ជាតិ
សង្គមជាតិ
ឆមាស​ទី​១​នេះ ករណី​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​
17, Jul 2019 , 5:02 pm        
រូបភាព
វត្ត​មាន​​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក​ ក្នុង​កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ​២០១៩ (2)
វត្ត​មាន​​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក​ ក្នុង​កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ​២០១៩ (2)
ដោយ:
​ភ្នំពេញ​៖ នា​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃទី​១៧ ខែកក្កដា​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​របាយការណ៍​ឲ្យ​ដឹង ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​កើនឡើង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​

 
​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន នា​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន​ចំនួន​៥២៨​លើក (​ស្មើ​៣៣​ភាគរយ​) ចំនួន​អ្នកស្លាប់​កើនឡើង​១០៣​នាក់ (​ស្មើ​១១​ភាគរយ​) និង​អ្នករបួស​កើនឡើង​៨២៥​នាក់ (​ស្មើ​៣៤​ភាគរយ​)​។​
 
​របាយការណ៍​បានលើកឡើង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​គឺ​បណ្តាលមកពី កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​កាន់តែ​ចង្អៀត ដោយ​តម្រូវការ​ដឹកជញ្ជូន​ក៏មាន​ការកើនឡើង និង​កង្វះ​ការគ្រប់គ្រង​ទ្រូងផ្លូវ និង​ចិញ្ចើម ការបំពាក់​បរិក្ខា​សុវត្ថិ​ភាពមិន​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​មានការ​កកស្ទះ និង​មាន​គ្រោះថ្នាក់​។ 
 
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា កង្វះ​គុណភាព​អ្នកបើកបរ និង​គុណភាព​នៃ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ការគ្រប់គ្រង​យានដ្ឋាន​ជួសជុល កែច្នៃ ដំឡើង​យានយន្ត មិនទាន់មាន​គុណភាព​ខាង​បច្ចេកទេស ក៏​ជាហេតុ​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ផងដែរ​។  
 
​ជាទូទៅ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារតែ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដោយ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ វ៉ា​ជែង​ប្រថុយប្រថាន បត់​មិន​ប្រុងប្រយ័ត្ន បើកបរ​ទាំង​ស្រ​វឺ​ង និង​ងងុយ​។ 
 
​បើតាម​របាយការណ៍​ដ​ដែល គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​នៅ​រាជធានី​ភ្នំពេញ​មាន​ដល់​ទៅ​៧២​ភាគរយ ដោយ​អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែលមាន​រហូតដល់ ៧៦​ភាគរយ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៧៩​ភាគរយ​។ គេ​សង្កេតឃើញថា អ្នកបង្ក​គ្រោះថ្នាក់ គឺជា​អ្នកបើកបរ​ម៉ូតូ​ចំនួន​៥០​ភាគរយ អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ចំនួន ៣០​ភាគរយ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ចំនួន​២០​ភាគរយ​។ 
 
​នា​ថ្ងៃទី​១៣ ខែកក្កដា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​វិធានការ​ច្បាប់​ចរាចរណ៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​អ្នក​ពាក់មួក​សុវត្ថិភាព ដោយ​លោក​ព្រមាន​ថា បើ​អ្នកជិះ​ម៉ូតូ ហើយ​មិន​ពាក់មួក គឺ​ប៉ូលិស​មាន​ភារកិច្ច​ឃាត់​អ្នក​មិន​ឲ្យ​ធ្វើដំណើរ​តទៅទៀត និង​សូម​ឲ្យ​អ្នកបើកបរ​រក​មួកសុវត្ថិភាព​មក​ពាក់ ឬ​តម្រូវ​ឲ្យ​ទិញ​មួកសុវត្ថិភាព​មក​ពាក់ បាន​ឲ្យ​បន្តដំណើរ​ទៀត​។ បើ​ករណី​អ្នកបើកបរ​អត់​មាន​លុយ សមត្ថកិច្ច​នឹង​ឲ្យ​ធ្វើ​កិច្ចសន្យា​ពាក់មួក ថតរូប​ទុក​ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ​៕ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com