កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt ចាក​ចេញពី Ajax ទៅដល់ Juventus ក្នុងតម្លៃ​៨៤​លាន​ដុល្លារ​
17, Jul 2019 , 11:19 am        
រូបភាព
​ខ្សែការពារ​ឆ្នើម Matthijs de Ligt និង​ជា​ប្រធាន​ក្រុម Ajax បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ហើយ​ដើម្បី​ចុះហត្ថលេខា​ផ្លាស់​ចូល Juventus ក្នុងតម្លៃ​ផ្ទេរ ៦៧,៥ លាន​ផោន (៨៤​លាន​ដុល្លារ​)​។​

 
​នៅ​វ័យ​១៩​ឆ្នាំ ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់​ទៅ Manchester United, Barcelona និង Paris-St Germain ផងដែរ បន្ទាប់ពី​លេចធ្លោ​ខ្លាំង​ដោយ​នាំ Ajax ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League កាលពី​រដូវ​កាល​មុន​។​
 
​ប៉ុន្តែ​យ៉ាងណា De Ligt នៅតែ​សម្រេច​ទៅ​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​អ៊ីតាលី Serie A ដែលជា​ក្រុម​មាន​សមាសភាព​កីឡាករ​ល្អៗ​ច្រើន​ដូចជា Cristiano Ronaldo ជាដើម ក៏ដូចជា​គ្រូបង្វឹក​ថ្មី​លោក Maurizio Sarri​។ បន្ទាប់ពី​ធ្វើដំណើរ​តាម​យន្តហោះ​ឯកជន​ទៅដល់​ក្លិប​រហស្សនាម​សេះបង្កង់ ខ្សែការពារ​កណ្តាល​ដ៏​រឹងមាំ​មួយ​នេះ ពោលថា​ខ្លួន​ពិតជា​សប្បាយរីករាយ​ណាស់​ដែល​បានមក​កាន់​ទីនេះ​។​
 
De Ligt ជា​អ្នករក​គ្រាប់​ជ័យជម្នះ​លើ Juventus ដើម្បី​បញ្ជូន Ajax ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អឺរ៉ុប ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដោយ​ចាញ់ Tottenham Hotspur​។​
 
​ប្រធាន​ក្រុម​វ័យក្មេង​ជាងគេ​រូបនេះ បានបង្ហាញ​ខ្លួន​លើកដំបូង​ជាមួយ​ក្រុម Ajax ឈុត​ធំ​នៅ​ឆ្នាំ ២០១៦ និង​ជួយ​ក្រុម​យក្ស​ហូ​ឡង់​ឈ្នះ​ពានរង្វាន់ Eredivisie រដូវ​កាល​មុន​។ De Ligt ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៧៧ សម្រាប់​ក្រុម​ដែល​រូបគេ​ចូលរួម​តាំងពី​អាយុ ៩ ឆ្នាំនេះ​។​
 
 
De Ligt ជា​កីឡា​ករទី​៤​ហើយ ដែល Juventus នាំចូល​សម្រាប់​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ពួកគេ​ទទួលបាន​កីឡាករ​៣​រូប​រួច​ហើយដោយ​គ្មាន​តម្លៃ​ផ្ទេរ​។ កីឡាករ​ទាំង​៣​នាក់​រួមមាន អ្នកចាំទី Gianluigi Buffon ដែល​ត្រឡប់​ពី PSG វិញ​ក្រោយ​ផ្លាស់​ពី​ទឹកដី​អ៊ីតាលី​មួយ​រដូវ​កាល​មុន​។ ខ្សែបម្រើ Adrien Rabiot ពី PSG ដូចគ្នា និង Aaron Ramsey ដែល​ទើប​ចាក​ចេញពី Arsenal នៅក្រោយ​បញ្ចប់​រដូវ​កាល​កន្លងទៅ​៕

Tag:
 Matthijs de Ligt
  Juventus
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com