ជាតិ
អ្នកនាំពាក្យខេត្តមណ្ឌលគិរី បំភ្លឺថា ភ្នំដោះក្រមុំ មិនបានលក់នោះទេ
× ពុំមានការលក់ភ្នំដោះក្រមុំឡើយ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន ដែលចេញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
អ្នកនាំពាក្យ សរសេរក្នុងសេចក្តីបំភ្លឺយ៉ាងដូច្នេះថា៖«ភ្នំដោះក្រមុំ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី ការពារ និងទប់ស្កាត់ការរំលោភបំពានពីបុគ្គលនានា ហើយដោះស្រាយផលប៉ះពាល់ផ្សេងៗ ដើម្បីរក្សាវប្បធម៌ជនជាតិដើមភាគតិច និងសម្រាប់ពលរដ្ឋទូទៅ ទុកជាទីសក្ការៈគោរពបូជា»។
ការចេញសេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីបុរសម្នាក់ បានផ្សាយផ្ទាល់ (Live) តាមគណនីហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ស្អែកស្លាប់អ្នកប្រយុទ្ធ» កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដោយចោទថា អភិបាលខេត្តមណ្ឌគិរី បានលក់ភ្នំដោះក្រមុំ សួនច្បារសែនមនោរម្យ សមុទ្រឈើ និងចម្ការស្រល់ជាព្រះរាជទ្រព្យព្រះមហាក្សត្រ។
អ្នកនាំពាក្យ បកស្រាយពីចម្ការស្រល់ថា ចម្ការស្រល់របស់ក្រុមហ៊ុនដីសម្បទាន មានប្រមាណ១៧៨០០ហិកតា ចម្ការស្រល់របស់រដ្ឋបាលព្រៃឈើ មាន២២០ហិកតា ចម្ការស្រល់ ដែលដាំក្នុងពិធីប្រារព្ធរុក្ខទិវា ក្រោមព្រះរាជធិបតីភាពព្រះមហាក្សត្រ មានប្រមាណ២០ហិកតា និងចម្ការស្រស់ ដែលដាំក្នុងអំឡុងឆ្នាំ១៩៦០មួយចំនួនទៀត ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនិងក្រសួងកសិកម្ម។
ចំណែកករណីសួនច្បារសែនមនោរម្យ អ្នកនាំពាក្យ បញ្ជាក់ថា រដ្ឋបាលខេត្ត កំពុងសាងសង់តាមគម្រោងអភិវឌ្ឍន៍សួននេះ ដោយមានមន្រី្តជំនាញបានសិក្សាពីខាងក្រសួងរៀបចំដែនដី ដែលសម្រេចពីរាជរដ្ឋាភិបាល។
រីឯករណីសមុទ្រឈើ ដែលមានព្រៃឈើលាតសន្ធឹងជាច្រើនពាន់ហិកតា ជាដីព្រៃរបស់រដ្ឋ។ ក្រៅពីនេះ ការរៀបចំកន្លែងអាហារដ្ឋាន លំហែកាយ និងកន្លែងកម្សាន្តនានាជាកម្មសិទ្ធិរបស់ពលរដ្ឋ ដែលបានកាន់កាប់តាមច្បាប់។ នេះជាបើតាមអ្នកនាំពាក្យដដែល។
អ្នកនាំពាក្យ បានស្នើឲ្យបុគ្គលខាងលើ កែតម្រូវករណីចោទប្រកាន់នេះ បើពុំនោះទេ នឹងត្រូវចាត់វិធានការតាមច្បាប់។ យ៉ាងណា វីដេអូដែលផ្សាយផ្ទាល់លើគណនីហ្វេសប៊ុក «ស្អែកស្លាប់ស្អែកស្លាប់អ្នកប្រយុទ្ធ» ត្រូវបានលុបចេញវិញហើយ៕
Tag:
ភ្នំដោះក្រមុំ
ចម្ការស្រល់
សមុទ្រឈើ
សួនស្បារសែនមនោរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com