ជាតិ
សង្គមជាតិ
មន្ត្រី៖ ជនជាតិចិន ដែលយកលុយគ្មានប្រភពច្បាស់លាស់មកកម្ពុជា ថាដើម្បីទិញដី
× ជនបរទេស ដែលយកលុយគ្មានប្រភពច្បាស់លាស់ ចូលមកកម្ពុជា បានសារភាពថា ពួកគេយកលុយទាំងនោះមកដើម្បីវិនិយោគលើអចលនទ្រព្យ។ នេះបើតាមការលើកឡើងរបស់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
អគ្គនាយកផ្នែកអន្តោប្រវេសន៍រូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង៩នាក់ (ចិន៧នាក់ និងកូរ៉េខាងត្បូង២ នាក់) ដែលអាជ្ញាធរបានឃាត់ខ្លួននាពេលកន្លងមកនេះ បានសារភាពថា យកលុយទាំងនោះមកវិនិយោគនៅកម្ពុជា តាមរយៈការទិញដី, ទិញអចលនទ្រព្យ និងវិនិយោគផ្សេងៗទៀត។ ប៉ុន្តែជនជាតិកូរ៉េខាងត្បូង ២នាក់ថា ពួកគេ ស៊ីឈ្នួលឲ្យជនជាតិចិន។
លោក គៀត ច័ន្ទថារិទ្ធ បន្តថា ជនសង្ស័យទាំងនេះ អះអាងថាលុយទាំងនោះជាលុយឈ្នះល្បែងមកពីម៉ាកាវ ប្រទេសចិន។ ប៉ុន្តែនៅពេលសមត្ថកិច្ចសួររកវិក្កយបត្របញ្ជាក់ ពួកគេថាមិនមាន ដូច្នេះសមត្ថកិច្ចបានសនិ្នដ្ឋានជាជំហានដំបូងថាជាលុយខុសច្បាប់។ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមជាមួយសមត្ថកិច្ចចិននាពេលបច្ចុប្បន្ននេះ។
បើតាមសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លុយដែលចាប់បានមានចំនួនជាង៧លាន៤សែនដុល្លារហើយ។ លុយទាំងនោះ ត្រូវរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវរកប្រភពដើម ថាត្រឹមត្រូវឬមិនត្រឹមត្រូវ៕
Tag:
លុយខុសច្បាប់
លោក គៀត ច័ន្ទថារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com