ជាតិ
សម្តេច ហ៊ុន សែន​៖ គ្រេច​ស្មា​ស្តាំ​ព្រោះ​ជិះ​កង់​ដែល​ស្ទើរតែ​អស់​ល្បឿន ហើយ​ដួល​ទៅលើ​ស្មៅ​
16, Jul 2019 , 5:37 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៦ ខែកក្កដា នេះ បាន​បកស្រាយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​សម្តេច​គ្រេច​ស្មា​ស្តាំ​កន្លងមក​។ ករណីនេះ បណ្តាលមកពី​សម្តេច​ជិះ​កង់​ល្បឿន​លឿន ហើយ​ដួល​ទៅលើ​ស្មៅ​។​

 
​សម្តេច​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​ឆ្ងល់​ថា ហេតុអ្វី​បាន​ខ្ញុំ​គ្រេច​ស្មា​? ចម្លើយ​ខ្លី​របស់ខ្ញុំ​មកពី​ខ្ញុំ​រពឹស​។ មកពី​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ត្រៀម​ទៅ​វាយកូនគោល​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។ ក្រោក​ពីស​ម្រាក​ថ្ងៃរសៀល នឹកឃើញ​ចង់​រៀន​ជិះ​កង់​ប្រណាំង ក៏​រៀបចំខ្លួន​ជិះ​កង់​តាម​ក្បួនខ្នាត​មាន​ទាំង​មួកសុវត្ថិភាព​ផង​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​បាន​បន្ថែមថា សម្តេច​បាន​ជិះ​កង់​ប្រហែល​៥០​នាទី ហើយ​ត្រូវ​ឈប់​ព្រោះ​បែកញើស​ខ្លាំង ប៉ុន្តែ​កង់​ដែល​ស្ទើរតែ​អស់​ល្បឿន​បាន​ដួល​ទៅលើ​ស្មៅ ហើយ​បណ្តាល​ឲ្យ​សម្តេច​គ្រេច​ស្មា​ខាងស្តាំ​។ 
 
​តាម​រូបភាព​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ កង់​ដែល​សម្តេច ហ៊ុន សែន បាន​ជិះ​ជា​ប្រភេទ​កង់​ផលិត​នៅ​អាមេរិក ម៉ាក S-Works​។ តាម​តម្លៃ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ផលិត​កង់ ទោចក្រយាន​ម៉ាក​នេះ មានតម្លៃ​ក្នុង​រង្វង់​១​ម៉ឺន​ដុល្លារ​អាមេរិក ទៅតាម​ម៉ូ​ដែល​។​
 
«​សុំ​បញ្ជាក់ថា​កង់​ដែល​ខ្ញុំ​ជិះ​នេះ​ជា​ប្រភេទ​កង់​ប្រណាំង​ដែល​ទើប​ទិញ​មក​សម្រាប់​ការហាត់​របស់ខ្ញុំ​ដើម្បី​ឈានទៅ​ចុះឈ្មោះ​ជា​កីឡាករ​ប្រណាំង​កង់​សម្រាប់​មនុស្ស​ចាស់​តែ​ខ្ញុំ​ផ្តាំ​ថា​អាយុ​លើសពី​៥០​ឆ្នាំ​គួរ​កុំ​ជិះ​កង់​ប្រភេទ​នេះ​នាំ​គ្រោះថ្នាក់​ឬ​ឈឺខ្លួន​ដូច​ខ្ញុំ​នេះ​ស្រាប់​»​។ នេះ​ជា​ដំបូន្មាន​របស់​សម្តេច ហ៊ុន សែន​។​
 
​ករណី​គ្រេច​ស្មា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ទៅ​សម្រាក​ព្យាបាល​រយៈពេល​ខ្លី​នៅ​សិង្ហ​បុរី នាពេល​កន្លងមក​។ ក្រោយ​ព្យាបាល សម្តេច​អះអាងថា សុខភាព​របស់​សម្តេច​គ្មាន​បញ្ហា​អ្វី​នោះឡើយ ប៉ុន្តែ​សម្តេច​ត្រូវ​ផ្អាក​វាយកូនគោល​មួយរយៈ​។​
 
​ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន​ឆ្លើ​ប​តប​ទៅ​ក្រុម​អ្នក​ប្រមាថ​អាយុជីវិត​សម្តេច​ថា​៖ «​ឈប់​បាន ឈប់​ទៅ​! ធ្វើ​នយោបាយ​ចង់ចាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច សូម​រង់ចាំ​ជាតិ​ក្រោយ​ចុះ​!»​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​បន្តទៀត​ថា​៖«​យមរាជ មិនត្រូវ​ការ​ជីវិត​ខ្ញុំ​ទេ ក្នុង​រយៈពេល​មិនតិចជាង​៤០​ឆ្នាំ​ខាងមុខ​។ យមរាជ ត្រូវការ​ឲ្យ​ខ្ញុំ​នៅ​បម្រើប្រជាជន និង​កម្ចាត់​ពួកក្បត់​ជាតិ ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​»​។​
 
​ក្រោយមក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖  «​បើ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ ប្រឌិត​បំភ្លៃ​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​មានការ​ជ្រួលច្របល់​មតិសាធារណៈ ជាហេតុ​ផល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករ​ដ្ឋ​មន្ត្រី គឺជា​បទល្មើស​ព្រហ្មទណ្ឌ​»៕

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com