កីឡាជាតិ
ជាតិ
៣​រឿង​ដែល​អ្នក​អាច​មិនដឹង​អំពី​អ្នកលេង​គុន​ចម្រុះ ចាន់ សំអាត
17, Jul 2019 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី 
 
​កីឡាករ​គុន​ចម្រុះ និង គុន​ខ្មែរ ចាន់ សំអាត ចាប់ផ្ដើម​មានឈ្មោះ​បោះ​សំឡេង​រហូតដល់​បច្ចុប្បន្ន បន្ទាប់ពី​រូបគេ​ចូលប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន​តាំងពី​ឆ្នាំ ២០០៨ មក​។ ជាមួយគ្នានេះ គេ​មាន​ចំណុច​សំខាន់​ចំនួន ៣ ដែល​អ្នកគាំទ្រ​អាច​មិនដឹង​អំពី អ្នកលេង​គុន​ចម្រុះ​រូបនេះ​ដូចជា​ជីវិត​គ្រួសារ ការចូល​ហាត់​ប្រដាល់​ដំបូង និង ការ​ប្រឡូក​ក្នុង​វិស័យ​គុន​ចម្រុះ​។


 
១-​ជីវិត​គ្រួសារ​
 
​ចាន់ សំអាត មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ ចាន់ សំអាត រៀបការ​តាំងពី​ឆ្នាំ ២០១២ ជាមួយ​ប្រពន្ធ​ឈ្មោះ ប្រពន្ធ សាន្ត ឆេង​ហួង នៅ​ស្រុក​អន្លង់វែង​ខេត្តបន្ទាយមានជ័យ​។ ភរិយា របស់ សំអាត បម្រើ​ការងារ​នៅ​អង្គការ​មួយ​នៅឯ​ស្រុកកំណើត​។ សំអាត និង ភរិយា ជា​អ្នករស់នៅ​ក្នុងភូមិ​ក្បែរ​គ្នា​។ មុន​ចូល​រោង​ជ័យ​អ្នក​ទាំង​ពីរបាន​មើលចិត្ត​គ្នា​អស់​រយៈពេល​ប្រមាណ​២ ឆ្នាំ​។ ក្ដី​ស្រលាញ់​មួយ​នេះ​មិនមាន​ការណែនាំ​ពី​សាច់ញាតិ ឬ ការបង្ខំ​ទេ ប៉ុន្តែ​វា​ជាការ​ក្ដី​ស្រលាញ់​ពិតប្រាកដ​រវាង​សាមីខ្លួន​ទាំងសងខាង​។ អ្នក​ទាំងពីរ​បង្កើតបាន​ចំណងដៃ​បានកូន​ប្រុស​អាយុ ៥ ឆ្នាំ និង កូនស្រី អាយុ ២​ឆ្នាំ​។ ដ្បិត​រៀបការ​តាំងពី ៧ ឆ្នាំមុន ប៉ុន្តែ  សំអាត នៅតែ​អាច​គ្រប់គ្រង​ខ្លួនឯង និង នៅ​ប្រកប​អាជីព​ជា​កីឡាករ​ប្រដាល់​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា​។ 


 
២-​ដូរ​ឈ្មោះ​ត្រកូល​រៀមច្បង ខុន ស៊ី​ចាន់ ពេល​ប្រឡូក​លើស​ង្វៀន​ប្រដាល់​
 
​វា​អាចជា​រឿង​ចៃដន្យ​មួយ​ឬ ខ្សែជីវិត​តម្រូវ​ឲ្យ​បែបនេះ​ក៏​ថា​បាន​។ ចាន់ សំអាត មិនដែល​នឹកឃើញ​រឿង​ឡើង​ប្រដាល់​អាជីព​នៅលើ​សង្វៀន​ឡើយ ប៉ុន្តែ​រូបគេ​ធ្លាប់​ហាត់​លេង និង ទាត់​បាវ​សាក់​នៅក្នុង​ភូមិ​កាល​នៅ​តូចៗ​ជាមួយ​ក្មេងៗ​ដូចគ្នា​ក្នុងភូមិ​។ សំអាត ជា​អ្នក​រៀនសូត្រ​ម្នាក់​ក្នុងចំណោម​ក្មេងៗ​ទាំង ឡាយ​ពេល​មាន​ជំហរ​រឹងមាំ​ពី​ឳ​ពុក​ទំនុកបម្រុង​។ ពេល​ឳ​ពុក​របស់ខ្លួន​លាចាក ចោល​ម្ដាយ​និង​បងប្អូន​ប្រុស​ស្រី​៣ នាក់​នៅ​ឆ្នាំ ២០០២ ធ្វើ​ឲ្យ សំអាត ប្រែចិត្ត​ទៅជា​ក្មេង​ម្នាក់​ដើរលេង​ច្រើន ឬ ហៅថា​ក្មេងស្ទាវ​មិន​ចូល​សាលា និង ឈប់រៀន​ត្រឹម​ថ្នាក់​ទី ៧ ប៉ុណ្ណោះ ដោយសារ​ការបាក់​ទឹកចិត្ត​។ ប៉ុន្តែ គ្រាមួយ​នោះ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ឆ្នាំ ២០០៨ គេ​ប្រកា​សរក​អ្នក​ប្រកួត នៅលើ​រេញ​ជាប់ដៃ ក្នុង​វត្ត «​ថ្លា​ត​» ដែលជា​កម្មវិធី​សប្បាយៗ សំអាត ក៏​ឡើង​ប្រកួត ហើយ​ទទួល​ជ័យជម្នះ​។  ពេលនោះ​អ្នក​ប្រដាល់​ជើងចាស់ ខុន ស៊ី​ចាន់  ក៏មាន​វត្ត​មាននៅ​ទីនោះ ហើយ​និយាយ​ទៅកាន់ សំអាត ថា ៖« សំអាត វ៉ៃ​ស៊ូ​គ្រាន់បើ ទោះ​អត់​ទាន់​ចេះ​ក្បាច់ ...​បើសិន​បាន​ហ្វឹកហាត់​ទៀត ល្អ​»​។ មិនយូរប៉ុន្មាន ខុន ស៊ី​ចាន់ បាន​ណែនាំ សំអាត ទៅ​ហាត់​ជាមួយ​លោក គ្រូ ឡោ វុទ្ធី នៅ​ក្លិប កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​។



