អន្តរជាតិ
​អាស៊ីអាគ្នេយ៍​ក្លាយ​ជាធុងសំរាម​លោកខាងលិច ក្រោយ​ចិន​បិទ​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​?
17, Jul 2019 , 10:20 am        
រូបភាព
មន្ត្រីគយឥណ្ឌូណេស៊ី ចុះពិនិត្យកុងតឺន័រ ដែលផ្ទុកដោយសំរាមមកពីអូស្រ្តាលី នៅកំពង់ផែ Surabaya (AFP)
មន្ត្រីគយឥណ្ឌូណេស៊ី ចុះពិនិត្យកុងតឺន័រ ដែលផ្ទុកដោយសំរាមមកពីអូស្រ្តាលី នៅកំពង់ផែ Surabaya (AFP)
ដោយ:
​កាលពី​ខែមករា ឆ្នាំ​២០១៨ ចិន បានអនុម័ត​គោលនយោបាយ​មួយ ហៅថា «​ដាវ​ជាតិ​» ឬ​ភាសា​អង់គ្លេស « National Sword» ដោយ​ហាមឃាត់​ការ​នាំចូល​សម្ភារ​កែច្នៃ​ឡើងវិញ​ចំនួន​២៤​ប្រភេទ ក្នុងនោះ​ក៏មាន​សំណល់​ប្លា​ស្ទិ​ក​កែច្នៃ​ផងដែរ​។ ការដាក់ចេញ​វិធានការ​នេះ  គឺ​ស្ថិត​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​ក្រុង​ប៉េកាំង​ដើម្បី​ការពារ​បរិស្ថាន និង​សុខភាព​ពលរដ្ឋ ក្នុង​គោលដៅ​ទប់​ទល់នឹង​កំណើន​នៃ​បញ្ហា​សំណល់​របស់ខ្លួន​។

 
​ក្រោយពី ២៥​ឆ្នាំ​នៃ​ការបើកទ្វារ​ទទួលយក​សំណល់ ១០៦​លាន​តោន (៤៥​ភាគរយ ជា​សំណល់​ប្លា​ស្ទិ​ក​) ចិន បាន​បដិសេធ​ទិញ​សំណល់​ប្លា​ស្ទិ​ក​កែច្នៃ​គ្រប់​ប្រភេទ​ទាំង​អស់ពី​បរទេស ដែល​ភាគច្រើន​មកពី​សហរដ្ឋអាមេរិក កាណាដា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយចំនួន​។ ទង្វើ​នេះ បានធ្វើ​ឧស្សាហកម្ម​កែច្នៃ​សំរាម​ជា​សាកល​តម្លៃ ២០០​ពាន់​លាន​ដុល្លារ​បិទទ្វារ ហើយ​បង្ក​ឲ្យ​ពិភពលោក​ទាំងមូល​ធ្លាក់​ចូលក្នុង​ភាពចលាចល ដោយសារ «​វិបត្តិ​សំរាម​»​។ 
 
​ហេតុអ្វី​បានជា​ប្រទេស​ចិន សម្រេចចិត្ត​បញ្ឈប់​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​?
 
​ស្ទើរតែ​ទីក្រុង​ចំនួន ៣០ នៅ​ជុំវិញ​ប្រទេស​ចិន ក្លាយជា​ទីតាំង​ចាក់សំរាម​ប្លា​ស្ទិ​ក ដែល​នាំចូល​ពី​បរទេស​។ នេះ​យោងតាម​របាយការណ៍រ​បស់​អង្គការ Plastic China ចុះផ្សាយ​ឆ្នាំ ២០១៦។ តាមរយៈ​ឯកសារ​នេះ ពលករ​ជនជាតិ​ចិន ដែលជា​អ្នកប្រមូល​សំរាម និង​គ្រួសារ​របស់​ពួកគេ បានធ្វើការ ក្រោម​លក្ខខណ្ឌ​ក្តៅ​ហួតហែង ជាមួយនឹង​ឥទ្ធិពល​អវិជ្ជមាន ដែល​បង្ក​ទៅជា​ជំងឺ និង​ផលប៉ះពាល់​ដល់​បរិស្ថាន​។ 
 
​ទោះជា​បែបនេះ​ក្តី វីដេអូ​ឯកសារ «Plastic China» ត្រូ​បាន​ហាមឃាត់​ដោយ​ក្នុងប្រទេស​ចិន​។ ប៉ុន្តែ គេ សង្ស័យថា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ទស្សនា​វីដេអូ​នេះ ហើយ​មានបំណង​ផ្លាស់ប្តូរ​ស្ថានការណ៍​នេះ ដែល​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ផែនការមេ​របស់លោក​ស៊ី ក្នុង​គោលដៅ​ប្រែក្លាយជា មហាអំណាច​សាកល ។​
 
​តើ​សំរាម​កែច្នៃ​ទាំងអស់នោះ ធ្លាក់​ទៅដល់​ទីណា​?
 
