កីឡាជាតិ
ជាតិ
គង់ សំបូរ បង្កើន​ការហ្វឹកហាត់​ដើម្បី​បាន​ឡើង​សង្វៀន ONE ជាថ្មី​
16, Jul 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​កីឡាករ​គុន​ខ្មែរ​ជើង​ខ្លាំង គង់ សំបូរ របស់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប បាន​ខិតខំ​ហ្វឹកហាត់​ទ្វេដង ដើម្បី​ទទួលបាន​ការអញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship ជាថ្មី​ម្ដង​ម្ដងទៀត បន្ទាប់ពី​រង​បរាជ័យ​កាល ចុងខែ កុម្ភៈ​ទល់នឹង​កីឡាករ​ចិន​នៅ​សិង្ហ​បុរី​។


 
​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​ប្រាប់ថា ៖«​តាំងពី​ចាញ់​កីឡាករ​ចិន Zhang Chenlong មក ខ្ញុំ​បាន​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេដង​ជាមួយ​គ្រូបង្វឹក ជា រិ​ទ្ធ​។ បច្ចុប្បន្ននេះ​ខ្ញុំ​យល់ឃើញថា កម្លាំង​របស់ខ្ញុំ​ល្អ​ជាង​មុន​ឆ្ងាយ ហើយ​ខ្ញុំ​វ៉ៃ ៥ ទឹក​អី​មិនសូវ​ហត់​ទេ​។ ខ្ញុំ​ខំ​បែបនេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ ONE គេ​ឃើញ និង ចង់​ឡើង​សង្វៀន​អន្តរជាតិ​នេះ​ជាថ្មី​»​។ ក្រៅពី​ការហ្វឹកហាត់​បានល្អ គង់ សំបូរ ក៏​ចៀសវាង​លើ​ការហូបចុក​ចំណីអាហារ​ផ្ដេសផ្ដាស​ដែរ ដោយ​ត្រូវ​គិត​អំពី អាហារ​ណា​ត្រូវ​ញុំ​ា និង អាហារ​ណា​មិនត្រូវ​ញុំ​ា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​។ 


 
​ក្នុងការ​ប្រកួត​ក្នុងស្រុក​កន្លងមក បន្ទាប់ពី​បង្ហាញមុខ​នៅ​សង្វៀន ONE កាល​ខែ កុម្ភៈ អតីត​កូនសិស្ស​នៅ​ក្លិប​ក្រសួងការពារជាតិ បាន​យកឈ្នះ​ជា​បន្តបន្ទាប់​ដូចជា ឈ្នះ ពុ​យ វណ្ណៈ​,​ជា សំនៀង​, ទី ព​ន្លែ​ត​, រ៉ា​ក់ វិ​ច្ឆ័​យ​, ឃឹម ពេជ្រ​ចិន្តា​, អេ​លី​ត ភក្ដី​, ភិន សុទី និង ហុត គឺ​ម​ហៀ​ង ជាដើម​។ ដោយសារ​ការប្រកួត​លេចធ្លោ​បែបនេះ គង់ សំបូរ មានឈ្មោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ថៃ​នា​ចុងខែ កក្កដា​នេះ​។ 
 
