កីឡាជាតិ
ជាតិ
អាន ស៊ី​ណែ​ត មិន​នឹកស្មាន​ជាប់​ជា​កីឡាការិនី​ឆ្នើម ក្រោយ​រួមចំណែក​ជួយ​ឲ្យ​ក្រុម​ទទួលបាន​មេដាយប្រាក់​
18, Jul 2019 , 8:19 pm        
រូបភាព
ក្រុមកីឡាការិនីបាល់បោះជិះរទេះថតជុំគ្នា និងពានលេខ២នារី និងលេខ៣បុរស
ក្រុមកីឡាការិនីបាល់បោះជិះរទេះថតជុំគ្នា និងពានលេខ២នារី និងលេខ៣បុរស
ដោយ:
​កីឡាការិនី​បាល់បោះ​ជិះរទេះ​ជនពិការ អាន ស៊ី​ណែ​ត ទទួល​ពានរង្វាន់​កីឡាការិនី​លេង​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​ជិះរទេះ​ជនពិការ​ដណ្តើម​ពានរង្វាន់ Bali Cup International Wheelchair Basketball ២០១៩ ដែល​រៀបចំ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​។ ស៊ី​ណែ​ត បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​បាល់បោះ​ជិះរទេះ​នារី ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់ ខណៈ​ក្រុម​បុរស​ទទួលបាន​មេដាយ​សំរឹទ្ធ​។​

 
​កីឡាការិនី អាន ស៊ី​ណែ​ត ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​វាយ​តម្លៃ​ឲ្យ​ជាប់​ជា​កីឡាការិនី​លេង​ល្អ​ជាងគេ​ប្រចាំការ​ប្រកួត​បាល់បោះ​ជិះរទេះ​ជនពិការ Bali Cup ប្រចាំឆ្នាំ​២០១៩ ដែលមាន​ក្រុម​មកពី​៥​ប្រទេស​ចូលរួម​។ ស៊ី​ណែ​ត រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ហើយ​មិន​នឹកស្មានថា ខ្លួន​អាច​ទទួលបាន​ពានរង្វាន់​កីឡាការិនី​ឆ្នើម​ប្រចាំ​ការប្រកួត​នេះឡើយ​។ 


 
​សម្រាប់ ស៊ី​ណែ​ត ពានរង្វាន់​កីឡាការិនី​លេង​ល្អ​ជាងគេ​នេះ មិនមែន​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង​តែម្នាក់ឯង​នោះទេ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ទាំងមូល​។ «​ការទទួលបាន​លទ្ធផល​ល្អ​បែបនេះ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សមាជិក​ក្រុម​ទាំងអស់គ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​លេង​បានល្អ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយ​មិន​នឹកស្មានថា ខ្លួន​អាច​លេង​បាន​ល្អេ​ជាងគេ​»​។ ស៊ី​ណែ​ត និយាយ​បែបនេះ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
 
​ក្រៅពី​ពាន​ផ្ទាល់ខ្លួន កីឡាការិនី​រូបនេះ​បានរួម​ចំណែក​ជួយ​ក្រុម​បាល់បោះ​ជិះរទេះ​នារី​កម្ពុជា​ទទួល​បាន​មេដាយប្រាក់​លើ​វិញ្ញាសា​៣​ទល់​៣​នាក់ បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុមកីឡា​ការិនី​បារាំង ៩-៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​បាលី​ទទួលបាន​មេដាយ​សំរឹទ្ធ​ក្រោយ​យកឈ្នះ​ក្រុម​ហ្សា​ការ​តា​ក្នុង​លទ្ធផល ៤-០​។ ជាមួយគ្នានេះ​កីឡាការិនី សាន រដ្ឋា ទទួលបាន​មេដាយ​អ្នកលេង​ល្អ​ជាងគេ ក្នុង​ប្រភេទ​ពិការ​កម្រិតធ្ងន់​ជាងគេ​។     


 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក អ្នកស្រី សុង សុខលាភ ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​បាល់បោះ​ជិះរទេះ​នារី​បាន​បញ្ជាក់ថា ក្រៅពី​មេដាយប្រាក់ និង​ពាន​ផ្ទាល់ខ្លួន​របស់​កីឡាការិនី ក្រុម​បាល់បោះ​នារី​កម្ពុជា​ទទួលបាន​ប​ទ​ពិសោធ​ល្អៗ​ពី​ការ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ តាមរយៈ​បទពិសោធ​នេះ អ្នកស្រី​ជឿជាក់ថា ក្រុមកីឡា​ការិនី​បាល់បោះ​ជិះរទេះ​កម្ពុជា នឹង​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។​
 
​ទន្ទឹមនឹង​ភាពជោគជ័យ ក៏មាន​បញ្ហា​ប្រឈម​កើតឡើង​សម្រាប់​កម្ពុជា​ផងដែរ ដោយ​កីឡាការិនី សាន រដ្ឋា បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រទេះ​ក្នុងអំឡុងពេល​ប្រកួត​ក្រោយ​ប៉ះទង្គិច​ជាមួយ​ក្រុម​សិង្ហ​បុរី ពេល​នាង​លេង​ជាមួយ​ក្រុម​បុរស​ក្នុង​វិញ្ញាសា​ចម្រុះ​។ ការប៉ះទង្គិច​នេះ បានធ្វើ​ឲ្យ រដ្ឋា រង​ការឈឺចាប់​យ៉ាងខ្លាំង រហូត​ស្រែក​ទ្រហោយំ​នៅលើ​ទីលាន​ប្រកួត​តែម្តង​។ ប៉ុន្តែ​ក្រោយ​ការជួយ​សង្គ្រោះ​ពី​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បានធ្វើ​ឲ្យ​ស្ថានភាព​របួស​របស់​នាង មាន​ភាពល្អ​ប្រសើរឡើង​វិញ​។ 


 
​សុខ​លាប បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​យ៉ាង​ដូច្នេះ​ថា​៖«​កីឡាការិនី សន រដ្ឋា បាន​ជួប​ឧបទ្ទវហេតុ​ពេល​គាត់​ព្យាយាម​ទៅ​សង្គ្រោះ​បាល់ ហើយ​ត្រូវ​ក្រុម​សិង្ហ​បុរី​បុក​ដោយ​អ​ចេតនា​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ រដ្ឋា ផ្កាប់​រទេះ​យ៉ាងខ្លាំង​ពេញ​មួយ​ទំហឹង​តែម្តង​។ ពេលនោះ​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​ខ្លាំង​មែនទែន​នៅលើ​ទីលាន ហើយ​ស្រែក​ទ្រហោយំ​តែម្តង ធ្វើ​ឲ្យ​យើង​ភ័យ​គ្រប់គ្នា​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​យំ​តាម​គាត់​រហូត​តែម្តង​»​។  
 
​ជាមួយគ្នានេះ​ក្រុម​បាល់បោះ​ជិះរទេះ​ផ្នែក​បុរស ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ចំណែក​កីឡាករ សែម គឹម​សួរ ត្រូវបាន​គណៈកម្មការ សម្រេច​ផ្តល់​មេដាយ​តំណាង​ឲ្យ​កីឡាករ​លេង​ល្អ​ជាងគេ​។ ប្រតិភូ​កីឡា​កម្ពុជា​នាំយក​ពាន និង​មេដាយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ និង​១៧ ខែកក្កដា ដោយ​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​អា​កាយ​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕ 

Tag:
 បាល់បោះ​ជិះរទេះ​ជនពិការ​
  អាន ស៊ី​ណែ​ត​
  Bali Cup
© រក្សាសិទ្ធិដោយ thmeythmey.com