​គោលនយោបាយ​ថ្មី​របស់​ចិន អាច​ប្តូរ​ទីតាំង​សំរាម​ប្រមាណ ១១១​លាន​តោន​នៃ​សំណល់​ប្លា​ស្ទិ​ក ត្រឹម​ឆ្នាំ​២០៣០​។ នេះ​យោងតាម​ការសិក្សា​មួយ​របស់​អង្គការ Science Advances កាលពី​ឆ្នាំ ២០១៨ ។  
 
​ជាមួយនឹង​ការបិទទ្វារ​របស់​ចិន សំណល់​កែច្នៃ​មួយចំនួន ត្រូវបាន​ប្រទះឃើញ​ដឹក​ទៅកាន់​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ។ តាមរយ​ទិន្នន័យ​របស់​ទស្សនា​វ​ដ្តី Financial Times ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៨ ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក បាន​កើនឡើង​ចំនួន ៥៦​ភាគរយ ក្នុងប្រទេស​ឥណ្ឌូណេស៊ី​, ២​ដង​ក្នុងប្រទេស​វៀតណាម និង​កើ​ន​ឡើង ១៣៧០​ភាគរយ​ក្នុងប្រទេស​ថៃ​។ 
 
​បញ្ហា​ចម្បង​នោះ​គឺថា ប្រទេស​ទាំងអស់នេះ ពុំមាន​សមត្ថភាព​នឹង​ដោះស្រាយ​ជាមួយនឹង​បញ្ហា​នៃ​ការ​នាំចូល​សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយក៏​ពិចារណា​ចាត់វិធានការ​រឹតត្បិត​លើ​ការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក​ទាំងអស់​ផងដែរ​។ 


ប្រភពរូប៖ AFP
 
​យោងតាម​របាយការណ៍​មួយ​របស់​ធនាគារពិភពលោក ដែល​ចុះផ្សាយ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៨ ច្រើនជាង ៩០​ភាគរយ​នៃ​សំណល់​ក្នុងប្រទេស​មាន​ប្រាក់ចំណូល​ទាប ត្រូវបាន​បោះចោល​ក្នុង​ទីតាំង​ចាក់សំរាម ដែល​គ្មាន​ការចាត់ចែង​ត្រឹមត្រូវ ឬ​ដុត​កម្ទេចចោល​ដោយ​បើកចំហ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សុវត្ថិភាព និង​បរិស្ថាន​។ តាម​របាយការណ៍​ដដែល សំរាម​ត្រឹម ១០​ភាគរយ​ប៉ុណ្ណោះ ត្រូវបាន​យក​ទៅ​កែច្នៃ​ឡើងវិញ​។ ហើយ​ក្នុង​ករណីខ្លះ កើត​បញ្ហា​ជាច្រើន រួមមាន បង្ក​ជា​ជំងឺ​ដល់​ពលករ និង​អ្នក​ដែល​រស់នៅ​នៅ​ជុំវិញ​នោះ ព្រមទាំង​សម្លាប់សត្វ និង​រុក្ខជាតិ​ផងដែរ​។ 
 
​បញ្ហា​មួយ​ផ្សេងទៀត គឺថា អាស៊ី សព្វថ្ងៃនេះ គឺជា​ជម្រក​នៃ​ប្រទេស​ចំនួន​ប្រាំ ដែលជា​ប្រទេស​បោះចោល​សំរាម​ប្លា​ស្ទិ​ក​ទៅក្នុង​សមុទ្រ​ធំ​បំផុត​ក្នុង​ពិភពលោក រួមមាន ចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ​។​
 
​ម្យ៉ាងវិញទៀត យោងតាម​ការវិភាគរ​បស់​អង្គការ Greenpeace នៅ​ចន្លោះ​ខែមករា ដល់ ខែមិថុនា ឆ្នាំ ២០១៨ ប្រមាណ ៨១​ភាគរយ​នៃ​ការនាំចេញ​សំរាម​របស់​សហរដ្ឋអាមេរិក ត្រូវបាន​រកឃើញ​ដឹក​ទៅកាន់​តំបន់​អាស៊ី ។ ជា​ឧទាហរណ៍ ក្រុមហ៊ុន​កៃ​ច្នៃ​សំរាម​អាមេរិក បាន​លក់​សំរាម ១០១​តោន​នៃ​សំរាម​ប្លា​ស្ទិ​ក ក្នុងប្រទេស​ថៃ ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៨ ដែល​កើនឡើង ១៩៨៥​ភាគរយ​៕

Tag:
 ចិន​
  អាស៊ីអាគ្នេយ៍​
  សំណល់​ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com