កីឡាអន្តរជាតិ
អន្តរជាតិ
Trippier ជា​កីឡាករ​អង់គ្លេស​ដំបូង​របស់ Atletico Madrid នាពេល​៩៥​ឆ្នាំ​ចុងក្រោយ​
18, Jul 2019 , 11:41 am        
រូបភាព
Atletico Madrid ចំណាយ​២៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញយក​ខ្សែការពារ Kieran Trippier ពី Tottenham Hotspur​។ Trippier ជា​កីឡាករ​អង់គ្លេស​ទី​១​ដែល​ក្លាយជា​សមាជិក​របស់ AT-Madrid ក្នុង​រយៈពេល​៩៥​ឆ្នាំ​ចុងក្រោយ​។​

 
​វត្តមាន​របស់ Kieran Trippier នៅ Atletico Madrid នាំ​ឲ្យ​គេ​ក្លាយជា​កីឡាករ​អង់គ្លេស​ទី​២០ ដែល​ចូលរួម​ក្នុង​ក្លិប​កំពូល​អេ​ស្ប៉ា​ញ បើ​គិត​ចាប់តាំងពី​ក្រោយ​សង្គ្រាម​អេ​ស្ប៉ា​ញ (Spanish Civil War) ចន្លោះ​ពី​ឆ្នាំ​១៩៣៦ ដល់​ឆ្នាំ​១៩៣៩ ពោលគឺ​បន្ទាប់ពី David Beckham (Real Madrid) Gary Lineker (Barcelona) Michael Owen (Real Madrid) ជាដើម​។​
 
​នៅ Atletico Madrid ខ្សែបម្រើ Trippier ក្លាយជា​កីឡាករ​អង់គ្លេស​ដំបូង​ក្នុង​រយៈពេល​៩៥​ឆ្នាំ​ចុ​ក្រោយ ពោលគឺ​បន្ទាប់ពី​ខ្សែប្រយុទ្ធ Drinkwater​។ សារព័ត៌មាន​អន្តរជាតិ​មិនសូវមាន​ព័ត៌មាន​ពិស្តារ​ពី Drinkwater ឡើយ ដោយ​គ្រាន់តែ​ដឹងថា រដូវ​កាល​១៩២៣-២៤ គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១០​គ្រាប់ នា​ការ​បង្ហាញខ្លួន​៣​ប្រកួត​។​


 
​ខ្សែការពារ​ស្លាប​ស្តាំ វ័យ​២៨​ឆ្នាំ ដែល​ផ្លាស់​ពី Burnley ទៅ​ចូលរួម​ជាមួយ Spurs កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ដោយ​បង្ហាញខ្លួន​លើសពី​១០០​ប្រកួត​នោះ បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សម្រាប់​ក្លិប​នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga នេះ​ចំនួន​៣​ឆ្នាំ ពោលគឺ​រហូតដល់​ឆ្នាំ​២០២២​។​
 
​វត្តមាន​របស់​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Trippier  បាន​ក្លាយជា​ខ្សែការពារ​ទី​៣​ហើយ​ដែល Atletico នាំចូល​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។ អ្នកចាត់ការ​ទូទៅ​លោក Diego Simeone បាន​នាំយក​ខ្សែការពារ​កណ្តាល Felipe ពី​ក្លិប Porto និង​ខ្សែការពារ​ឆ្វេង Renan Lodi ពី Athletico Paranaense ខណៈ​ខ្សែការពារ Diego Luciano ត្រូវបាន​ផ្លាស់​ចេញទៅ Inter Milan ។​
 
AT-Madrid ក៏បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​រួចហើយ​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Joao Felix ពី Benfica ក្នុងតម្លៃ​ខ្លួន ១៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជំនួស Antoine Griezmann ដែល​ផ្លាស់​ទៅ Barcelona​។ ក្រៅពីនេះ ខ្សែបម្រើ Marcos Llorente ក៏ត្រូវ​បាន AT-Madrid ទិញ​ពី Real Madrid ក្នុង​តំលៃ​ប្រហែល ៤៥ លាន​ដុល្លារ​អាមេរិក​ផងដែរ​។ 
 
​ការមកដល់​របស់ Trippier បាន​នាំ​ឲ្យ AT-Madrid ចំណាយ​សរុប​អស់ ២១១​លាន​ដុល្លារ​អាមេរិក​រួចហើយ ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១ សម្រាប់​រដូវ​កាល ២០១៩-២០​នេះ នៅ​មិនទាន់​បិទទ្វារ​នៅឡើយ​៕

Tag:
 Tottenham Hotspur
  Kieran Trippier
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com