ជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​៖ គ្រុនឈាម​ថមថយ​ហើយ តែ​មិនត្រូវ​ប្រហែស​ឡើយ​
17, Jul 2019 , 11:42 am        
រូបភាព
​សៀមរាប​៖ នៅ​ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា ដែល​បណ្ដាលឱ្យ​កុមារ​និង​មនុស្ស​ចាស់​ជិត​២​ម៉ឺន​នាក់​បាន​ឆ្លង​ជំងឺ​នេះ​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​មកដល់​ថ្ងៃនេះ ជំងឺគ្រុនឈាម នៅ​ទ្រឹង និង​មាន​តំបន់​ខ្លះ​រៀង​ថមថយ​ហើយ​ដែរ​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ប្រាប់ថា​មិនត្រូវ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​នេះឡើយ ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​។​

 
​លោក ម៉ម ប៊ុនហេង បាន​ចុះទៅពិនិត្យ​ស្ថានភាព​ជំងឺ​របស់​កុមារ​នៅក្នុង​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​គន្ធបុប្ផា​ខេត្តសៀមរាប ទាំង​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​១៦ កក្កដា ក្រោយពី​ជំងឺគ្រុនឈាម​មានការ​ផ្ទុះ​ខ្លាំង​គួរឱ្យ​បារម្ភ​។ ក្នុងចំណោម​កុមារ​ដែល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ គឺ​២០​ភាគរយ​ជា​អ្នកជំងឺ​គ្រុនឈាម​។​
 
​ប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ លោក​សាស្ដ្រាចារ្យ យ៉ៃ ចន្ទ​នា លើកឡើងថា នៅ​ព្រឹក​ថ្ងៃទី​១៦ កក្កដា មន្ទីរពេទ្យ​មាន​កុមារ​សម្រាក​ព្យាបាល​ជំងឺ​១៦៦៩​នាក់ ក្នុងនោះ​មាន​ជំងឺគ្រុនឈាម​៣៦៩​នាក់ (​ធ្ងន់​១០​ករណី​)​។ សរុប ក្នុងចំណោម​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ គឺ​២០​ភាគរយ​ជា​ជំងឺគ្រុនឈាម​។ តាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យ មិនមែន​មានតែ​ករណី​គ្រុន​ឈាន​ទេ ក្នុងនោះ​ក៏មាន​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែល​បណ្ដាលមកពី​អាកាសធាតុ​ប្រែប្រួល ដូចជា​ក្ដៅខ្លួន​ជាដើម​។​


 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អះអាងថា មកដល់ពេលនេះ​ជំងឺគ្រុនឈាម​ហាក់​ថមថយ​ខ្លះ​ហើយ​។ លោក​ពន្យល់ថា ការផ្ទុះ​ឡើង​នៃ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ​មិនមែន​មានតែ​កម្ពុជា​ទេ គឺ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ក្ដៅ ហើយ​បើ​ធៀប​នឹង​ប្រទេសជិតខាង​គឺ​កម្ពុ​ជាមាន​អត្រា​ស្លាប់​ទាប​។ «​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​គ្រុនឈាម​ប្រមាណ​២​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់ ២៥​នាក់​។ ទោះបី​មានការ​ថមថយ​ក៏ពិតមែន តែ​ខ្ញុំ​នៅតែ​បន្ដ​លើកទឹកចិត្ត​ឱ្យ​អប់រំ​ពលរដ្ឋ​បន្ថែម​អំពី​ការបំបាត់​ជំងឺ​នេះ កុំ​ធ្វេសប្រហែស កុំឱ្យ​ឈឺ​»​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​សុខាភិបាល ដោយ​បន្ថែមថា ការ​ថមថយ​នៃ​ជំងឺ​នេះ​ក៏​ដោយសារ​ការយកចិត្ត​ទុកដាក់ និង​ការប្រឹងប្រែង​របស់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ការផ្សព្វផ្សាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ 
 
​ជាមួយនឹង​ការ​ថមថយ​នៃ​អត្រា​ជំងឺគ្រុនឈាម​នេះហើយ លោក ម៉ម ប៊ុនហេង រំពឹងថា​វដ្ដ​រដូវ​នៃ​ជំងឺគ្រុនឈាម​អាច​នឹង​បញ្ចប់​នៅ​ពីរ​សប្ដាហ៍​ទៀត តែ​ថា​ការណ៍​នេះ​អាច​ប្រែប្រួល​ទៅតាម​អាកាសធាតុ​។ ជាមួយនឹង​ព័ត៌មាន​ដែលថា នៅតាម​មន្ទីរពេទ្យ​មួយចំនួន​មាន​កង្វះខាត​ថ្នាំពេទ្យ​នៅពេលដែល​ជំងឺគ្រុនឈាម​ផ្ទុះ​ខ្លាំង លោក​រដ្ឋមន្ត្រី​បកស្រាយ​ថា មិនមែនជា​រឿង​ពិត​ឡើយ ផ្ទុយទៅវិញ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ឬ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ មាន​ថ្នាំសង្កូវ​គ្រប់គ្រាន់​។​
 
​គួរ​បញ្ជាក់ថា ក្រៅពី​ចុះ​ពិនិត្យ​សុខភាព​កុមារ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ហើយ លោក ម៉ម ប៊ុនហេង ក៏បាន​ចុះទៅពិនិត្យ​ស្ថានភាព​អ្នកជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ​៕









Tag:
 ម៉ម ប៊ុនហេង​
  គ្រុនឈាម​
  សុខាភិបាល​
  មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧
  យ៉ៃ ចន្ទ​នា​
© រក្សាសិទ្ធិដោយ thmeythmey.com