ជាតិ
ភាពមិនច្បាស់លាស់​រប​ស់ EBA នាំ​ឲ្យ​ថៅកែ​រោងចក្រ​ផ្អាក​ការចរចា​រឿង​ប្រាក់​ឈ្នួល​សមរម្យ​
19, Jul 2019 , 8:09 am        
រូបភាព
រូបភាព​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
ដោយ: VOA
​លោក ខេន លូ បញ្ជាក់ថា ក្នុងករណី​ដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ភាគី​រោងចក្រ​កាត់ដេរ​នឹងមាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោងចក្រ​។​

 
​ស្រប​ពេលដែល​ដំណើរការ​ពិនិត្យ​លើ​ការដក​គម្រោង​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ (EBA)​ពី​សហភាព​អឺរ៉ុប​កំពុងតែ​ប្រព្រឹត្ត​ទៅមុខ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បាន​ព្យួរ​ការចរចា​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​រោងចក្រ​។ អ្នកទទួលខុសត្រូវ​ម្នាក់​របស់ GMAC ពន្យល់ថា ក្រុម​ថៅកែ​រោងចក្រ​ត្រូវ​រង់ចាំ​ឲ្យ​ប្រាកដ​អំពី​បញ្ហា EBA នេះ​ជាមុនសិន​។​
 
​គម្រោង​ព្យួរ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ពន្យារ​ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​
 
​ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​គឺជា​ការចរចា​ដើម្បី​ស្វែងរក​លទ្ធភាព​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុមកម្មករ​រោងចក្រ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។ ការចរចា​អំពី​អនុសញ្ញា​រួម​ថ្នាក់​វិស័យនេះ រួមមាន​ភាគី​រដ្ឋាភិបាល ភាគី​សហជីព​និង​ភាគី​សមាគម​រោងចក្រ​កាត់ដេរ (GMAC)​។​
 
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែលជា​ភាគី​ចរចា​ម្នាក់​ក្នុង​នោះបាន​ឲ្យ​ដឹងថា ក្រុម​ចរចា​មាន​គម្រោង​ស្នើសុំ​ការដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​បន្ថែមចំនួន​៣០​ដុល្លារ​ក្នុង​មួយខែ បន្ថែម​ពីលើ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ពួកគេ​កំពុង​ទទួលបាន​ក្នុងពេល​បច្ចុប្បន្ន​។ កម្មករ កម្មការិនី​រោងចក្រ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៨២​ដុល្លារ​ក្នុង​មួយខែ​។​
 
​កាលពី​ខែកុម្ភៈ និង​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​សហជីព​ចរចា​អនុសញ្ញា​រួម​ថ្នាក់​វិស័យ ដែល​រួមមាន​ភាគី​សហជីព​និង​តំណាង​ក្រសួង​ការងារ បានស្នើ​សុំ​ចរចា​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​នេះ​។ ប៉ុន្តែ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ពន្យា​ការចរចា​ទាំងពីរ​លើក​នេះ​មកទល់ពេលនេះ​។​
 
​ក្នុង​លិខិត​មួយ​ឆ្លើយតប​ទៅនឹង​ក្រុមប្រឹក្សា​សហជីព​កាលពី​ថ្ងៃទី ១៥ ខែ កក្កដា លោក ខេន លូ អគ្គលេខាធិការ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ពន្យល់ថា ដោយសារ​ភាពមិនច្បាស់លាស់​អំពី​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ដកហូត​ការអនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា ឬ EBA សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិនមាន​ជំហរ​ណាមួយ​ដើម្បី​ធ្វើការ​ចរចា​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ឡើយ​។​
 
​ឆ្លើយតប​នឹង​សំណួរ​របស់ VOA នៅ​ថ្ងៃ​ពុធ​នេះ លោក ខេន លូ បាន​ពន្យល់ថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ត្រូវ​រង់ចាំ​ថា តើ​សហភាព​អឺរ៉ុប​ត្រូវ​ដកហូត​ឬ​មិន​ដកហូត​ការអនុគ្រោះ​ពន្ធ​EBA ពី​ប្រទេស​កម្ពុជា​។​
 
​លោក​បញ្ជាក់ថា ក្នុងករណី​ដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ភាគី​រោងចក្រ​កាត់ដេរ​នឹងមាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោងចក្រ​។ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​មិន​បាត់បង់ EBA ទេនោះ ក្រុម​ថៅកែ​រោងចក្រ​នឹងមាន​លទ្ធភាព​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​ច្រើន​ដល់ក​ម្មករ​រោងចក្រ​។​
 
​លោក ខេន លូ បន្ថែមថា ដូច្នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ត្រូវតែ​រង់ចាំ​មើល​លទ្ធផល​ចុងក្រោយ​របស់ EBA​។​
 
«​ពេលដែល​យើង​ជួប​បញ្ហា EBA យើង​អត់​ដឹង​ច្បាស់​ថា លទ្ធភាព​និយោជក​មាន​ប៉ុន្មាន ដល់​ត្រឹមណា ដូច្នេះ​ពេលដែល​យើង​ដឹង​ពី​លទ្ធភាព​ខ្លួនឯង​មិន​ច្បាស់ យើង​មិនអាច​ចូលរួម​ចរចា​ទេ​។​»
 
​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ដែល​អាច​នឹង​ឈានទៅដល់​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ពី​ប្រទេស​កម្ពុជា ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។​
 
​យោងតាម​ការវាយតម្លៃ​របស់​ធនាគារពិភពលោក​កាលពី​ខែឧសភា កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​យ៉ាងហោចណាស់​ចន្លោះ​ពី ៥០០​ទៅ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការអនុគ្រោះ​ពន្ធ (EBA) ដល់​កម្ពុជា​នោះ​។​
 
​យោងទៅតាម​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ការចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យនេះ​ធ្វើឡើង​ដោយមាន​ការគាំទ្រ​ពី​សហគម​អន្តរជាតិ​និង​ក្រុម​អ្នកបញ្ជា​ទិញ​។​
 
​លោក អាត់ ធន់ អះអាងថា ការផ្តល់ប្រាក់​ឈ្នួល​សមរម្យ​តាមរយៈ​អនុសញ្ញា​រួម​នេះ​នឹង​ជួយ​រួមចំណែក​ជា​វិជ្ជមាន​ដល់​ស្ថិរភាព EBA​។​
 
«​ហើយ​បើ​យើង​ចរចា​អនុសញ្ញា​រួម​នេះ​បាន​មានន័យថា វា​ផ្តល់​ផលប្រយោជន៍ ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​ដល់ក​ម្មករ​។ អញ្ចឹង​បើ​យើង​មាន​កិច្ចព្រមព្រៀង​នេះ ខ្ញុំ​គិតថា វា​ធ្វើ​ឲ្យ​មាន​ស្ថិរភាព EBA ច្រើនជាង​យើង​អត់​មាន​អនុសញ្ញា​រួម​ហ្នឹង​»​។​
 
​ឧស្សាហកម្ម​សម្លៀកបំពាក់​កាត់ដេរ​និង​ស្បែកជើង​គឺជា វិស័យ​នាំចេញ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៨ ការនាំ​ចេញពី​វិស័យនេះ​បាន​កើន​ដល់​១០ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​កម្មករ​កម្ពុជា​កំពុង​បម្រើការ​ចំនួន​៨០​ម៉ឺន​នាក់​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com