​ជាមួយគ្នានេះដែរ គ្រូបង្វឹក ជា រិ​ទ្ធ បានបញ្ជាក់​អំពី​ចំណុច​ល្អ​របស់​កូនសិស្ស​បែបនេះ ៖«​គង់ សំបូរ ឥឡូវ​ហ្វឹកហាត់​ខ្លាំងក្លា​ណាស់ កម្លាំង​ស៊ុ​ហ្វ​ក៏​ល្អ​ជាង​មុន​។ ពេល​ឡើង​វ៉ៃ​ម្ដងៗ អត់​មាន​ថយ​ទេ គឺ សម្រុកចូល​វ៉ៃ​តែម្ដង​។ តាំងពី​ប្រកួត​នៅ ONE សំបូរ ហាក់​បើកភ្នែក​ភ្លឺ​តែម្ដង ព្រោះ​ពីមុនមក​គាត់​មិនដែល​បាន​ឡើង​សង្វៀន​ធំៗ​។ សំបូរ ព្យាយាម ធ្វើតាម​អ្វីដែល​ខ្ញុំ​បាន​បង្ហាត់ អត់​រាថយ​ពីរ​ជំហាន​ដូច​មុន​ទេ ហើយ​ខ្ញុំ​បាន​ស្រាវជ្រាវ​ក្បាច់​វ៉ៃ​ផ្សេងៗ​ដល់ សំបូរ​ដែរ​»​។ គ្រូបង្វឹក​វ័យ​៣៧​ឆ្នាំ​រូប​បន្តទៀតថា បច្ចុប្បន្ននេះ គង់ សំបូរ ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប​ក្នុងចំណោម​កីឡាករ​នៅ​កម្ពុជា ក្រោយ​ផ្អាក​ឡើង​សង្វៀន​ប្រហែល ២ ឆ្នាំ​។ ការ​ខំប្រឹង​របស់ សំបូរ មួយរយៈ​ចុងក្រោយ​នេះ​មាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ហើយ កីឡាករ​ក្នុងស្រុក​ភាគច្រើន​ពិបាក​ឈ្នះ សំបូរ ហើយ ការប្រកួត​មួយរយៈ​មកនេះ​មិន​ងាយ​ចាញ់​កីឡាករ​ក្នុងស្រុក​ដូចគ្នា​នោះទេ​។ 
 
​គ្រូបង្វឹក​ដែលមាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ភាសា​អង់គ្លេស រៀបរាប់​ទៀតថា បន្ត​លើកសរសើរ​ថា សំបូរ ជា​កីឡាករ​ប្រដាល់​មិន​ត្រឹម​មាន​ស្នៀត​ល្អ ថែមទាំង​ចេះ​វ៉ៃ​ការពារ ចេះ​វ៉ៃ​ដោះ ស្ទាបស្ទង់​គូប្រកួត និង មិន​ងាយ​ឲ្យ​គូប្រកួត​របួស​ងាយៗ​នោះទេ​។ យ៉ាងណាក្ដី ការប្រកួត​យកឈ្នះ​ពិន្ទុ​វា​ជា​រឿង​ល្អ​បំផុត​។ 
 
​គួរ​ដឹង​ដែរ​ថា គង់ សំបូរ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួងការពារជាតិ មុន​ផ្លាស់​ហ្វឹកហាត់​ជាមួយ​គ្រូ ជា រិ​ទ្ធ ដែល​បង្ហាត់​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ជិត ២​ឆ្នាំ មកនេះ​។  ដោយសារ​បច្ចេកទេស​ប្រកួត​កាន់តែ​ប្រសើរឡើង គង់ សំបូរ តែងតែ​យកឈ្នះ​កីឡាករ​ក្នុងស្រុក​ភាគច្រើន ប៉ុន្តែ​រូបគេ​ទើប​ឡើង​សង្វៀន ONE តែម្ដង​គត់ ពោល​ពេល​ពេល​ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenlong ក្នុង​កម្មវិធី​ប្រកួត Kickboxing កាល​ចុងខែ កុម្ភៈ កន្លងទៅ​នៅ​សិង្ហ​បុរី​។​
 
​សំបូរ ជា​ម្ចាស់​ពាន​នៅ​កម្មវិធី​ខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុ​យ វណ្ណៈ​ដោយ​ពិន្ទុ ដែល​រៀបចំឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កាល​ខែមេសា ឆ្នាំ ២០១៩ កន្លងទៅ​។ ការ​ឈ្នះ​ពាន​នេះ ព្រោះ​គេ​តម្រូវ​ឲ្យ​ជើងឯក​ប៉ះ​ជើងឯក ពោល សំបូរ ជា​ជើងឯក​ខ្សែក្រវាត់ Tiffy ឆ្នាំ ២០១៣ និង វណ្ណៈ ជា​ជើងឯក Tiffy ឆ្នាំ ២០១៨៕ 

© រក្សាសិទ្ធិដោយ thmeythmey.com