ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថា មានជនអន្តោប្រវេសន៍ជាង១០ ម៉ឺននាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ។ តួលេខនេះ ត្រូវបានបង្ហាញដោយ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាថ្ងៃទី១៧ ខែកក្កដានេះ។
របាយការណ៍ ពីគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ថិតិអ្នកសា្នក់នៅយូរគ្មានឯកសារ មានចំនួន ២៩,៣៨៥គ្រួសារ ដែលមានមនុស្សសរុប ១០៩,២៧៦ នាក់ ក្នុងនោះស្រី៤៦,៦០០នាក់។
ក្នុងរយៈពេល៥ខែ នៅឆ្នាំ២០១៩ នេះ អាជ្ញាធរបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន ២០,២១៨ គ្រួសារ ចំនួនមនុស្ស ៧៣,៣៩៧ នាក់ នៅក្នុងនោះ មានស្រី៣៩,៨៨៨នាក់។
ចំពោះឯកសារខុសប្រក្រតី ដែលអាជ្ញាធរដកហូតរួមមាន ៣៩,៤១៨ច្បាប់ ដោយក្នុងនោះជាសៀវភៅស្នាក់នៅ ចំនួន ១៩,៥៨០ ច្បាប់ សៀវភៅគ្រួសារ ចំនួន ២,១៧៧ច្បាប់ សំបុត្របញ្ជាក់កំណើតខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើតខ្មែរ ចំនូន១១,៣៣៦ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៦,៧២២ច្បាប់ និងលិខិតឆ្លងដែនខ្មែរ ចំនួន៣៦២ច្បាប់។
របាយការណ៍ដដែលបានបង្ហាញថា ជនអន្តោប្រវេសន៍ ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍មានចំនួន ៣២,៧៣៥ គ្រួសារ ដែលមានមនុស្សសរុប ១០៣,៣៦៦ នាក់ ក្នុងនោះស្រី៥០,០៨៤នាក់។ ជនបរទេសទាំងនេះ មាន១១សញ្ជាតិ ដោយក្នុងនោះមានជនជាតិវៀតណាម ច្រើនជាងគេ។ ចំណែកជនបរទេស ដែលបានដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ មានចំនួន ៦២,៥៣១នាក់ ក្នុងនោះស្រី ៣០,១៣៩ នាក់៕