ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប៧ឆ្នាំនៃការរួមដៃជាមួយលោក កឹម សុខា លោក សម រង្ស៊ី ប្រកាសបន្តការតស៊ូ
17, Jul 2019 , 2:02 pm        
រូបភាព
លោក សម រង្ស៊ី  និង លោក កឹម សុខា ចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីស្នាក់ការកណ្តាលនៃអតីតគណពក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីរួមកម្លាំងគ្នាប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និង ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ លោក សម រង្ស៊ី   និង លោក កឹម សុខា ក៏ទៅជួបគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានសម្រេចច្របាញ់គណបក្សទាំងពីរ ទៅជាគណបក្សតែមួយ គឺគណបក្សសង្គ្រោះជាតិ (រូបពី AFP)

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី និង លោក លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស បានណាត់ជួបគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានព្រមព្រៀងបង្រួបបង្រួមគ្នា ដោយបង្កើតគណបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ តែត្រូវបានតុលាការកំពូល រំលាយចោលការពីចុងឆ្នាំ២០១៧។

ក្នុងថ្ងៃគម្រប់ខួប៧ឆ្នាំនៃការបង្រួបបង្រួមនេះ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយពីបរទេស ក្នុងនាមជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។ លោក សរសេរក្នុងសេចក្តីថ្លែងការណ៍ថា ក្រោយការរួបរួមគ្នា អតីតគណបក្សសង្គ្រោះជាតិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។

មេដឹកនាំក្រុមប្រឆាំងរូបនេះ លើកឡើងដូច្នេះថា៖«ទោះជាត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរពីសំណាក់គណបក្សកាន់អំណាចយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ នៅតែបន្តដំណើរតស៊ូរបស់ខ្លួនឆ្ពោះទៅរកគោលដៅនៃការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និង ពីសំណាក់សហគមន៍អន្តរជាតិ»។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រិះគន់លោក សម រង្ស៊ី ថា មិនដែលគោរពរដ្ឋធម្មនុញ្ញកម្ពុជាឡើយ ហើយក៏មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដែរ។ លោក ចាត់ទុកថាជារឿងធម្មតា ចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថាគណបក្សប្រឆាំង រងការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាច។ លោក បញ្ជាក់ដូច្នេះថា៖«យើងដឹងហើយ ថាជីវិតរបស់គាត់តែប៉ុណ្ណឹង ដូច្នេះ ចង់គាត់ថាអី អាស្រ័យលើចរិតនយោបាយរបស់គាត់ទៅចុះ»។

តាមរយៈសេចក្តីថ្លែងការណ៍ លោក សម រង្ស៊ី បានអំពាវនាវឲ្យមជ្ឈដ្ឋាននានា ចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា និងឈានទៅរកការផ្លាស់ប្តូរ៕

Tag:
 CNRP
  សម រង្ស៊ី
  កឹម សុខា
  ឈឹម ផលវរុណ
© រក្សាសិទ្ធិដោយ thmeythmey.com