ជាតិ
សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​៖ «​បើ​ដឹងថា​ខ្លួន​ឈឺ​ហើយ​មិន​ខំ​ព្យាបាល នឹង​ជួប​គ្រោះថ្នាក់​រយៈពេល​វែង​»
17, Jul 2019 , 7:19 pm        
រូបភាព
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពពី The GNO forum on Cambodia)
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពពី The GNO forum on Cambodia)
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ថយចុះ​ពី ៧,១ ភាគរយ មក​ត្រឹម ៦,៥ ភាគរយ នា​ឆ្នាំ​២០២០ ខាងមុខនេះ​។ ក្នុងនោះ​វិស័យ​សំខាន់ៗ​មួយចំនួន​នៅមាន​កំណើន​ល្អ ប៉ុន្តែ​វិស័យ​កាត់ដេរ ដែលជា​វិស័យ​ស្នូល​នៃ​សេដ្ឋកិច្ច​នឹងមាន​កំណើន​យឺត ពី​៧,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩ មក​ត្រឹម ៣,៥ ភាគរយ ក្នុង​ឆ្នាំ​២០២០​។ វា​ជា​បញ្ហា​ប្រឈម ដែល​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

 
«​បើ​ដឹងថា​ខ្លួន​ឈឺ​ហើយ​មិន​ខំ​ព្យាបាល នឹង​ជួប​គ្រោះថ្នាក់​រយៈពេល​វែង ហើយ​(​អ្នក​)​ទាំងអស់គ្នា​គ្មាន​នរណា​គេច​រួច​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​បន្ថែមថា បញ្ហា​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២០​ខាងមុខ គឺ​បណ្ដាលមកពី​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ ដ្បិតមិន​និយាយ​ចំៗ​ក្តី ប៉ុន្តែ​លោក វ​ង្សី វិស្សុត បាន​អះអាងថា កត្តា​ខាង​ក្នុងនោះ គឺ​មកពី​កង្វះ​ការយកចិត្តទុកដាក់​កំណែទម្រង់​ឲ្យ​ដល់​កម្រិត ទើប​នាំ​ឲ្យ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ចំណែក​កត្តា​ខាងក្រៅ ដែល​លោក វិស្សុត យល់ឃើញ​វិញ​នោះ គឺ​មកពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច និង​ការប្រកួតប្រជែង​ផលិតផល​ស្ដង់ដារ​នៅក្នុង​ទីផ្សារ​ជាដើម​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​សភា​ដើម្បី​ឈ្វេងយល់​ពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​និយាយថា​៖«​អ្វី​ដែលជា​កត្តា​សំខាន់​មិនមែន​កត្តា​ពួក​ប្រឆាំង​ធ្វើបាប​យើង​នោះទេ កត្តា​ខ្លួន​យើង​នោះទេ បើ​យើង​គ្រប់គ្រង​សេដ្ឋកិច្ច​បានល្អ ធ្វើកំណែទម្រង់​បានល្អ បម្រើ​រាស្ត្រ​បានល្អ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ ។​ដូច្នេះ​កត្តា​សន្តិសុខ​ជាតិ​យើង​នេះ​មិន​ទាក់ទង​នឹង​ពួក​ប្រឆាំង​ប៉ុន្មាន​នោះទេ​។ បញ្ហា​ផ្ទៃក្នុង​របស់​យើង​គឺ​ដោយសារ EBA  ដែល​អាច​ជំរុញ​ឲ្យ​មាន​ហានិភ័យ​បន្ថែម​កាន់តែ​ខ្ពស់​។ ក្នុងករណី EBA នៅ ហើយ​យើង​កែទម្រង់​បាន​ដល់​កម្រិត EBA គឺ​វា​នឹង​ជួយ​សេដ្ឋកិច្ច​យើង​ឲ្យ​រស់​បាន​រយៈពេល​វែង ប៉ុន្តែ​បើ EBA មកហើយ​យើង​មិន​ធ្វើ​អ្វី ហើយ​នៅ​ដដែល​អ៊ីចឹង វា​នឹង​ប៉ះ​(​ដល់​សេដ្ឋកិច្ច​)​ប៉ះ​ច្រើន​»​។​
 