ពេល​ចូល​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក ឡោ វុទ្ធី និង បង្ហាញ​អំពី​ការដឹងគុណ​ដល់ ខុន ស៊ី​ចាន់ ផង​នោះ ក៏​សំអាត បាន​ប្រើ​ឈ្មោះ ចាន់ សំអាត តាំងពី​ឆ្នាំ ២០០៨ នោះមក​។ តាមពិត​ឈ្មោះ​ដើម​របស់ខ្លួន គឺ «​ធាន អាត​»​។ ចាប់ពីពេលនេះ​មក ទៅណា​មក​ណា ប្រកួត​នៅ​ខេត្ត ឬ ភ្នំពេញ  ខុន ស៊ី​ចាន់ តែងតែ​យក សំអាត ទៅជា​មួយ​ជានិច្ច​។ ដោយសារ សំអាត រឹង​ដៃជើង និង ដូរ​ក្លិប​ហ្វឹកហាត់​ទើប​បែក​គ្នា​ជាមួយ ខុន ស៊ី​ចាន់ ប៉ុន្តែ​ទំនាក់ទំនង​នៅ​ល្អ​ដដែល​រវាង​បងប្អូន​ទាំងពីរ​នេះ​។ កីឡាករ​គុន​ចម្រុះ​វ័យ ២៦ ឆ្នាំ​រូបនេះ​រំលឹកថា ខុន ស៊ី​ចាន់ ជា​មនុស្ស​ដំបូង​ណែនាំ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​ប្រដាល់​រហូតដល់​គុន​ចម្រុះ​បច្ចុប្បន្ន​។  
 
៣-​ការចូល​ប្រកួត​ក្នុងនាម​កីឡាករ​ជំនួស​រហូតដល់​ឈ្នះ​ខ្សែក្រវាត់ Khmer Warrior Challenge
 
​នៅ​ឆ្នាំ ២០១៣ ចាន់ សំអាត ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ ដើម្បី​ប្រកួត​ក្នុង​កម្មវិធី Khmer Warrior Challenge ដែល​រៀប​ឡើង​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV ដោយ​ការផ្ដួចផ្ដើម​របស់​សព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡា CBS​។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​ស្នាក់នៅ ហូបចុក​ជុំគ្នា និង ហាត់​ជុំគ្នា​ដោយ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជាច្រើន មាន​ប្រដាល់សេរី យូ​ដូ  ចំបាប់ និង គុន​ចម្រុះ​ជាដើម​។ ចាន់ សំអាត ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​ហៅ​ឲ្យ​ចូល​ជំនួស​គេ បន្ទាប់ពី មាន​កីឡាករ​ម្នាក់​រត់ចោលជួរ​ក្នុងការ​ប្រមូលផ្ដុំ​។ ទីបំផុត​ក្នុ​នាម​កីឡាករ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ដើម​របស់​កម្មវិធី កីឡាករ​មកពី​ខេត្តឧត្ដរមានជ័យ​រូបនេះ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣​នៅ​ឆ្នាំ ២០១៤​។  នៅ ឆ្នាំ ២០១៤ ដដែល​គេ​បាន​ស្គាល់​គ្រូ​ហ៊ុន ច័ន​រាជ្យ និង បន្ត​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ដល់​សព្វថ្ងៃ​។ កីឡាករ​ដែលមាន​ឈ្មោះ ដើម ធាន អាត ទទួលបាន​ការអញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship ជារឿយៗ ។ នា​ដើមខែ​សីហា​ខាងមុខនេះ បុរស​កូន​ពីរ​នឹង​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​នៅ​សង្វៀន ONE ជាថ្មី​នា​ប្រទេស​សិង្ហ​បុរី​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com