ជាតិ
កុងតឺន័រសំរាមទាំង៨៣ទូមានប្រភពពីអាមេរិក និងកាណាដា សរុប១៦០០តោន
× តាមទិន្នន័យបឋម កុងតឺន័រ៨៣ទូ នៅផែព្រះសីហនុ ដែលសមត្ថកិច្ចរកឃើញផ្ទុកសំណល់ប្លាស្ទិកនោះ មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ដែលមានទម្ងន់ប្រមាណ១,៦០០តោន។ នេះបើតាមរបាយការណ៍ដែលផ្តល់ដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
អ្នកនាំពាក្យបានបញ្ជាក់ថា ការលួចនាំចូលទំនិញហាមឃាត់សំណល់ប្លាស្ទិក ត្រូវបានគេក្លែងឈ្មោះទំនិញ ដោយដាក់ថា ជា«ផលិតផលសម្រាប់កែច្នៃឡើងវិញ»ដោយមិនបានបញ្ជាក់ថាជា«សំណល់ប្លាស្ទិក»ឡើយ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ បន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការនាំចូលសំណល់ប្លាស្ទិក ដែលជាទំនិញត្រូវហាមឃាត់នេះ មកកាន់ប្រទេសកម្ពុជា។ សមត្ថកិច្ច ក៏បាននិងកំពុងស៊ើបអង្កេត ស្វែងរកក្រុមហ៊ុនដែលលួចនាំចូលសំណល់ប្លាស្ទិកនេះដែរ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ សមត្ថកិច្ច កំពុងរៀបចំដំណើរការនីតិវិធី កំណត់ថាទំនិញហាមឃាត់ទាំងនេះ មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន៕
Tag:
សំរាម
សំណល់ប្លាស្ទិច
© រក្សាសិទ្ធិដោយ thmeythmey.com