ការធ្វើជំរឿនលើកទី៣ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ បង្ហាញថា ប្រជាជនកម្ពុជាសរុប មានជាង១៥លាន២សែននាក់។ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់ពេញចិត្តនៅឡើយទេ ចំពោះចំនួននេះ។
តាមតែចិត្តចង់បាន សម្តេច ស ខេង ចង់ឲ្យប្រជាជនកម្ពុជា កើនឡើងដល់ទៅជាង៣០លាននាក់ឯណោះ។ នាពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តបុញ្ញខេត្តារាម ហៅវត្តថ្មី នៅខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចរដ្ឋមន្ត្រី ថ្លែងដូច្នេះថា៖«១៥លាន២សែននាក់ហ្នឹង តិចពេកសម្រាប់ខ្មែរយើង។ យ៉ាងហោចណាស់បាន១៥លាន២សែនពីរដង ព្រោះទឹកដីនៅធំ»។
ដើម្បីបានចំនួនកើនឡើងទ្វេដងនេះ សម្តេចរដ្ឋមន្ត្រី លើកទឹកចិត្តឲ្យមានកូនយ៉ាងតិច៥-៦នាក់ជាមធ្យម ក្នុងមួយគ្រួសារ។ សម្តេច មានប្រសាសន៍បែបនេះថា៖«បើមានកូនច្រើនកាលណា ល្អកាលនុ៎ង....តែយើងក៏ត្រូវគិតដល់កត្តាចិញ្ចឹមដែរ»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ គ្រាន់តែបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយអះអាងថា រដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយបង្ខំឬកំណត់ឲ្យប្រជាជន មានកូនចំនួនប៉ុន្មាន ដូចបណ្តាប្រទេសដទៃនោះទេ ហើយរដ្ឋាភិបាលកម្ពុជា ក៏មិនហាមឃាត់ប្រជាជន ក្នុងការពន្យារកំណើតដែរ។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច យល់ថា ប្រជាជនកម្ពុជា អាចកើនឡើងដល់ជាង៣០លាននាក់ ដូចការលើកឡើងរបស់សម្តេច ស ខេង ប៉ុន្តែត្រូវការពេលវេលាយូរបន្តិច។ លោក បញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនកម្ពុជា កើនឡើងប្រមាណ១,៤ភាគរយក្នុង១ឆ្នាំ ដូច្នេះ លោក សន្និដ្ឋានថា ទម្រាំប្រជាជនកម្ពុជា អាចកើនឡើងដល់ជាង៣០លាននាក់ គឺត្រូវការពេលយ៉ាងហោច៤០ទៅ៥០ឆ្នាំទៀត។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ក៏ចង់ឲ្យកម្ពុជា មានប្រជាជនច្រើនដែរ ដើម្បីជួយឲ្យសេដ្ឋកិច្ចរឹងមាំ និងអាចប្រកួតប្រជែងជាមួយប្រទេសដទៃ ដូចជាវៀតណាម ជាដើម ដែលមានប្រជាជនដល់ទៅជិត១០០លាននាក់។ លោក មើលឃើញថា ប្រជាជនច្រើន ជាកត្តាមួយដែលអាចនាំឲ្យសម្បូរកម្លាំងពលកម្ម និងធនធានមនុស្ស។
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បកស្រាយថា៖«បើប្រជាជនយើង កើនឡើងទ្វេដង ក៏ដីធ្លីនៅកម្ពុជា នៅតែមានសមតុល្យដែរ (មិនខ្វះដី)។ យើង នៅមានដីនៅទំនេរច្រើន ដែលអាចអភិវឌ្ឍវិស័យនានា និងកសាងលំនៅឋាន»។
សូមរម្លឹកថា ប្រជាជនកម្ពុជាប្រមាណ១,៧លាននាក់ បានបាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម។ អំឡុងឆ្នាំ១៩៧៩ គឺនៅក្រោយរបបខ្មែរក្រហម ដួលរលំ ប្រជាជន នៅសល់ប្រមាណ៥លាននាក់ និងបានកើនឡើងដល់ជាង១៥លាននាក់នាពេលបច្ចុប្បន្ន ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ៧,៥ភាគរយ។ រដ្ឋាភិបាល ប្រកាសថា អត្រានៃភាពក្រីក្រ បានធ្លាក់មកនៅក្រោមវង្វង់១០ភាគរយ៕