អន្តរជាតិ
លោក ប្រាយុទ្ធ ស្នើប្រជាជនថៃឲ្យអត់ធ្មត់ ព្រោះរដ្ឋាភិបាលស៊ីវិលគ្មានអំណាចពេញដៃដូចមុន នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថតដោយ AFP
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែកក្កដា បានស្នើឲ្យប្រជាជនថៃមានការអត់ធ្មត់ ក្នុងពេលរដ្ឋាភិបាលលោកដឹកនាំប្រទេស។ ថ្លែងក្រោយកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីរបស់របបយោធា លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលថ្មី អាចនឹងពិបាកក្នុងការដោះស្រាយបញ្ហានានា ព្រោះមិនមានអំណាចខ្លាំងដូចក្នុងសម័យយោធាឡើយ។ យ៉ាងណាក្ដី មេដឹកនាំថៃរូបនេះសន្យាដោះស្រាយបញ្ហាដើម្បីប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
ប្រជាធិបតេយ្យ ត្រូវបានស្ដារឡើងវិញហើយបន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកសភា និងការបង្កើតរដ្ឋាភិបាលថ្មី។ នេះជាការប្រកាសបញ្ចប់របបដឹកនាំយោធាដោយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលយោធា។ ជំនួសមកវិញ រដ្ឋាភិបាលស៊ីវិលមួយ នឹងដឹកនាំប្រទេសដោយមានលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី តែក៏លែងមានសិទ្ធិអំណាចធ្វើអ្វីស្រេចចិត្តទឿតហើយ ព្រោះត្រូវគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។
នៅបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលយោធាចុងក្រោយ លោក ប្រាយុទ្ធ និយាយថា សិទ្ធិ និងសេរីភាព ក៏ត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញ ហើយបញ្ហា ត្រូវដោះស្រាយតាមរយៈដំណើការប្រជាធិបតេយ្យជាជាងអំណាចពិសេស។ ជុំវិញអំណាចពិសេសនេះ លោក ប្រាយុទ្ធ ចង់សំដៅដល់អំណាចក្រោមមាត្រា៤៤ ដែលផ្ដល់ឲ្យលោកនូវសិទ្ធិ និងអំណាចពិសេសដែលអាចសម្រេចចិត្តបានតាមចិត្ត ហើយមិនចាំបាច់ឆ្លងកាត់នីតិវិធីអ្វីឡើយ។
ព្រោះគ្មានអំណាចពិសេសបែបនេះ លោក ប្រាយុទ្ធ លើកឡើងថា ការដោះស្រាយបញ្ហាឲ្យប្រជាជនខ្លះ អាចធ្វើឡើងយឺតៗប៉ុណ្ណោះ ដ្បិតមានការរឹតត្បិតដោយច្បាប់ នយោបាយ ថវិកា និងភាពចាំបាច់ក្នុងការស្ដាប់មតិផ្សេងៗ ក៏ដូចជាការគោរពតាមនីតិវិធីប្រជាធិបតេយ្យ។ លោកបន្តថា៖ «គ្រប់ភាគី ត្រូវតែរៀនរស់នៅដោយសន្តិភាព រក្សាការអត់ធ្មត់ បញ្ជៀសជម្លោះ មានហេតុផល មានវិន័យ ព្រមទាំងគោរពសំឡេងភាគច្រើន។
ក្រោយការចូលដឹកនាំប្រទេសផ្លូវការហើយនោះ រដ្ឋាភិបាលថ្មី ក៏នឹងអនុវត្តវិធានការនានាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ការធ្លាក់ចុះតម្លៃកសិផល បញ្ហាសង្គម ជំរុញជីវភាពរស់នៅរបស់ប្រជាជន និងចំណាយថវិកាឲ្យស្របតាមគោលនយោបាយរដ្ឋាភិបាល យុទ្ធសាស្ត្រជាតិ និងរដ្ឋធម្មនុញ្ញ។ ចូលដឹកនាំប្រទេសក្នុងនាមរដ្ឋាភិបាលស៊ីវិលនេះដែរ លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីនេះ ជាកម្មសិទ្ធិពលរដ្ឋថៃ ហើយលោកនឹងមិនលំអៀងរកខាងណាឡើយ។
នៅថ្ងៃចុងក្រោយនៃរបបយោធា លោក ប្រាយុទ្ធ ដែលដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤ មកនោះ ក៏ឆ្លៀតរំលេចស្នាដៃរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់អំឡុងពេល៥ឆ្នាំមកនេះ។ លោកបញ្ជាក់ថា ក្រុមប្រឹក្សានេះ សម្រេចបានលទ្ធផលជាច្រើនតាមរយៈការធ្វើការដោយប្រឹងប្រែង អត់ធ្មត់ និងការលះបង់ ហើយរបបយោធាក៏បានបង្កើតជាមូលដ្ឋានថ្មីក្នុងការដឹកនាំប្រទេសឲ្យរដ្ឋាភិបាលស៊ីវិលផងដែរ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com