេវាកម្ម កំពុងរងការកេងប្រវ័ញប្រាក់ឈ្មួលនិងម៉ោងធ្វើការ។ សហជីពឲ្យដឹងថា ជាទូទៅកម្មករដែលធ្វើការក្នុងវិស័យនេះ ទទួលប្រាក់ឈ្នួលចន្លោះពី៨០ទៅ១៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
បច្ចុប្បន្ននិយោជិត ដែលបម្រើការងារនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះកាហ្វេ ផ្ទះលក់ភេសជ្ជៈ និងបម្រើការងារនៅតាមផ្ទះផ្សេងៗ ទទួលបានប្រាក់ឈ្មួលប្រចាំខែ ដែលកំណត់ស្រេចតែចិត្តរបស់់ថៅកែ ឬនិយោជកនីមួយៗរួមជានឹងការផ្តល់ឱ្យប្រាក់ធានានុគ្រោះបានតែ៥-៧ភាគប៉ុណ្ណោះ។ នេះយោងតាមសំណើរបស់សហព័ន្ធសហជីពអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្ពុជា ដែលបានដាក់ជូនទៅក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥កក្កដា ឆ្នាំ២០១៩។ គួរបញ្ជាក់ថា ប្រាក់ធានានុគ្រោះ គឺជាកម្រៃដែលអតិថិជនឱ្យទៅបុគ្គលិកនៃការបម្រើសេវាកម្មនានា ដែលត្រូវនិយោជកប្រមូលទុក ហើយត្រូវបើកបុគ្គលិក ដែលធ្វើការងារទាក់ទងនឹងអតិថិជនវិញទាំងអស់។
តាមការសិក្សាស្រាវជ្រាវលើការចំណាយរបស់កម្មករបម្រើការងារក្នុងវិស័យទេសចរណ៍ និងសេវាកម្ម នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ បានរកឃើញថា កម្មករចំណាយលើថ្លៃរស់នៅចន្លោះពី៣០០ទៅ៣៥០ដុល្លារក្នុងមួយខែ។ ការកេងប្រវ័ញកម្លាំងពលកម្ម និងការចំណាយរបស់កម្មករក្នុងវិស័យនេះ ក្រុមសហជីពសង្ឃឹមថា ក្រសួងការងារ នឹងចេញប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមា និងប្រាក់ធានានុគ្រោះ១០ភាគរយក្នុងវិស័យនេះយ៉ាងយូរនៅចុងឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះ តំណាងសហព័ន្ធសហជីព និងកម្មករនិយោជិតដែលធ្វើការងារក្នុងវិស័យកសិកម្ម ក៏បានដាក់សំណើទៅក្រសួងការងារ ដើម្បីកំណត់ប្រាក់ឈ្មួលជូនកម្មករយ៉ាងហោចណាស់៣០០ដុល្លារក្នុងមួយខែផងដែរ។
ក្រសួងការងារបានទទួលយកសំណើខាងលើនេះ ដើម្បីពិនិត្យសិក្សា និងវាយតម្លៃទៅលើស្ថានភាពជាក់ស្តែង ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) មុននឹងយកសំណើនេះទៅគណៈកម្មការប្រឹក្សាការងារ។ នេះបើយោងតាម លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើតាមអ្នកនាំពាក្យរូបនេះ ការកំណត់ប្រាក់ឈ្មួលគោលរបស់កម្មករ គឺជាយន្តការត្រីភាគី រវាងនិយោជិត និយោគជក និងរដ្ឋាភិបាល ក្នុងការសម្រួបសម្រួលប្រាក់ខែគោលអប្បបរមាណាមួយ ដោយភាគីតំណាងកម្មករមានសិទ្ធិសុំកំណត់ប្រាក់ឈ្នួល ភាគីតំណាងនិយោជក ជាអ្នកផ្តល់ឱ្យ រីឯក្រសួងជាអន្តរការីក្នុងការសម្របសម្រួល។
លោក ហេង សួរ មានប្រសាសន៍ដូច្នេះថា៖«ការសិក្សា និងការកំណត់ប្រាក់ឈ្មួលគោលនេះ អាចមានរយៈពេល២ទៅ៣ឆ្នាំ ព្រោះយើងត្រូវសិក្សាមួយជំហានម្តងៗ ទៅលើវិស័យដែលពាក់ព័ន្ធ(ទេសចរណ៍ សេវាកម្ម និងកសិកម្ម) ដោយគណៈកម្មការប្រឹក្សាការងារ នឹងវិនិច្ឆ័យទៅលើលក្ខណៈទូទៅនៃការងារក្នុងវិស័យទាំងនេះ»។ លោកបានបញ្ជាក់ថា ការងារក្នុងវិស័យនេះ មានលក្ខណៈស្មុគស្មាញជាងប្រភេទការងារក្នុងវិស័យវាយនភ័ណ្ឌ៕
Tag:
ប្រាក់ឈ្នួល
កម្មករ
ទេសចរណ៍
អ៊ិត សំហេង
© រក្សាសិទ្ធិដោយ thmeythmey.com