​ចំពោះ​កត្តា​ខាងក្នុង​នេះ​លោក វ​ង្សី វិស្សុត បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព​រយៈពេល​វែង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​នឹង​ជួបប្រទះ​នាពេល​ខាងមុខនេះ​។ បើតាម​លោក វិស្សុត បើសិន​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​នោះ កម្ពុជា​អាច​រក្សា​សេដ្ឋកិច្ច​បាន​ក្នុងរ​ង្វ​ង ៦,៥ ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ ប៉ុន្តែ​បើ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​ទេ សេដ្ឋកិច្ចកម្ពុជា អាច​នឹង​ទាប​ជាង​នេះ​។ 
 
«​យើង​ថា ៦,៥ ភាគរយ​! ខ្ញុំ​សូម​ជម្រាបជូន​ឯកឧត្តម​ថា មិនមែន​លេខ​(៦,៥​ភាគរយ​) ដែល​ស្រួល​រក​ទេ លេខ ៦,៥​នេះ ក្នុងករណី​ដែល​វិធានការ​ខាងក្រោម​នេះ​មាន​ប្រសិទ្ធភាព ដោយមាន​ថវិកា​សម្រាប់​ទ្រទ្រង់​គ្រប់គ្រាន់​ទៀត​។ ប្រសិន​វិធានការ​មិនមាន​ប្រសិទ្ធភាព​ទេ លេខ​៦,៥ នេះ​មិន​ទទួល​បានទេ សូម​និយាយ​ត្រង់​អ៊ីចឹង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​។​
 
​បច្ចុប្បន្ន​ប្រទេស​កម្ពុជារ​ស់បាន​ដោយ​វិស័យ​មួយចំនួន​ដូចជា វិស័យ​កាត់ដេរ​, សំណង់ និង​អចលនទ្រព្យ និង​ទេសចរណ៍​ជាដើម​។ ហើយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នានា មានដូចជា ភាពមិនប្រាកដប្រជា​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​, បញ្ហា​រចនាសម្ព័ន្ធ និង​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​ជាដើម​។ ចំណែក​វិស័យ​ដែល​រង​ផលប៉ះពាល់​ជាងគេ គឺ​វិស័យ​កាត់ដេរ ដែល​ទទួល​ឥទ្ធិពល​ខាងក្នុង និង ខាងក្រៅ​នាពេលខាងមុខ ដោយ​វិស័យនេះ ពឹងផ្អែក​ខ្លាំង​ទៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ​ង្សី វិស្សុត​។​
 
​ត្រង់ចំណុច​នេះ​លោក វិស្សុត បាន​សង្កត់ធ្ងន់ថា ដើម្បី​រក្សា​កំណើន​នៃ​វិស័យ​កាត់ដេរ​នេះ រដ្ឋាភិបាល​ត្រូវ​បន្ត​រក្សា​ទំនុកចិត្ត​អ្នកវិនិយោគ តាមរយៈ​កាត់​បន្ថយថ្លៃ​អគ្គីសនី និង​រក្សា​ស្ថេ​ភាព​, កាត់បន្ថយ​សេវា​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ។ ជាពិសេស​កំណែទម្រង់​ស្ថាប័ន ដើម្បី​លើកកម្ពស់​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ជាដើម​។​
 
«​ហើយ​រឿងនេះ​មិនអាច​ក្រសួង​ណាមួយ​អាចធ្វើ​តែម្នាក់ឯង​បានទេ ត្រូវ​ធ្វើជា​ប្រទេស ដោយ​ប្រើ​កម្លាំង​សរុប​ផ្គួប​គ្នា ធ្វើ​ឲ្យ​ស្រុះគ្នា ហើយ​ស្រុះគ្នា​កែ​បាន មិនមែន​ត្រឹមតែ​ដោះស្រាយ​រយៈពេល​ខ្លី​ត្រឹម ២ ឬ​៣ ឆ្នាំ​ទេ គឺអាច​ដោះស្រាយ ១០ ឬ ២០ ឆ្នាំ​ទៅមុខទៀត »​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​៕

Tag:
 វ​ង្សី វិស្សុត
  សេដ្ឋកិច្ច​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com