កីឡាអន្តរជាតិ
អន្តរជាតិ
Abe ទៅ Barca, Kubo ចូល Real បង្ហាញថា ជប៉ុន​មាន​ធនធាន​កីឡាករ​ប្រកបដោយ​សក្តានុពល​
16, Jul 2019 , 4:58 pm        
រូបភាព
Barcelona បាន​ទិញ​ខ្សែប្រយុទ្ធ​វ័យក្មេង​ជនជាតិ​ជប៉ុន Hiroki Abe ពី Kashima Antlers ក្នុងតម្លៃ ១,២៥​លាន​ដុល្លារ​អាមេរិក​។ Barca ជឿជាក់ថា​យុវជន​ដ៏​មាន​ទេពកោសល្យ​រូបនេះ​នឹង​កើន​តម្លៃ​ខ្លួន​ដល់​១០០​លាន​ដុល្លារ​។ ការផ្លាស់​ទៅ Camp Nou របស់ Abe ធ្វើឡើង​ក្រោយពី Real Madrid បាន​នាំយក​ខ្សែបម្រើ Takefusa Kubo ដែលមាន​រហស្សនាម​ថា Lionel Messi ជប៉ុន​ពី​ក្លិប FC Tokyo ទៅ​រួម​ក្រុម​។​


 
​កីឡាករ​វ័យក្មេង​ទាំងពីរ​សុទ្ធសឹង​ជា​យុវជន​វ័យក្មេង​និង​ជាប់​ជម្រើសជាតិ​ឈុត​ធំ​របស់​ជប៉ុន​ដូចគ្នា ព្រមទាំង​បានបង្ហាញ​ខ្លួន​នា​ការប្រកួត​ពានរង្វាន់ Copa America ឆ្នាំ​២០១៩ នៅ​ប្រេ​ស៊ី​ល​កន្លងមក​ទៀតផង​។ 
 
Hiroki Abe វ័យ​២០​ឆ្នាំ នឹងត្រូវ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ឈុត​បម្រុង​របស់ Barca ឬ Barcelona B ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​គ​ទី​៣​របស់​អេ​ស្ប៉ា​ញ Spanish Segunda B​។ យ៉ាងណាក៏ដោយ ម្ចាស់​ជើងឯក La Liga មួយ​នេះ​បន្ទាប់ពី​ផ្តល់​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​បាន​បញ្ចេញ​តម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា (Buyout Clause) ក្នុងតម្លៃ ៤៥​លាន​ដុល្លារ ហើយនឹង​អាច​នឹង​កើនឡើង​ដល់ ១១២​លាន​ដុល្លារ​ប្រសិន​ប់​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​តំ​ឡើងទៅ​ក្រុម​ឈុត​ធំ​។​


Hiroki Abe ដែលផ្លាស់ពី Kashima Antlers ទៅ Barca
 
Abe បានចាប់ផ្តើម​លេង​ឲ្យ​ក្រុម​អាជីព Kashima Antlers នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ជប៉ុន J-League ក្នុង​ឆ្នាំ​២០១៧ រហូត​ឆ្នាំ​២០១៩​នេះ ដោយ​បង្ហាញខ្លួន​ចំនួន​៤៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​។​
 
​ដោយឡែក ខ្សែបម្រើ Takefusa Kubo អាយុ​ទើប​១៨​ឆ្នាំ​ក៏ត្រូវ​បាន​ក្លិប Real Madrid ដែល​គេ​ដឹងថា​ជា​គូប្រជែង​ដ៏​ធំ​ជាមួយ Barca ទិញ​យកទៅ​រួម​ក្រុម Real Madrid ឈុត B ឬ Real Madrid Castilla សម្រាប់​រដូវ​កាល​ថ្មី​២០១៩-២០​នេះ​។ Kubo ក៏​ធ្លាប់ជា​យុវជន​របស់​ក្រុម​អ្នកមាន​បុណ្យ​ផងដែរ មុន​រូបគេ​ត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ដោយ​ចូលរួម​ជាមួយ FC Tokyo U-23 នៅ​ឆ្នាំ​២០១៦ និង​បន្តទៅ​ឈុត​ធំ​នៅ​ឆ្នាំ​បន្ទាប់​។ ខ្សែបម្រើ​ដែល​គេ​ឲ្យ​រហស្សនាម Messi ជប៉ុន​នេះ ក៏ត្រូវ​បាន Yokohama F. Marinos ខ្ចី​ជើង​មួយ​រដូវ​កាល​ផងដែរ​។​


Takefusa Kubo ដែលផ្លាស់ពី FC Tokyo កំពុងហាត់នៅ Real Madrid
 
​ការចុះហត្ថលេខា​ទិញយក​អ្នក​ទាំងពីរ​នេះ​បង្ហាញថា​កីឡាករ​ជប៉ុន​កំពុង​តែមាន​ទីផ្សារ​ខ្លាំង​ឡើង​ដោយសារតែ​ពួកគេ​កាន់​តែមាន​វត្តមាន​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​ទាំង ៥ នៅ​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​។​
 
​សមិទ្ធផល​កីឡាករ​ក្មេងៗ​ជំនាន់​នេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ​តែ​ជា​ផ្លែផ្កា​នៃ​យុទ្ធសាស្ត្រ​ដ៏​ល្អ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន (JFA) ដែល​បាន​បង្កើតឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​ម្លេះ​។​
 
​អ្វីៗ​ទាំងអស់​នេះហើយ ជា​មហិច្ឆតា​របស់​ជប៉ុន​ក្នុងការ​ដណ្តើម​យកពាន​រង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៥០ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​លី​គ​ក្នុងស្រុក​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ប្រជាប្រិយភាព​ជាមួយ​លី​គ​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០៣០​។​
 
​លើសពីនេះ​ទៀត ជប៉ុន​កំពុង​ចាប់ផ្តើម​គម្រោង​ដោយ​ចំណាយ​ប្រាក់​សម្រាប់​កីឡាករ​ជប៉ុន​ចំនួន ១៤​នាក់ លេង​ក្នុង​ក្របខណ្ឌ​កំពូល​នៅ​អឺរ៉ុប​ទាំង​៥ ដែល​បច្ចុប្បន្ន​មាន​កីឡាករ​មួយចំនួន​ហើយ​ក្នុងចំណោម​នោះ​កំពុង​លេង​នៅ Bundesliga, LaLiga, Premier League និង Ligue 1​។​
 
​ប្រធាន J League លោក Mitsuru Murai បាន​ចេញមុខ​អះអាង​យ៉ាង​មុតមាំ​ថា​៖«​អ្វីដែល​យើង​ធ្វើ​នេះ​ក្នុង​គោលបំណង​ដើម្បី​ក្លាយ​ជាលី​ក​ធំ​លំដាប់​ទី​៤​លើ​លោក​នៅត្រឹម​ឆ្នាំ ២០៣០»៕

Tag:
 បាល់ទាត់​
  Hiroki Abe
  Takefusa Kubo
  Real Madrid
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com