កីឡាជាតិ
ជាតិ
អត្តពលិក៥ប្រភេទកីឡាទៅប្រជែងជើងឯកសិស្សអាស៊ាន ដែលកម្ពុជាមិនបានមេដាយពីរឆ្នាំជាប់គ្នា រូបភាពទាំងអស់ពីអគ្គនាយកដ្ឋានកីឡា
× អត្តពលិកវ័យក្មេងកម្ពុជាចំនួន៥ប្រភេទកីឡា បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៧ កក្កដានេះ ដើម្បីចូលរួមប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១១ ASEAN School Games 2019 នៅប្រទេសឥណ្ឌូណេស៊ី។ កម្ពុជាធ្លាប់ចូលរួមព្រឹត្តិការណ៍នេះ ៣លើករួចមកហើយ ហើយធ្លាប់ទទួលបានមេដាយទៀតផង។
កម្ពុជាបញ្ជូនអត្តពលិក៥ប្រភេទកីឡា រួមមានហែលទឹក អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងវាយកូនបាល់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍សិស្សអាស៊ីអាគ្នេយ៍ ដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ី ចន្លោះពីថ្ងៃទី១៧-២៥ កក្កដា ឆ្នាំ២០១៩។ នេះជាលើកទី៤ហើយ ដែលកម្ពុជាបញ្ជូនអត្តពលិកឲ្យចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ ខណៈចូលរួម៣លើកកន្លងមកកម្ពុជាធ្លាប់ទទួលបានមេដាយសំរឹទ្ធ១លើវិញ្ញាសាវាយកូនឃ្លីលើតុ ពេលចូលរួមលើកដំបូងនៅប្រទេសថៃ។ បន្ទាប់ពីនោះកម្ពុជាមិនធ្លាប់ទទួលបានមេដាយនោះឡើយពីការចូលរួមពីរលើកចុងក្រោយ។
អត្តពលិក គ្រូបង្វឹក និងប្រតិភូកម្ពុជាសរុបចំនួន៥៦រូបបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ អត្តពលិកកម្ពុជាអាយុក្រោម១៨ឆ្នាំទាំងនេះ ត្រូវប្រកួតប្រជែងជាមួយអត្តពលិកមកពី៩ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានរួមមានម្ចាស់ផ្ទះឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឡាវ ព្រុយណេ និងមីយ៉ាន់ម៉ា។
ការប្រកួតដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៧-២៥ ខែកក្កដានេះ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានដាក់កីឡា៩ប្រភេទឲ្យប្រកួតប្រជែងរួមមានអត្តពលិកម្ម វាយសី បាល់បោះ សីដក់ ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ បាល់ទះ និងកីឡាក្បាច់គុនប្រពៃណីរបស់ឥណ្ឌូនេស៊ី Pencak Silat។
កម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដំបូងនៅឆ្នាំ២០១៦ ដែលរៀបចំនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ខណៈព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមប្រឹក្សាកីឡាសិស្សអាស៊ានមួយនេះ បានរៀបចំលើកទី១នៅឆ្នាំ២០០៩ ដែលថៃធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com